​នៅ​ខណៈពេលដែល​អ៊ីស្រាអែល​កំពុង​បន្ត​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​ហ្គា​ហ្សា​ក្នុង​គោលបំណង​វាយប្រហារ​កម្ទេច​ក្រុម​ហា​ម៉ាស់​ក្រុមអ្នកកាសែត​ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​ចំនួន ៨ នាក់​ឯណោះ​វិញ បាន​ព្រមព្រៀងគ្នា​សរសេរ​លិខិត​ចោទប្រកាន់​ក្រុមហ៊ុន​សាជីវកម្ម​ផ្សព្វផ្សាយ​អង់គ្លេស ឬ​ហៅ​កាត់​ថា BBC ថា​បានធ្វើការ​រាយការណ៍​ព័ត៌មាន​ដោយ​លម្អៀង​អំពី​ស្ថានភាព​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់​ហ្គា​ហ្សា​។

ក្រុមអ្នកកាសែត​ទាំង​នោះបាន​សរសេរ​លិខិត​មួយ​ដែលមាន​ខ្លឹមសារ​សរុប​ចំនួន ២ ៣០០ ពាក្យ ផ្ញើ​ទៅកាន់​សារព័ត៌មាន Al Jazeera ដោយ​ក្នុងនោះ ពួកគេ​បាន​អះអាងថា ការផ្សាយ​របស់​សារព័ត៌មាន BBC អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា មាន​ភាពលម្អៀង តាមរយៈ​ការព្យាយាម​បង្ហាញថា​អ៊ីស្រាអែល​ជា​ជនរងគ្រោះ ដោយ​មិនបាន​ផ្សាយ​អំពី​អ្វីដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​បាន​លុបចោល​នូវ​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ទៀតផង​។

យោងតាម​កាសែត Al Jazeera បានឱ្យដឹងថា BBC មាន​ស្តង់ដា​ពីរ​នៅក្នុង​របៀប​ដែល​ស្ថាប័ន​មួយ​នេះ​ធ្វើ​អត្ថាធិប្បាយ​អំពី​ជន​ស៊ីវិល​។ ជាក់ស្ដែង សារព័ត៌មាន BBC នេះ​មាន​ភាពច្បាស់លាស់​ណាស់​ក្នុងការ​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​សម្រាប់​សង្គ្រាម​នៅ​តំបន់​ផ្សេង ស្ថាប័ន​នេះ​ហាក់​មិនសូវ​ប្រកាន់​គោលជំហរ​វិជ្ជាជីវៈ​នោះទេ​។


យោងតាម​លិខិត​ដែល​ពួកគេ​បាន​សរសេរ​នោះបាន​បញ្ជាក់ថា អ្នកកាសែត​អនាមិក​ទាំង ៨ នាក់​នោះ​មិន​ចង់​ផ្ញើលិខិត​នោះ​ទៅកាន់​នាយក​ប្រតិបត្តិ​របស់ BBC នោះទេ ដោយសារតែ​ពួកគេ​ជឿថា​នឹង​មិនមាន​អ្វី​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដែល​អាច​នាំទៅរក​ការពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​នោះទេ ប្រសិនបើ​ពួកគេ​ធ្វើ​ដូច្នោះ​។

គួរ​ដឹង​ដែរ​ថា អំឡុង​ពេលដែល​ពួកគេ​សរសេរ​លិខិត​នេះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ១៤ ៥០០ នាក់​ ត្រូវបាន​ស្លាប់​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល រួមទាំង​កុមារ​យ៉ាងហោចណាស់ ៦ ០០០ នាក់​។


​ក្នុង​លិខិត​នោះបាន​សរសេរថា «​សារព័ត៌មាន BBC មិនបាន​រាយការណ៍​អំពី​តួលេខ​នេះ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ដោយ​ពួកគេ​បាន​លុបចោល​នូវ​រឿង​សំខាន់ៗ​ជាច្រើន ហើយ​មិនដែល​បាន​ចោទសួរ​ភាគី​អ៊ីស្រាអែល​អំពី​បញ្ហា​នេះ​នោះទេ​។ ដោយសារតែ​បញ្ហា​នេះ ពួកគេ​មិនបាន​ជួយ​ឱ្យ​សាធារណជន​យល់ច្បាស់​អំពី​អ្វីដែល​កំពុង​កើតឡើង​ពិតប្រាកដ​នោះទេ ជាពិសេស​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្គា​ហ្សា​។

