ប្រមុខ​ដឹកនាំ​តួ​ក​គី​ដែល​ធ្លាក់ចូល​ទៅក្នុង​ជម្លោះ​ការទូត​ជាមួយ​អ៊ីស្រា​អែល​រហូតដល់​ដក​ទូត​ចេញ​រៀងៗ​ខ្លួន​ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​ហ្គា​ហ្សា បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​មួយ​ឱ្យមាន​ការផ្ទៀងផ្ទាត់​អំពី​ការ​​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ី​ស្រា​អែល ដែលមាន​ការគំរាមកំហែង​ខ្លាំង​ដល់​តំបន់ និង​ប្រទេស​របស់លោក​។​

​ប្រធានាធិបតី​តួ​ក​គី លោក រេ​ស៊ី​ប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន (Recep Tayyip Erdogan) ដែល​បាន​រិះគន់​បស្ចិម​លោក​ចំពោះ​ការគាំទ្រ​អ៊ី​ស្រា​អែល​ដែល​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា បាន​និយាយថា ប្រទេស​តួ​ក​គី​នឹង​ស្នើសុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) និង​ទីភ្នាក់ងា​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ដើម្បី​ផ្ទៀងផ្ទាត់​ការកាន់កាប់​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ី​ស្រា​អែល​។​

​ខុសពី​បស្ចិមប្រទេស​ដែលមាន​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​អ៊ី​ស្រា​អែល ដែល​បាន​ហៅ​ក្រុម​ហា​ម៉ាស់​ប៉ាឡេ​ស្ទី​ន​ថា​ជា ​«​ក្រុមភេរ​វករ​» ប្រធានាធិបតី​តួ​ក​គី អេ​រ​ដូ​ហ្គែ​ន បាន​ហៅ​ក្រុម​ហា​ម៉ាស់ ជា «​ក្រុម​រំដោះខ្លួន (Liberation Group)» ដោយ​ការឈឺ​ចាប់ពី​ការកាន់កាប់​ទឹកដី​។​


​កាសែត The Star បាន​ដកស្រង់​សម្តី​មេដឹកនាំ​តួ​ក​គី ដែល​បាន​និយាយ​នៅឯ​វេទិកា​សេដ្ឋកិច្ច​នៅ​ប្រទេស​អាល់​ហ្សេ​រី​ថា​៖ «​យើង​នឹង​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​ទាំង​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រ​​ជា​ជាតិ និង​នៅ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ លើ​បញ្ហា​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​ជាពិសេស​តួ​ក​គី​»​។​

​លោក អេ​រ​ដូ​ហ្គែ​ន បាន​និយាយ​មុននេះ​អំពី​តម្រូវការ​ដើម្បី​ផ្ទៀងផ្ទាត់​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អ៊ីស្រា​អែល និង​ចេតនា​ដើម្បី​ផ្តួចផ្តើម​ដំណើរការ​ពាក់ព័ន្ធ​នៅក្នុង​រចនាសម្ព័ន្ធ​អន្តរជាតិ រួមទាំង​បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋាភិបាល​ថ្ងៃទី​ ២០ ខែមិថុនា​។​


​ប្រធានាធិបតី​តួ​ក​គី​បានចង្អុលបង្ហាញ​ថា អ៊ី​ស្រា​អែល​ទទួលស្គាល់​ដោយ​បើកចំហ ថា​ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​រចនា​សម្ព័ន្ធ​អន្តរជាតិ ជាពិសេស IAEA និង​អង្គការសហប្រជាជាតិ​មិន​ធ្វើការ​ស៊ើបអង្កេត​ដែល​ត្រូវ​គ្នា​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​ក៏​ធ្លាប់​បានលើកឡើង​ពី​ចម្ងល់​អំពី​ការ​កាន់​កាប់​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ី​ស្រា​អែល បន្ទាប់ពី​រដ្ឋមន្ត្រី​វប្បធម៌​អ៊ី​ស្រា​អែល លោក Amihay Eliyahu លើកឡើង​ពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​តំបន់​ហ្គា​ហ្សា ប៉ុន្តែ​ក្រោយ ​១ ​ថ្ងៃ​បន្ទាប់ពី​ការលើកឡើង​នោះ នាយករដ្ឋមន្ត្រី​អ៊ីស្រា​អែល Benjamin Netanyahu បាន​ផ្អាក​មុខងារ​របស់លោក ដោយ​អះអាងថា ការលើកឡើង​របស់រ​ដ្ឋ​​មន្ត្រី​រូបនេះ​មិន​ផ្អែកលើ​ការពិត​ឡើយ​។​

​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធ​អ៊ី​ស្រា​អែល បាន​វាយប្រហារ​ប្រទេស​អ៊ី​រ៉ា​ក់ ក្រោម​ការ​ដឹកនាំ​របស់លោក សា​ដាម ហ៊ូ​សេន (Saddam Hussein) កាល​ឆ្នាំ ​២០០៣ បន្ទាប់ពី​ការកាន់កាប់​អំណាច​អស់​រយៈ​ពេល​ជាង ​២០ ​ឆ្នាំ ដោយ​ប្រើ​លេស​ថា ប្រទេសអ៊ី​រ៉ា​ក់មាន​ផលិត​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ក្រោយ​ការដួលរលំ​របស់ លោក សា​ដាម ហ៊ូ​សេន ក៏​គ្មាន​រកឃើញថាអ៊ី​រ៉ា​ក់មាន​ផលិត​អាវុធ​មហា​ប្រល័យ​ឡើយ​។​

​យោងតាម​ការចុះផ្សាយរ​បស់​រ៉​យ​ទ័​រ រដ្ឋ​អ៊ី​ស្រា​អែល​មិន​ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា​ជា​រដ្ឋ​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​ទេ ទោះបី​សហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក ព្យាករ​ថា អ៊ី​ស្រា​អែល​មាន​ក្បាល​គ្រាប់​​នុយក្លេអ៊ែរ​ប្រហែល ៩០ ​គ្រាប់​។​

​ថ្លែង​នៅ​តំបន់​អាហ្រ្វិក លោក អេ​រ​ដូ​ហ្គែ​ន ក៏បាន​ប្រាប់​វេទិកា​ថា តួ​ក​គី​នឹង​ខិតខំ​ប្រឹងប្រែង​កសាង​តំបន់​ហ្គា​ហ្សា​ឡើងវិញ និង​ស្វែងរក​ការគាំទ្រ​ឱ្យ​អ៊ី​ស្រា​អែល​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​សង្គ្រាម​នៅ​ប៉ា​ឡេ​ស្ទី​ន​៕