កិច្ចព្រមព្រៀង​លើកដំបូង​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រា​អែល​ដែល​នឹង​បើកផ្លូវ​ឱ្យមាន​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ ​៥០ ​នាក់ ​ក្នុងចំណោម​ ២៥០​ នាក់​ដែល​ក្រុម​​ហា​ម៉ាស់​ចាប់​ពង្រាត់​តាមរយៈ​ការ​វាយឆ្មក់​ចូលអ៊ី​ស្រា​អែល​កាលពី​ថ្ងៃទី​ ៧ ខែតុលា នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​នេះ​ ដោយ​ការផ្អាក​ប្រយុទ្ធ​គ្នា​ទាំងស្រុង​រយៈពេល ​៤ ​ថ្ងៃ​។

​ក្រោយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល ៦ ​សប្តាហ៍ អ៊ី​ស្រា​អែល និង​ក្រុម​​ហា​ម៉ា​ស់បាន​ព្រមព្រៀងគ្នា​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ដោយមាន​ការសម្រុះសម្រួល​ពី​ប្រទេស​កាតា​សម្រាប់​បទ​ឈប់​បាញ់​ដំបូង​បំផុត​នៅ​ហ្គា​ហ្សា​យ៉ាងហោចណាស់​ ៤ ​ថ្ងៃ​ដើម្បី​ដោះដូរ​ចំណាប់ខ្មាំង​ ៥០ ​នាក់​ពី​ប្រទេសអ៊ីស្រា​អែល និង​អ្នក​ទោស​ប៉ា​ឡេ​ស្ទី​ន​ ១៥០ ​ដែល​អ៊ី​ស្រា​អែល​ធ្លាប់​ចាប់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ី​ស្រា​អែល​បាន​និយាយថា ការដោះលែង​ចំណាប់ខ្មាំង​នៅក្រោម​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស​នឹងមិន​កើតឡើង​មុន​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ទេ​។​


​ការពន្យា​ពេល​អនុវត្ត​នេះ​ក៏បាន​បង្អាក់​ក្តីសង្ឃឹម​របស់​សាច់​ញាតិ​របស់​ជនរងគ្រោះ​ថា អ្នកខ្លះ​នឹងត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​។​

​ស្ថិតក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ ៤ ​ថ្ងៃនេះ ក៏​នឹង​បើកផ្លូវ​ឱ្យមាន​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​តំបន់​ហ្គា​ហ្សា​ដែល​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ដូចជា ការដឹក​ស្បៀងអាហារ​ថ្នាំពេទ្យ ថាមពល ជាដើម​។​


​ទោះបីជា​បែបណា​រហូតដល់​ល្ងាច​ថ្ងៃទី ​២៣ ខែវិច្ឆិកា ពេល​វេលា​ចាប់ផ្តើម​នៃ​បទ​ឈប់​បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង​មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី អ្នកនាំពាក្យ​ក្រសួងការបរទេស​កាតា លោក Majid bin Mohammed Al Ansari បាន​និយាយថា សេចក្តី​ប្រកាស​ស្តីពី​ការចាប់ផ្តើម​នៃ​បទ​ឈប់​បាញ់​អាច​កើតមានឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។ ប្រទេស​កាតា​បាន​សម្រុះសម្រួល​ក្នុងការ​ចរចា​ស្តី​​ពីបទ​ឈប់​បាញ់​ដែល​អន្តរជាតិ​និង​ប្រជាជន​ជុំវិញ​ពិភពលោក​រង់ចាំ​យ៉ាង​អន្ទះសា​។​

​លោក Tzachi Hanegbi ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីស្រា​អែល បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ថា​៖«​ការចរចា​សម្រាប់​ការ​ដោះលែង​ចំណាប់ខ្មាំង​របស់​យើង​កំពុងដំណើរការ និង​បន្ត​គ្រប់ពេលវេលា​»​។​

​លោក Hanegbi បាន​និយាយថា​៖«​ការចាប់ផ្តើម​នៃ​ការចេញផ្សាយ​នឹង​ដំណើរការ​ទៅតាម​កិច្ច​​ព្រមព្រៀង​ដើម​រវាង​ភាគី​នានា ហើយ​មិនមែន​មុន​ថ្ងៃ​សុក្រ​ទេ​»​។​

​អ្នកនាំពាក្យ​សេត​វិមាន លោក​ស្រី Adrienne Watson បាន​និយាយថា ព័ត៌មាន​លម្អិត​ផ្នែក​ដឹកជញ្ជូន​ចុងក្រោយ​សម្រាប់​ការចេញផ្សាយ​កំពុង​ត្រូវបាន​ដោះស្រាយ​។​ 
​លោកស្រី Watson បាន​និយាយថា​៖«​វា​ស្ថិតនៅ​លើផ្លូវ​ហើយ​យើង​សង្ឃឹមថា ការអនុវត្ត​នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​»​។​

​ទោះបី​មានការ​ព្រមព្រៀង​លើ​ដំណើរការ​បទ​ឈប់​បាញ់ រវាង​ភាគី​សត្រូវ​ស៊ីសាច់​ហូត​ឈាម​នេះ​ក៏ដោយ មាន​សេចក្តី​រាយ​​ការណ៍​ខ្លះ​បាន​និយាយថា ការ​​ប្រយុទ្ធ​គ្នា​នៅតែ​កើតមាន​រហូតដល់​ព្រឹក​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា យន្តហោះ និង​កាំភ្លើង​ធំ​របស់​អ៊ីស្រា​អែល​បាន​វាយប្រហារ​ទីក្រុង Khan Younis ភាគខាងត្បូង​នៃ​តំបន់​ហ្គា​ហ្សា​ស​ម្លា​ម់​មនុស្ស ១៥​ នាក់​។ យោងតាម​រ៉​យ​ទ័​រ​។​

​ក្រុម​ហា​ម៉ាស់ និង​ក្រុម​សម្ព័ន្ធមិត្ត​បានសម្លាប់​មនុស្ស​ប្រហែល ១២០០​ នាក់ និង​ចាប់​ចំណាប់ខ្មាំង​ប្រហែល ​២៤០​ នាក់ នៅពេលដែល​ខ្មាន់កាំភ្លើង​បាន​វាយលុក​ឆ្លងកាត់​ទីក្រុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ី​ស្រា​អែល​កាលពី​ថ្ងៃទី​ ៧​ ខែតុលា​។ ចាប់តាំងពី​ពេលនោះ​មក អ៊ី​ស្រា​អែល​បានប្រកាស​សងសឹក​លើ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​៕