ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេស ៣ រួមមានកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងឡើងវិញក្នុងរយៈពេល ៤ ឆ្នាំ នាថ្ងៃអាទិត្យនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រទេសទាំង ៣ នេះបានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ដោយមានការចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ មកដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ប៉ុន្តែផែនការនេះត្រូវបានបង្អាក់ដោយជម្លោះទ្វេភាគីជានិច្ចកាល បូករួមទាំងការរីករាលដាលនៃជំងឺកូវីដ១៩ផង។
កិច្ចប្រជុំកំពូលចុងក្រោយនៃប្រទេសសេដ្ឋកិច្ចយក្សអាស៊ីទាំង ៣ នេះបានធ្វើឡើងនៅឆ្នាំ ២០១៩។
សម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ មក នឹងប្រព្រឹត្តទៅនៅកំពង់ផែមួយនៃទីក្រុងប៊ូសាន( Busan) របស់កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះដែរ គឺត្រូវបាន អ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងបីយល់ព្រមរៀបចំតាំងតែពីខែកញ្ញាមកម្ល៉េះ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា៖ «រដ្ឋមន្ត្រីការបរទេសគ្រោងនឹងផ្លាស់ប្តូរទស្សនៈ លើទិសដៅនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគី រួមទាំងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីលើកទី៩ បូករួមទាំងការពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក»។
គួរជម្រាបថា កិច្ចពិភាក្សានេះធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងជប៉ុន មានការកែលម្អទំនាក់ទំនង រវាងគ្នាហើយថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិក។ ដោយឡែក សម្រាប់ភាគីរដ្ឋាភិបាលក្រុងប៉េកាំងធ្លាប់បានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងជប៉ុនអាចបង្កើនភាពតានតឹង និងការប្រឈមមុខគ្នានៅក្នុងតំបន់។
បន្ថែមពីលើនេះ កិច្ចប្រជុំនៅទីក្រុងប៊ូសាន ក៏ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ដែលទាញការថ្កោលទោសជាអន្តរជាតិចំពោះការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ៕