អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ លោកស្រី Traisuree Taisaranakul បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក អា​នុ​ទីន ឆាន​វី​រ៉ា​គុល បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ណែនាំ​ដល់​មន្ត្រី​ចុះបញ្ជី​អាវុធ​ឱ្យ​បញ្ឈប់​ការចេញ​អាជ្ញា​ប័ណ្ណ​កាន់​កាំភ្លើង​រយៈពេល​​ ១ ​ឆ្នាំ ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ដោយ​កាំភ្លើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​។​

​លោកស្រី Traisuree គូស​​បញ្ជាក់ថា បទបញ្ជា​ដែលមាន​ឈ្មោះ Por 12 នោះ គឺ​ស្របតាម​ច្បាប់​អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និង​អាវុធ​​ក្លែងក្លាយ​។​

​លោកស្រី​បន្តថា បទបញ្ជា​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថា​វី​ស៊ីន ដើម្បី​សុំ​ការយល់ព្រម ដោយ​លោកស្រី បន្ថែមថា វា​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​បន្ទាប់ពី​វា​ត្រូវ​បានប្រកាស​នៅក្នុង​ព្រះរាជសារ​។​


​លោកស្រី​អនុរដ្ឋមន្ត្រី និ​យាយ​ថា បទបញ្ជា​ដែលជា​វិធានការ​ត្រួតពិនិត្យ​កាំភ្លើង មិន​អនុវត្ត​ចំពោះ​មន្ត្រី​រដ្ឋ​ដូចជា​ប៉ូលិស​ដែល​អនុញ្ញាតឱ្យ​កាន់​អាវុធ ពេល​បំពេញ​កាតព្វកិច្ច​នោះទេ​។​

​កាលពី​សប្តាហ៍​មុន លេខា​ធិ​ការ​អចិន្រ្ដៃយ៍ នៃ​ក្រសួង​មហាផ្ទៃ លោក Suthipong Chulcharoen បាន​និយាយថា លោក​បាន​ណែនាំ​អភិបាល​ខេត្ត​ឱ្យ​ប្រាប់​អ្នក​ចុះបញ្ជី​អាវុធ ឱ្យ​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ Por 12 នៅក្នុង​ខេត្ត​របស់​ពួក​​គេ​។ អ្នក​ចុះបញ្ជី​អាវុធ​តាម​ខេត្ត អាច​រួមបញ្ចូល​អភិបាលខេត្ត ចៅហ្វាយស្រុក និង​ចៅសង្កាត់​រង ចំណែក​អ្នក​ចុះបញ្ជី​អាវុធ​នៅ​ទីក្រុង​បាងកក គឺ​អគ្គ​​នាយក​នៃ​នាយកដ្ឋាន​រដ្ឋ​បាល​ក្រុង​។​


​លោក Suthipong បាន​និយាយថា អ្នក​ចុះបញ្ជី​អាវុធ​ក៏​ទទួលបាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ការ​​នាំចូល និង​លក់​អាវុធ​ក្លែងបន្លំ ខណៈ​អ្នក​ដែល​មានតែ​កាំភ្លើង​ទទេ កាំភ្លើង​BB ឬ​អាវុធ​ក្លែង​បន្លំ​ដែល​អាច​កែប្រែ​ទៅជា​អាវុធ​ពិត ត្រូវបាន​ប្រាប់​ឱ្យ​ចុះ​​ឈ្មោះ​ពួកគេ​តាម​មូលដ្ឋាន​។​

​ចំណាត់ការ​អាជ្ញាធរ​ថៃ​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ការ​បាញ់សម្លាប់​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​បាងកក ដែល​បាន​បង្ក​ការអំពាវនាវ​ឱ្យមាន​ការពិនិត្យ​ឡើងវិញ​លើ​ការផ្តល់​អាជ្ញា​ប័ណ្ណ​អាវុធ​ដល់​សាធារណជន​ទូទៅ និង​ឱ្យមាន​វិធានការ​គ្រប់​គ្រង​កាំភ្លើង​ឱ្យ​កាន់តែ​តឹងរ៉ឹង​។​

​ការបាញ់ប្រហារ​ដើមខែ​តុលា ​នៅ​ផ្សារ​ទំនើប Siam Paragon ដោយ​ក្មេងប្រុស​អាយុ​ ១៤​ ឆ្នាំ​ម្នាក់ បានសម្លាប់​មនុស្ស​ ៣​ នាក់ និង​ ៥​ នាក់​ផ្សេងទៀត​រងរបួស​។ ក្នុង​ហេតុការណ៍​នៅ​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា​នេះ សិស្ស​ម្នាក់​អាយុ​ ១៩ ​ឆ្នាំ និង​គ្រូបង្រៀន​ម្នាក់ អាយុ ៤៩​ ឆ្នាំ ត្រូវបាន​សម្លាប់ នៅពេល​ក្មេង​ទំនើង ១ ​ក្រុម​បាញ់ប្រហារ​លើ​ក្រុមសិស្ស​សាលា​៕