ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េខាងជើង​ បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ច្រើនជាងមុន និង​ដាក់ពង្រាយសព្វាវុធ​ថ្មីៗ ​នៅតាម​ព្រំដែន​របស់ខ្លួន​ជាមួយ​កូរ៉េខាងត្បូង បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល​បាន​ផ្អាក​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ២០១៨ រវាង​កូរ៉េ​ទាំង២ ដើម្បី​ប្រឆាំងនឹង​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​របស់​ទីក្រុង​ព្យុងយ៉ាង។

កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី២២​ ខែវិច្ឆិកា ​បាន​ផ្អាក​ឃ្លា​មួយ​នៅក្នុង​កិច្ចព្រមព្រៀង ហើយ​បាន​និយាយថា ខ្លួន​នឹង​បង្កើន​ការឃ្លាំមើល​ខាងយោធាភ្លាមៗ នៅតាម​ព្រំដែន​ដែលមាន​កំពែង​រឹងមាំ​ជាមួយ​កូរ៉េខាងជើង។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA ក្រសួងការពារជាតិរ​បស់​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​នឹង​ស្តារឡើងវិញ​នូវ​វិធានការ​យោធា​ទាំងអស់​ដែល​ខ្លួន​បាន​ផ្អាក​នៅក្រោម​កិច្ចព្រមព្រៀង​ដែលមាន​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង​រវាង​កូរ៉េ​ទាំង២។


សេចក្តីថ្លែងការណ៍​បាន​និយាយថា៖«យើង​នឹង​បន្តបញ្ជូន និង​ដាក់ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​ខ្លាំង​ជាង​មុន និង​ឧបករណ៍​យោធា​ថ្មីៗ​នៅ​ជិត​ខ្សែបន្ទាត់​កំណត់ព្រំដែន​យោធា។ កូរ៉េខាងត្បូង​នឹង​ទទួលខុសត្រូវ​ទាំងស្រុង ប្រសិនបើ​ការប៉ះទង្គិច​ដែល​មិនអាច​ចៀសវាង​បានកើត​ឡើង​រវាង​កូរ៉េខាងជើង និង​ខាងត្បូង»។

កតិកាសញ្ញា​ដែល​ត្រូវបាន​ផ្អាក​ពី​ខាងជើង និង​ខាងត្បូង​ដែល​គេ​ស្គាល់​ថា ​ជា​កិច្ចព្រមព្រៀង​យោធា​គ្រប់​ជ្រុងជ្រោយ​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០១៨ រវាង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un និង​កាលនោះ​ជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in។


ក្រុម​អ្នក​រិះគន់​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ ​បានធ្វើឱ្យ​សមត្ថភាព​របស់​ទីក្រុង​សេ​អ៊ូ​ល​ ចុះខ្សោយ​ក្នុងការ​ត្រួតពិនិត្យ​ប្រទេស​កូរ៉េខាងជើង ខណៈដែល​ទីក្រុង​ព្យុងយ៉ាង​ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នោះ។

សេចក្តីថ្លែងការណ៍​រប​ស់​កូរ៉េខាងជើង​ បានធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ល្ងាច​ថ្ងៃ​ពុធតែយោធា​កូរ៉េខាងត្បូង​ បាន​និយាយថា ការបាញ់​បង្ហោះនោះ​ហាក់ដូចជា​បរាជ័យ៕​