នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) បាន​លើកឡើងថា​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​កំពុង​ស្ថិតនៅក្នុង​វិបត្តិ ​ហើយ​លោក​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត​គោលនយោបាយ «កាបូប​ឌីជីថល» ដែលជា​ផែន​ការចែក​ថវិកា​ដ៏​ចម្រូង​ចម្រាស​​ទៅកាន់​ពលរដ្ឋ​ ដែល​មាន​ទឹក​ប្រាក់​​ប្រមាណ ១៤,២៣ ពាន់លាន​ដុល្លារ​អាមេរិក។

ថ្លែង​ក្នុង​វេទិកា​មួយ​ លោក សេដ្ឋា ​បាន​និយាយថា សេដ្ឋកិច្ច​ប្រទេស​ថៃ​មិន​ស្ថិតក្នុង​ស្ថាន​ភាពល្អ​ប៉ុន្មាន​នោះទេ។ ជាក់ស្ដែង វិនិយោគិន​បរទេស​ម​ក​រកស៊ី​នៅ​ប្រទេស​ថៃ ​តិចជាង​គោលដៅ​រំពឹងទុក ដូច្នេះ​លោក​នឹង​ផ្តល់​អាទិភាព​ទៅលើ​ការទាក់ទាញ​ការវិនិយោគ​ពី​បរទេស​និង​ដោះស្រាយ​បញ្ហា​បំណុល​ក្នុងស្រុក​ដែល​ពលរដ្ឋ​ថៃ​កំពុង​ជួបប្រទះ។

លោក​ សេដ្ឋា ​ដែលជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​នោះ បាន​ថ្លែងថា៖​«យើង​ត្រូវមាន​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​បន្ថែម​ទៅលើ​ផែនការ​ដោះស្រាយ​បំណុល​ដែល​អាច​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី១២ខែធ្នូ ខាងមុខនេះ»។


ការលើកឡើង​របស់លោក បានធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទិន្នន័យ​ពី​ទីភ្នាក់ងារ​រៀបចំ​ផែនការ​រដ្ឋ​បាន​បង្ហាញថា​កំណើនសេដ្ឋកិច្ច​ទាប​ជាង​ការរំពឹងទុក ពោលគឺ១,៥% នៅក្នុង​ត្រីមាស​ខែកក្កដា​ដល់​ខែកញ្ញា​ធៀប​នឹង​ឆ្នាំមុន​ហើយក៏​ជា​ត្រីមាស​ដែលមាន​កំណើន​យឺត​បំផុត​នៅ​ឆ្នាំនេះ។ ការណ៍​នេះ ត្រូវបាន​គេ​សន្មត​ថា​បណ្ដាលមកពី​កត្តា​ធ្លាក់ចុះ​ការនាំចេញ​និង​ការចំណាយ​របស់​រដ្ឋាភិបាល។

ចាប់ពី​ថ្ងៃទី១ ខែមករា​ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា​ប្រទេស​ថៃ​មាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ​២៣,៨៥ លាន​នាក់​ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ដើរលេង​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​​ប្រមាណ​ជាជាង ២៨,៣ ពាន់លាន​ដុល្លារ ​សហរដ្ឋអាមេរិក។


ថៃ​កំពុង​កំណត់​គោលដៅ​ទាក់ទាញ​ឱ្យបាន​ភ្ញៀវទេសចរ​ចំនួន ២៨ លាន​នាក់​ ធៀប​នឹង​ជិត៤០ លាន​នាក់ ​ក្នុង​ឆ្នាំ២០១៩ មុនពេល​ជំងឺ​រាតត្បាត​កូ​វីដ១៩ ដែល​កាលនោះ ភ្ញៀវទេសចរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាជាង ៥៤ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

គោលនយោបាយ«កាបូប​ឌីជីថល»របស់លោក សេដ្ឋា ដែល​ចង់​ផ្តល់ប្រាក់​ចំនួន ១ម៉ឺន​បាត ស្នើ​នឹង​ប្រមាណ​ជា ២៨០ ដុល្លារ ដល់​ប្រជាជន​ថៃ​ចំនួន ៥០ លាន​នាក់ ​នៅ​ឆ្នាំក្រោយ ក្នុង​គោលបំណង​ជួយ​សម្រាល​ចំណាយ​ចាំបាច់​របស់​ពួកគេ​បាន​ទទួលរង​ការរិះគន់​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ ​ដោយ​អ្នកសេដ្ឋកិច្ច​និង​អតីតមន្ត្រី​ជំនាញ​នៅ​ធនាគារកណ្តាល បានលើកឡើង​ពី​ហានិភ័យ​ដែល​អាច​កើតមាន​ពី​ការរំលោភ​លើ​វិន័យ​ហិរញ្ញវត្ថុ​នេះ។

នៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ ​មន្ត្រី​រដ្ឋាភិបាល​បានប្រកាសថា​សេដ្ឋកិច្ច​ថៃ​ កំពុង​ស្ថិតនៅក្នុង​វិបត្តិ​ដោយ​ចាំបាច់​ត្រូវមាន​ផែនការ​ចាំបាច់​ណាមួយ។ ដោយឡែក លោក សេដ្ឋា ដែលជា​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ជា​អ្នក​ចំណូល​ថ្មី​ ក្នុង​វិស័យ​នយោបាយ ​កំពុង​កំណត់​គោលដៅ​ថា នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ថៃ​ កើន​ឡើងជា​មធ្យម ៥% ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល ៤ ឆ្នាំ ​ខាងមុខ ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ប្រទេស​ថៃ ​ដែលមាន​ទំហំ​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​និង​ដែលជា​មធ្យម សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​ត្រឹមតែ ១,៩% ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ។

ថ្លែង​នៅក្នុង​វេទិកា​ដដែល​នេះ​ ទេសាភិបាល​ធនាគារកណ្តាល​ថៃ​ លោក សេ​ថា​ភុ​ត ស៊ូ​ធី​វ៉ាត​ណា​រូ​ភុ​ត (Sethaput Suthiwartnaruput) បាន​និយាយថា​គោលនយោបាយ​សារពើពន្ធ​ និង​រូបិយវត្ថុ​របស់​ប្រទេស​ថៃ គឺ​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ធានាថា​សេដ្ឋកិច្ច​នៅតែមាន​ភាព​ធន់​នៅពេល ដែល​ប្រទេស​កំពុង​រីកចម្រើន។

លោក​បាន​មានប្រសាសន៍ថា៖«ធាតុ​ផ្សំ​នៃ​ភាព​ធន់​ទាំងនោះ​រួមមាន​ស្ថិរភាព​តារាង​តុល្យការ​ដ៏​រឹងមាំ​ គោលនយោបាយ​សារពើពន្ធ​និង​រូបិយវត្ថុ រួមទាំង​កត្តាផ្សេងៗទៀត»។ នៅក្នុង​ខែកញ្ញា​ធនាគារកណ្តាល​ថៃ ​បាន​ដំឡើង​អត្រា​ការប្រាក់​ដល់ ២,៥% ដែលជា​ភាគរយ​ខ្ពស់បំផុត​មួយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​មកនេះ និង​បាន​អះអាងថា ​កំណើនសេដ្ឋកិច្ច​និង​អតិផរណា​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ ហើយ​ថា​ខ្លួន​នឹង​ពិនិត្យមើល​គោលនយោបាយ​បន្ទាប់​ទៀត​នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