OpenAI ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​បញ្ញា​សិប្បនិម្មិត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់ហ្រ្វា​ន់​ស៊ី​ស្កូ បាន​និយាយ​ខ្លួន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​គោល​ការណ៍​សម្រាប់​ការនាំយក​សហ​ស្ថាបនិក​របស់ខ្លួន លោក Sam Altman ឱ្យ​ត្រឡប់មក​ធ្វើជា​នាយក​ប្រតិបត្តិ​វិញ​ត្រឹម​​ ៥​ ថ្ងៃ បន្ទាប់ពី​ការបណ្តេញចេញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង ចម្រូងចម្រាស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​ការ​ត្រឡប់មកវិញ​របស់ Altman នឹង​ស្ថិតក្រោម​ក្រុម​ប្រឹក្សា​​ភិ​បាល​ថ្មី​ដែល​ទើប​បង្កើត​ដែលមាន អតីត​សហ​នាយក​ប្រតិបត្តិ Salesforce លោក Bret Taylor ជា​ប្រធាន លោក Larry Summers អតីតរដ្ឋមន្ត្រី​ក្រសួង​​រតនាគារ​សហរដ្ឋអាមេរិក និង​អតីត​ក្រុមប្រឹក្សាភិបាល​ដើម ១ ​រូប​គឺ​លោក Adam D'Angelo ជានា​យក​។​

​លោក Altman ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​មានការ​ប៉ះ​​ទង្គិច​ជាមួយ​ក្រុមប្រឹក្សាភិបាល​ចាស់​ជុំវិញ​ការជំរុញ​របស់ខ្លួន​ឱ្យ OpenAI ផ្តោតលើ​ការរុករក​កែប្រែ​បញ្ញា​សិប្បនិម្មិត​ទៅជា​អាជីវកម្ម​ដែល​បង្កើត​ផលិតផល​។


ជុំវិញ​ការបណ្តេញ Altman ក្រុមប្រឹក្សាភិបាល​ដើម​បានផ្តល់​ការពន្យល់​តិចតួច​ដោយ​ថា CEO របស់ខ្លួន​ខ្វះ​ភាពស្មោះត្រង់ និង​ថា ការធ្វើ​នោះ​គឺ​ដើម្បី​ការពារ​បេសកកម្ម​រប​ស់ OpenAI ក្នុងការ​អភិវឌ្ឍ AI ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មនុស្សជាតិ​។​

​ការផ្លាស់ប្តូរ​នោះបាន​ធ្វើឱ្យ​សហគមន៍​បច្ចេកវិទ្យា និង​អ្នក​វិនិយោគ OpenAI ភ្ញាក់ផ្អើល​ជាខ្លាំង​។ ចំណែក​អ្វីដែល​ធ្វើឱ្យ​ការបណ្តេញ Sam Altman កាន់តែ​ច្របូកច្របល់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​គឺ​ដោយសារ​លោក​បាន​យល់ព្រម​ផ្លាស់ប្តូរ​ទៅធ្វើ​ការឱ្យ Microsoft ដើម្បី​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ថ្មី​ ១ ដែល​ធ្វើឱ្យ​ភាគច្រើន​នៃ​បុគ្គលិក​របស់ OpenAI គំរាម​ចាក​ចេញពី​ក្រុមហ៊ុន លុះត្រាតែ​ក្រុមប្រឹក្សា​ភិ​បាល​លាលែង​ពី​តំណែង​ហើយ ហៅ​លោក Altman ចូលមក​ធ្វើជា CEO វិញ​៕​