​លិខិត​ដដែល​បានសរសេរថា «​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ថ្ងៃទី ​៧ ខែតុលា​។ តើ​នៅពេលណា​ដែល​និពន្ធ​នាយក​របស់​យើង អាច​បង្កើន​តួលេខ​ឱ្យ​ត្រឹមត្រូវ​តាម​ចំនួន​ជាក់ស្ដែង​? «​យើង​ដឹង​ហើយ​ថា ចាប់តាំងពី​ថ្ងៃទី​ ៧ ខែតុលា មក ក្រុម​សិទ្ធិមនុស្ស និង​បាតុករ​រាប់សែន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ចំនួន​អ្នកស្លាប់​ដែលជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​កំពុង​កើនឡើង​នៅក្នុង​តំបន់​ហ្គា​ហ្សា ហើយ​គ្រប់គ្នា​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​»​។

ជាទូទៅ នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក តែងតែ​ព្យាយាម​លើក​ទឡ្ហីករណ៍​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ភាគី​នីមួយៗ​នៅក្នុង​ជម្លោះ​មួយ​នេះ ប៉ុន្តែ​ពួកគេ​មួយចំនួន​ហាក់​ភ្លេច​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ជនរងគ្រោះ​ទាំងសងខាង​។ ស្ថាប័ន​ព័ត៌មាន​ត្រូវ​គិត​អំពី​ពាក្យពេចន៍​ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​បរិយាយ​អំពី​បញ្ហា​នេះ​។

​នៅក្នុង​សំបុត្រ​នោះ ក្រុមអ្នកកាសែត​ក៏បាន​បង្ហាញ​ផងដែរ​ថា «​នៅលើ​វេទិកា​ដែល​ស្ថាប័ន BBC មាន​ទាំងអស់ ពួកគេ​ប្រើប្រាស់​ពាក្យ​ថា (​ការសម្លាប់​រង្គាល និង ភាព​សាហាវឃោរឃៅ​) ពី​សំណាក់​ក្រុម​ហា​ម៉ាស់​តែប៉ុណ្ណោះ ដោយ​ព្យាយាម​បង្ហាញថា​ក្រុម​នេះ​ជា​អ្នក​ញុះញង់ និង​ជា​ជនល្មើស​នៃ​អំពើហិង្សា​នៅក្នុង​តំបន់​។ នេះ​គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​បែរជា​ឃើញ​មាននៅ​គ្រប់ការ​រាយការណ៍​រប​ស់ BBC ទៅវិញ​»​។

​លិខិត​នោះបាន​បន្តថា បើទោះបីជា​ក្រុម​ហា​ម៉ាស់​គឺជា​ក្រុម​ដែល​បានធ្វើការ​វាយប្រហារ​ដ៏​គួរឱ្យ​រន្ធត់​ជាមុន​ទៅលើ​ភាគី​អ៊ីស្រាអែល​ក៏ដោយ ប៉ុន្តែ​មិនមែន​មានន័យថា ការសម្លាប់​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​របស់​អ៊ីស្រាអែល​ជា​រឿង​ត្រឹមត្រូវ​នោះទេ​។ ត្រង់ចំណុច​នេះហើយ​ដែល BBC មិនបាន​ធ្វើការ​រាយការណ៍​ឱ្យ​សម​ហេតុផល និង​ត្រឹមត្រូវ​តាម​ស្ថានភាព​ដែល​កំពុង​កើតឡើង​ជាក់ស្ដែង​។

​លិខិត​របស់​ក្រុមអ្នកកាសែត​នោះ ក៏បាន​ស្នើ​សុំឱ្យ​ស្ថាប័ន​សារព័ត៌មាន BBC ធ្វើការ​ឆ្លុះបញ្ចាំង​ឱ្យបាន​កាន់តែ​ប្រសើរឡើង និង​ព្យាយាម​ផ្សព្វផ្សាយ​ដោយ​ផ្អែកលើ​ភ័ស្តុតាង ជាពិសេស​ព័ត៌មាន​ដែល​បានមកពី​អង្គការ​មនុស្សធម៌​ផ្លូវការ និង​ដែល​គ្មាន​ភាព​លម្អៀង​៕