រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី២៦ វិច្ឆិកា ថា កុំឱ្យយកបញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យាធ្វើនយោបាយ ពេល​មន្រ្តី​ទូត​នៃប្រទេសទាំង២ត្រៀមជួបអ្នកការទូតកំពូលជប៉ុន នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគី ដែលមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ 
 
លោក វ៉ាង បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន យ៉ាងដូច្នេះថា ៖ «ប្រទេសចិន និងកូរ៉េខាងត្បូង បានក្លាយជាដៃគូសហប្រតិបត្តិការ ដោយមានផលប្រយោជន៍រួមបញ្ចូលគ្នាខ្ពស់ ក៏ដូចជាខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ»។ 

លោក វ៉ាង បន្តថា ៖ «ភាគីទាំង២គួរតែរួមគ្នាទប់ទល់នឹងទំនោរក្នុងការយកបញ្ហាសេដ្ឋកិច្ចធ្វើជានយោបាយ ការបង្កើតបញ្ហាវិទ្យាសា្រស្រ្ត និងបច្ចេកវិទ្យា និងការរាប់បញ្ហាពាណិជ្ជកម្មថាជាបញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយ»។  
 
គួរបញ្ជាក់ថា កន្លងមកកូរ៉េខាងត្បូងបានព្យាយាមចៀសខ្លួនពីការជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ជាពិសេសលើបញ្ហាបន្ទះឈីប ដោយយោងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំ ហើយអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ជាពិសេសលើផ្នែកសន្តិសុខ។  
ខណៈចិន និងអាមេរិកព្យាយាមកែលម្អទំនាក់ទំនងដែលបែកបាក់ ក្រុងប៉េកាំងមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តក្នុងតំបន់សំខាន់ៗរួមមានក្រុងតូក្យូ និងសេអ៊ូល កំពុងពង្រឹងភាពជាដៃគូត្រីភាគីរបស់ខ្លួន។ កាលពីខែកក្កដា លោក វ៉ាង ធ្លាប់បានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តទាំង២ អាចធ្វើឱ្យមានភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា។
 
ទោះជាយ៉ាងណាក៏ដោយ លោក វ៉ាង បាននិយាយកាលពីថ្ងៃអាទិត្យដដែលថា៖  «ប្រទេសចិនមានឆន្ទៈរួមគ្នា លើកកម្ពស់ការចាប់ផ្តើមឡើងវិញនៃកិច្ចសហប្រតិបត្តិការត្រីភាគីតាមការកែលម្អ ជាមួយកូរ៉េខាងត្បូង និងជប៉ុន»។
 
តាំងពីឆ្នាំ ២០០៨ មក ចិន កូរ៉េខាងត្បូង និងជប៉ុន បានយល់ព្រមគ្នារៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ដើម្បីជំរុញការផ្លាស់ប្តូរការទូត និងសេដ្ឋកិច្ច ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយបញ្ហាផ្សេងៗ រួមទាំងជំងឺរាតត្បាតកូវីដ១៩។ កិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំនៃប្រទេសទាំង៣ចុងក្រោយ ធ្វើឡើងនៅក្នុងឆ្នាំ ២០១៩។ 
 
ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង៣ បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៦ រួមទាំងសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជំរុញការពិភាក្សាជាក់ស្តែងដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលមួយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន៕