ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao បានសន្យាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ 

លោក Wang បាននិយាយដែរថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងវៀតណាម បាននិងកំពុងសម្រេច «លទ្ធផលជាផ្លែផ្កា» រួចទៅហើយនៅពេលនេះ ក៏ប៉ុន្តែប្រទេសទាំង២នឹងរួមបញ្ចូលផ្នែកយុទ្ធសាស្ត្របន្ថែមទៀតដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។
 
សូមជម្រាបថា ប្រទេសចិន និងសហរដ្ឋអាមេរិកបាននិងកំពុងប្រទាញប្រទង់ដណ្តើមឥទ្ធិពលក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍រួមទាំងវៀតណាមផងដែរ ដោយកាលពីខែកញ្ញាវៀតណាមក៏បានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀតផង។ 

សម្រាប់ចិនវិញ ជារឿយៗតែងមានកិច្ចប្រជុំជាមួយប្រទេសវៀតណាម ជាក់ស្តែងកាលពីដើមខែនេះ អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong ក៏បានជួបសន្ទនាពីទំនាក់ទំនងទ្វេភាគី ព្រំដែនគោក និងបញ្ហាសមុទ្រជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu នៅទីក្រុងហាណូយ។
 
បើតាមប្រភពដែលដឹងពីស្ថានការណ៍នេះ បានប្រាប់សារព័ត៌មានរ៉យទ័រឱ្យដឹងថា មន្ត្រីវៀតណាម និងចិនកំពុងរៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ទីក្រុងហាណូយ ដោយដំបូងឡើយគ្រោងធ្វើឡើងតាំងពីចុងខែតុលា ឬដើមខែវិច្ឆិកា ក៏ប៉ុន្តែក្រោយមក អ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងហាណូយចំនួន៣នាក់បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះទំនងជាត្រូវបានពន្យារពេលរហូតដល់ខែធ្នូ។ 
 
គួរជម្រាបដែរថា ក្នុងដំណើរទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ក្រៅតែពីមានកិច្ចប្រជុំពីទំនាក់ទំនងពាណិជ្ជកម្ម លោក Wang ក៏បានជួបជាមួយលោក Nguyen Van Nen លេខាបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហូជីមិញផងដែរ៕