ទីភ្នាក់ងារការពារព្រំដែន និងឆ្នេរសមុទ្រអឺរ៉ុប Frontex កាលពីថ្ងៃទី ២៣ វិច្ឆិកានេះ បាននិយាយថា ខ្លួននឹងបញ្ជូនមន្ត្រីបន្ថែមទៀតទៅកាន់ប្រទេសហ្វាំងឡង់ នៅសប្តាហ៍ក្រោយ ខណៈដែលបណ្ដាប្រទេសអឺរ៉ុបខាងជើង កំពុងកំណត់ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលចូលមកតាមរយៈច្រកព្រំដែនប្រទេសរុស្ស៊ី។
ទីភ្នាក់ងារ Frontex បាននិយាយលម្អិតនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងដាក់ពង្រាយមន្ត្រីឆ្មាំព្រំដែនចំនួន ៥០ នាក់ និងបុគ្គលិកផ្សេងទៀតទៅកាន់ប្រទេសហ្វាំងឡង់ រួមជាមួយនឹងឧបករណ៍ដូចជារថយន្តល្បាត ដើម្បីជំរុញសកម្មភាពត្រួតពិនិត្យ។
ទីភ្នាក់ងារ Frontex ក៏នឹងបញ្ជូនបុគ្គលិកមួយក្រុមដំបូងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ដែលរួមមានមន្ត្រីឃ្លាំមើលព្រំដែន បុគ្គលិកដើម្បីជួយលើការចុះឈ្មោះជនចំណាកស្រុក អ្នកជំនាញផ្នែករៀបចំទុកដាក់ឯកសារ និងអ្នកបកប្រែជាដើម។
ទាក់ទិននឹងចំណុចនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បាននិយាយថា ប្រទេសរបស់ខ្លួននឹងបង្កើនការប្រមូលព័ត៌មាននៃអ្នកដែលធ្វើដំណើរមកដល់ព្រំដែន តាមរយៈបង្កើតមជ្ឈមណ្ឌលសម្រាប់ការប្រមូលរូបថត ស្នាមម្រាមដៃ និងព័ត៌មានអត្តសញ្ញាណផ្សេងទៀត។
តាមរយៈការរិតបន្តឹងនេះ លោកស្រី Rantanen បាននិយាយនៅលើគេហទំព័រ X ថា៖ «ទាំងអស់នេះគឺធ្វើឡើងក្រោមហេតុផលសន្តិសុខ ព្រោះយើងមិនដឹងថានរណាខ្លះនឹងឆ្លងព្រំដែននោះទេ»។
ក្នុងភាពចលាចលនេះ ហ្វាំងឡង់ បានចោទប្រកាន់ទីក្រុងមូស្គូចំពោះការបើកច្រកព្រំដែនឱ្យអ្នកចំណាកស្រុកប្រហែល ៧០០ នាក់ឆ្លងកាត់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ដោយឡែក អ្នកចំណាកស្រុកទាំងនោះជាប្រជាជននៃប្រទេសដូចជា យេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី។ ប៉ុន្តែយ៉ាងណា ទីក្រុងមូស្គូបានបដិសេដនូវការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងបិទនូវច្រកព្រំដែនទាំងអស់ លើកលែងតែចំណុចឆ្លងកាត់ភាគខាងជើងបំផុតនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចាប់ពីព្រឹកថ្ងៃសុក្រតទៅ ដោយវិធានការដំបូងនឹងត្រូវអនុវត្តក្នុងរយៈពេលមួយខែ៕