ប៉ូលិសឥណ្ឌូនេស៊ី បានដាក់ឈ្មោះប្រធានគណៈកម្មាធិការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី (KPK) គឺលោក FirliBahuri ថា ជាជនសង្ស័យក្នុងសំណុំរឿងពុករលួយដ៏ធំពាក់ព័ន្ធនឹងអតីតរដ្ឋមន្រ្តីក្រសួងកសិកម្មដែលចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
មន្ត្រីប៉ូលិសក្រុងហ្សាកាតា លោក Ade SafriSimanjuntak បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធទី ២២ វិច្ឆិកា ថា លោក Firli គឺជាជនសង្ស័យជំរិតទារប្រាក់ពី អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Syahrul Yasin Limpo ត្រូវបានគេចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីលោករងការចោទប្រកាន់ពីបទយកថវិកាសាធារណៈជាង ៨០ ម៉ឺនដុល្លារអាមេរិក ដាក់ចូលក្នុងហោប៉ៅខ្លួនឯង។
លោកAde អះអាងថា ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ឈ្មោះប្រធាន KPK ថាជាជនសង្ស័យក្នុងសំណុំរឿងពុករលួយជំរិតទារប្រាក់។លោកបន្តថា មន្ត្រីរដ្ឋរូបនេះបានជំរិតប្រាក់នៅក្រសួងកសិកម្មចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។
លោក Ade បានបន្ថែមថា អាជ្ញាធរបានរឹបអូសឯកសារប្រតិបត្តិការប្តូរប្រាក់ពីប្រទេសសិង្ហបុរី និងប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃ ៧,៤ ពាន់លានរូព្យ៉ាឥណ្ឌូនេស៊ី (៤៧៧ ៧៣០ ដុល្លារអាមេរិក)ពីការវាយឆ្មក់នៅទីតាំង២។
នេះជាលើកទី១ហើយដែលប្រធានស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី រងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលទីភ្នាក់ងារនេះខ្លួនឯងបង្កើតឡើងដើម្បីដោះស្រាយ។
លោក Firli ដែលជាអតិតអគ្គអធិការប៉ូលិស មិនបានប្រតិកម្មយ៉ាងណាភ្លាមៗទេ ហើយលោកក៏មិនទាន់ត្រូវបានចាប់ខ្លួនដែរ។ យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោកបាននិយាយថា លោកមិនដែលជំរិតអ្នកណាម្នាក់ទេ ហើយក៏មិនដែលជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់ជាមួយនរណាម្នាក់ដែរ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ KPK ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយយ៉ាងណាដែរ ជុំវិញការវិវត្តន៍ចុងក្រោយនេះ។ ចំណែកឯប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ វិញ បានថ្លែងពេលរងការសាកសួរពីករណីរបស់លោក Firli ថា ឱ្យគេគោរពទៅតាមដំណើរការនៃច្បាប់។
លោក Firli ឡើងជាប្រធាន KPK ក្នុងឆ្នាំ ២០១៩ ហើយស្របពេលជាមួយគ្នានេះដែរ អ្នករិះគន់បាននិយាយថា ការផ្លាស់ប្តូរច្បាប់គ្រប់គ្រងទីភ្នាក់ងារនេះបានចុះខ្សោយ ដែលបង្កឱ្យមានការតវ៉ាជាបន្តបន្ទាប់ឱ្យស្រោចស្រង់ KPK។
រាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០២ មក KPK បានកាត់ទោសអ្នកនយោបាយមន្ត្រី និងអ្នកជំនួញរាប់រយនាក់ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារដែលគួរឱ្យគោរពបំផុតរបស់ប្រទេស៕