​ប្រទេស​កូរ៉េខាងត្បូង​ នា​ថ្ងៃ​ពុធ​ទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០២៣ ​នេះ បាន​ផ្អាក​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​ ២០១៨ ជាមួយ​កូរ៉េខាងជើង បន្ទាប់ពី​ក្រុង​ព្យុង​យ៉ាង​ផ្គើន​នឹង​ការព្រមាន​ពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ហើយ​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ជា​លើក​ទី​ ៣ ​របស់ខ្លួន​។​

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Han Ducksoo បានរៀបចំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា រដ្ឋាភិបាល​កំពុង​ឆ្ពោះទៅមុខ​ដើម្បី​ព្យួរ​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​។​

​ចំណែកឯ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យ៉​ល ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចក្រភព​អង់គ្លេស បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ជាមួយ​រដ្ឋមន្ត្រី​មួយចំនួន និង​ប្រធាន​ចារកិច្ច​ជាតិ តាមរយៈ​តំណ​ភ្ជាប់​វីដេអូ លើ​ការវិវឌ្ឍ​ចុងក្រោយ​នេះ​។​


​កិច្ចព្រមព្រៀង​យោធា​គ្រប់​ជ្រុងជ្រោយ ដែលមាន​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ត្រូវបាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​ ២០១៨ រវាង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ីន និង​មេដឹកនាំ​កូរ៉េ​​ខាងជើង លោក គីម ជុង​អ៊ុន​។  

​ក្នុងនោះ ភាគី​ទាំង ​២ ​បាន​ព្រមព្រៀងគ្នា​ដាក់​តំបន់​ការពារ ដែល​ផ្អាក​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ក៏ដូចជា​ដាក់​តំបន់​ហាម​ហោះហើរ ដក​ប៉ុស្តិ៍​យាម​មួយចំនួន​ចេញពី​តំបន់​គ្មាន​យោធា និង​ទុក​បណ្ដាញទូរស័ព្ទ​ទាន់​ហេតុការណ៍ក្នុងចំណោម​វិធានការ​ផ្សេងៗ​ទៀត​។​


​កិច្ចព្រមព្រៀង​នេះ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​កាន់តែខ្លាំង​ឡើង ហើយ​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឱ្យ​លុបចោល ឬ​ផ្អាក ខណៈ​អ្នក​រិះគន់​និយាយថា វា​កម្រិត​សមត្ថភាព​កូរ៉េខាងត្បូង​ក្នុងការ​ត្រួតពិនិត្យ​សកម្មភាព​របស់​កូរ៉េ​-​ខាងជើង​តាម​បណ្ដា​ខ្សែ​ព្រំដែន​។​

​ប៉ុន្តែ​ក្រោយ​ការបាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​របស់​កូរ៉េខាងជើង ក្រុម​​ប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ចំណាត់ការ​របស់ខ្លួន​នឹង​ពាក់ព័ន្ធ​ការ​ស្ដារឡើងវិញ​នូវ​ប្រតិបត្តិការ​ឈ្លប​យក​​ការណ៍ និង​ការឃ្លាំមើល​ជុំវិញ​ខ្សែបន្ទាត់​កំណត់ព្រំដែន​យោធា​រវាង​ពួកគេ​ទាំង ​២​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋបាល​បច្ចេកវិទ្យា​អវកាស​ជាតិ​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ដំបូង​របស់ខ្លួន​ឈ្មោះ Malligyong-1 ទៅក្នុង​គន្លង​តារាវិថី​ដោយ​ជោគជ័យ​តាមរយៈ​រ៉ុក្កែត​បាញ់​បង្ហោះ Chollima-1  ​ហើយ​ប្តេជ្ញា​ថា​នឹង​បាញ់​បង្ហោះ​បន្ថែមទៀត​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ យោង​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA​។​

​យ៉ាងណាមិញ មន្ត្រី​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​បាន​រាយការណ៍​ពី​ការបាញ់​បង្ហោះ​នោះ មិនអាច​ផ្ទៀងផ្ទាត់​ភ្លាមៗ​ទេ​ថា តើ​ផ្កាយរណប​ចារកម្ម​របស់​កូរ៉េខាងជើង​ស្ថិតនៅក្នុង​គន្លង​តារាវិថី​ឬ​យ៉ាងណា​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក លោកស្រី Sabrina Singh បាន​និយាយថា យោធា​អាមេរិក​នៅតែ​វាយតម្លៃថា​តើ​ការបាញ់​បង្ហោះ​នេះ ទទួលបាន​ជោគ​ជ័យ​ ឬ​យ៉ាងណា​៕