​​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា​ ​​រដ្ឋាភិបាល​ចិន​បាន​ពង្រីក​យុទ្ធនាការ​​បិទ​វិហារ​អ៊ិស្លាម​ទៅ​កាន់​តំបន់​ផ្សេង​ក្រៅ​ពី​ខេត្ត​ស៊ីនជាំង​​ដែល​ចិន​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ឆ្នាំ​ថា​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជន​ជាតិ​ភាគ​តិច​​មូស្លីម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ A​P។

របាយការណ៍​ដែល​​ផ្អែក​លើ​​ឯកសារ​សាធារណៈ ​រូបភាព​ផ្កាយ​រណប​ ​និង​​​សាក្សី​​ផ្ទាល់​ បាន​អះ​អាង​ថា​ ​អាជ្ញាធរ​ចិន​បិទ​វិហារ​អ៊ិស្លាម​​ក្នុង​តំបន់​​ Ningxia ​ក៏​ដូច​ជា​ខេត្ត​ ​Gansu ​ដែល​មាន​ប្រជាជន Hui កាន់​សាសនា​អ៊ិស្លាម ​រស់​នៅ​ច្រើន​ ក្រោម​ដំណើរ​ការ​ «​ការ​បង្រួប​បង្រួម​»។

 ​​លើស​ពី​នេះ​ អាជ្ញាធរ​មូលដ្ឋាន​​ក៏​​កំពុង​​រុះ​រើ​លក្ខណៈ​ស្ថាបត្យកម្ម​នៃ​វិហារ​អ៊ិស្លាម​​ ហើយ​ធ្វើ​​ឱ្យ​ពួក​គេ​មើល​ទៅ​មាន​លក្ខណៈ​ចិន​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​បក្ស​កាន់​អំណាច​កុម្មុយនិស្ត​ចិន​​ ដើម្បី​រឹត​បន្តឹង​ការ​គ្រប់​គ្រង​លើ​សាសនា ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ប្រឈម​​ដែល​អាច​កើត​មាន​ចំពោះ​ការ​គ្រប់​គ្រង​របស់​ខ្លួន​។


​កាល​ពី​ឆ្នាំ​២០១៦ ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនភីង​ បាន​អំពាវ​នាវ​​​ឱ្យ​ការ​ប្រតិបត្តិ​សាសនា​ផ្សេង​ៗ​មាន​លក្ខណៈ​បែប​ចិន​ ​​ដោយ​ផ្តួច​ផ្តើម​ការ​បង្រ្កាប​​លើ​តំបន់​ភាគ​ខាង​លិច​ស៊ីនជាំង​ ដែល​មាន​ប្រជាជន​អ៊ុយហ្គួរ​ និង​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ិស្លាម ជាង​​ ១១ លាន​នាក់​រស់​នៅ​។ ​

របាយការណ៍រ​បស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​មុន​ បាន​រក​ឃើញ​ថា​ ប្រទេស​ចិន ​ទំនង​ជា​បាន​​​ប្រព្រឹត្ត​«​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​» ​​នៅ​ស៊ីនជាំង​។ ប៉ុន្តែ​ការណ៍​នេះ​ ត្រូវ​បាន​ចិន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​។ 


ជាថ្មី​ម្ដង​ទៀត ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​  ​​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​ប្រាប់​ AP ថា ទីក្រុង​ប៉េកាំង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កា​​រ​ការពារ​ និង​ជួស​ជុល​វិហារ​អ៊ិស្លាម​ និង​ការពារ​តម្រូវការ​សាសនា​ជា​ទូទៅ​របស់​អ្នក​​​ប្រតិបត្តិ​។

​ក្រសួង​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​​៖ «​អង្គការ​ពាក់​ព័ន្ធ​គួរ​តែ​បោះបង់​ចោល​​ភាព​លម្អៀង​ខាង​មនោគមន៍វិជ្ជា​របស់​ខ្លួន​​ប្រឆាំង​នឹង​ចិន​ ​ហើយ​ឈប់​ប្រើ​ប្រាស់​បញ្ហា​សាសនា​ ដើម្បី​ចូល​រួម​ក្នុង​ឧបាយ​កល​នយោបាយ ​និង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​របស់​ប្រទេស​ចិន​»​៕