បទឈប់​បាញ់​រវាង​ក្រុម​ហាម៉ាស់ និង​អ៊ីស្រាអែល ចំនួន ៤ថ្ងៃ ដែល​ជិត​ផុត​សុពលភាព​ទៅ​ហើយ​នោះ ត្រូវ​បាន​ព្រមព្រៀង​អូស​បន្លាយ​ចំនួន ២ ថ្ងៃ​បន្ថែម​ទៀត។ នេះ​បើ​តាម​អ្នក​សម្រុះ​សម្រួល​នៃប្រទេស កាតា ដែល​បាន​និយាយ​កាល​ពីថ្ងៃទី ២៧ វិច្ឆិកា កន្លងទៅ។

តាមរយៈការអូសបន្លាយនេះ មានការរំពឹងទុកខ្ពស់ចំពោះក្រុមឧទ្ទាមហាម៉ាស់ក្នុងការដោះលែងចំណាប់ខ្មាំង ដែលខ្លួនបានចាប់យកទៅក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលក៏នឹងដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគាររបស់ខ្លួនផងដែរ។

យោងតាមតួលេខរបស់អ៊ីស្រាអែលបានឱ្យដឹងថា បន្ទាប់ពីដោះលែងជនជាតិអ៊ីស្រាអែល ១១នាក់ ចេញពីឆ្នេរសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងចំនួន ៦៩នាក់ទៀត ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៤០នាក់។


ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់ឯណោះវិញ បានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារថា អ៊ីស្រាអែលបានដោះលែងកុមារប៉ាឡេស្ទីនចំនួន ៣០នាក់និងស្ត្រី ៣ នាក់នៅក្នុងការផ្លាស់ប្តូរលើកទី ៤ នៃបទឈប់បាញ់។

ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន ហាម៉ាស់ និងអ៊ីស្លាមជីហាត ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Ofer របស់អ៊ីស្រាអែល នៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank ដើម្បីរង់ចាំការដោះលែងជនជាតិប៉ាឡេស្ទីនបន្ថែមទៀត។


យ៉ាងណាមិញ អ៊ីស្រាអែលខ្លួនឯងក៏ធ្លាប់បាននិយាយផងដែរថា ខ្លួនអាចពិចារណាក្នុងការបន្តបទឈប់បាញ់១ថ្ងៃ នៅរាល់ពេលដែលក្រុមហាម៉ាស់ព្រមដោះលែងចំណាប់ខ្មាំងចំនួន១០នាក់។ 

រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងណាមួយសំដៅបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា រដ្ឋាភិបាលបានអនុម័តការបន្ថែមអ្នកទោសស្ត្រីចំនួន ៥០នាក់ទៀតទៅក្នុងបញ្ជីដោះលែងប្រសិនបើក្រុមហាម៉ាស់បន្តដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀត។

នៅក្នុងការអូសបន្លាយនេះ គេនៅមិនទាន់ច្បាស់ទេថា តើចំណាប់ខ្មាំងប៉ុន្មាននាក់នឹងត្រូវបានដោះលែង ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប Diaa Rashwan បាននិយាយថា កិច្ចព្រមព្រៀងដែលកំពុងចរចានឹងរួមបញ្ចូលនូវការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ២០ នាក់ ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ៦០ នាក់ ចេញពីពន្ធនាគារអ៊ីស្រាអែល។

គួរបញ្ជាក់ថា ប្រទេសកាតា និងអេហ្ស៊ីប គឺជាអ្នកដែលមានចំណែកក្នុងការសម្របសម្រួល បទឈប់បាញ់រវាងក្រុមហាម៉ាស់-អ៊ីស្រាអែល ហើយក៏ជាអ្នកចរចាឱ្យបន្តអូសបន្លាយបន្ថែម២ថ្ងៃទៀត ខណៈដែលបទឈប់បាញ់បានផុតកំណត់កាលពីថ្ងៃទី ២៧ វិច្ឆិកាកន្លងទៅ៕