មេដឹកនាំ​កំពូល​របស់​វៀតណាម​ បាន​សន្យា​បន្ត​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ខ្លាំង​។

​ការប្តេជ្ញាចិត្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​បាន​រកឃើញ​ករ​ណី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ ដែលមាន​ចំនួន​រហូតដល់​ទៅជា​ង ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​។

គួរ​ដឹង​ដែរ​ថា យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​របស់​វៀ​ត​ណា​ម​បានចាប់ផ្ដើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ប៉ុន្តែ​បាន​ផ្ទុះ​ការគាំទ្រ​ខ្លាំង​កាលពី​ឆ្នាំមុន បន្ទាប់ពី​អាជ្ញាធរ​កុ​ម្មុយ​និ​ស្ត​វៀតណាម​បាន​បង្ក្រាប​ករណី​ក្លែងបន្លំ និង​អំពើពុករលួយ​ដ៏​ល្បី​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដូចជា​នាយក​ប្រតិបត្តិ​សាជីវកម្ម​ធំៗ និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋ​។


កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong) បាន​ប្រាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា «​យើង​ត្រូវធ្វើ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​។ យើង​នឹងមិន​ឈប់​ត្រឹមនេះ​នោះទេ ប៉ុន្តែ​នឹង​បន្តធ្វើ​ទៀត​ក្នុង​រយៈពេល​វែង​ទៅខាង​មុខ​»​។

ជាថ្មី​ម្ដងទៀត ការ​ថ្លែង​របស់លោក ចុង នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​រកឃើញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ទៅលើ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ចំនួន​ពីរ ដែល​ទាក់ទង​នឹង​ករណី​ក្លែងបន្លំ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១២,៨ ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៣,២ ភាគរយ​នៃ​សេដ្ឋកិច្ច​។


​នៅក្នុង​រឿងអាស្រូវ​ធំ​ទាំងពីរ​នេះ លោកស្រី ចូ​ង ម៉ៃ​ឡាន (Truong My Lan) ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ រួមជាមួយ​នឹង​បក្ខពួក​របស់លោក​ស្រី បាន​លួច​កិបកេង​ប្រាក់​ចំនួន ១២,៥៤ ប៊ី​លាន​ដុល្លារ​អាមេរិក ពី​ធនាគារ Saigon Joint Stock Commercial Bank នេះ​បើ​យោងតាម​ការស៊ើបអង្កេត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃអាទិត្យ​មុន​។

ករណីនេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅពេលដែល​លោកស្រី ឡាន ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែតុលា ឆ្នាំមុន​។ ករណីនេះ​ក៏បាន​នាំឱ្យមាន​វិបត្តិ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​មូល​ប​ត្រ​បំណុល​សាជីវកម្ម ដែល​លោកស្រី​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​បញ្ចេញ​មូល​ប​ត្រ​បំណុល​ខុសច្បាប់​ជាច្រើន​។

យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដ៏​ស្វិតស្វាញ​របស់​វៀតណាម ត្រូវបាន​គេ​ហៅថា​ជា​យុទ្ធសាស្ត្រ (​គុក​ភ្លើង​) ដែល​ស្រដៀង​នឹង​យុទ្ធនាការ​របស់​ប្រទេស​ចិន​។ យុទ្ធនាការ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង ដែល​បណ្ដាលមកពី​អំពើពុករលួយ​ទាំងអស់នោះ​។ ជា​លទ្ធផល ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​មានការ​ពិបាក និង​តឹងរ៉ឹង​ជាង​មុន ព្រោះ​ក្រុមមន្ត្រី​រាជការ​ខ្លាច​ថា​ពួកគេ​អាច​នឹង​ជាប់​ឈ្មោះ​ក្នុងការ​ស៊ើបអង្កេត​។

រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹង​នោះទេ​ថា តើ​ករណី​លួច​បន្លំ​មាន​ទំហំ​ធំ​ប៉ុនណា ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​វិស័យ​ធនាគារ​។ ជាក់ស្ដែង យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន JP Morgan បានឱ្យដឹងថា ដោយសារតែ​ទំហំ​រឿងអាស្រូវ​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ពេក ដូច្នេះ​ច្បាប់​ហិរញ្ញវត្ថុ​នឹងត្រូវ​រឹតបន្តឹង​ជាង​មុន​។ ការណ៍​នេះ​អាចធ្វើឱ្យ​ធនាគារ​ត្រូវ​ចំណាយ​កាន់តែច្រើន ហើយ​នាំទៅរក​ការ​បន្ថយល្បឿន​កំណើនសេដ្ឋកិច្ច​ទៀតផង​។

កាលពី​ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ធនាគារ​ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​អចលនទ្រព្យ​ដោយសារតែ​ការកើនឡើង​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ (Non-performing loans)​។

កាលពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​វាយតម្លៃ​សហកម្មសិទ្ធិ​របស់​ក្រុមហ៊ុន Moody's បាន​និយាយថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​នៅ​វៀតណាម កំពុង​ប្រឈម​នឹង​សម្ពាធ​កង្វះ​លទ្ធភាព​សងបំណុល​ដ៏​ច្រើន​របស់​ពួកគេ ដោយសារតែ​ប្រាក់ចំណូល​បាន​ធ្លាក់ចុះ ហើយ​ទុនបម្រុង​សាច់ប្រាក់​របស់​ពួកគេ​ក៏បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង ៥ ឆ្នាំ​។

បន្ថែម​លើ​នេះ នៅក្នុង​ករណី​ដោយឡែក​មួយទៀត ប៉ូលិស​បាន​ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះថា Tan Hoang Minh Group ដែល​បានចេញ​សញ្ញាប័ណ្ណ​ខុសច្បាប់​ដល់​វិនិយោគិន​ចំនួន ៦ ៦០០ នាក់ ស្មើនឹង​ទឹកប្រាក់​ចំនួន​ប្រមាណ​ជាង ៣៥០ លាន​ដុល្លារ​អាមេរិក​៕