ទីក្រុង​ហុងកុង កំពុង​រៀបចំ​ដាក់​ចេញ​ឱ្យ​អនុវត្ត​កម្មវិធី​សិក្សា​បណ្តុះ​ស្មារតី​ស្នេហាជាតិ​ថ្មី​នៅ​តាម​សាលាបឋម​សិក្សា​ទាំងអស់​នៅ​ត្រឹម​ឆ្នាំ២០២៥។ កម្មវិធី​សិក្សា​នេះ​នឹង​តម្រូវ​ឱ្យ​សិស្សានុសិស្ស​សិក្សា​អំពី​បញ្ហា​សន្តិសុខជាតិ ប្រវត្តិសាស្ត្រ​សង្គ្រាម​អាភៀន និង​ការ​ឈ្លានពាន​របស់​ជប៉ុន​មក​លើ​ប្រទេស​ចិន ជាដើម ពោល​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​របស់​ចិន មាន​ស្មារតីជាតិ​និយម។ 

សិស្សានុសិស្ស​ទាំងអស់​ក៏​នឹង​សិក្សា​អំពី​សមិទ្ធផល​របស់​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្សកុម្មុយនីស្ត​ចិន​ផងដែរ។ យោងតាម​សេចក្ដី​ប្រកាស​ជាផ្លូវ​ការ​មួយ​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​នេះ​មាន​គោលបំណង​ជួយ​សិស្សានុសិស្សឱ្យ​មាន​ភក្ដីភាព​ចំពោះប្រទេស​របស់​ពួកគេ និង​អភិវឌ្ឍន៍​ស្មារតី​ជាតិនិយម តាម​រយៈការ​អប់រំ​ឱ្យ​ពួកគេ​ស្នេហា​ជាតិ​ចាប់​តាំង​ពី​វ័យក្មេង។ 

យោង​តាម​ការិយាល័យ​អប់រំ​ហុងកុង ​បាន​ឱ្យ​ដឹង​ដែរ​ថា ពួកគេ​កំពុង​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​សិក្សា​បច្ចុប្បន្ន​ឱ្យ​សមស្រប​នឹង​ច្បាប់​ជាតិ​ដែលសង្កត់​ធ្ងន់​លើ​ការ​ជំរុញ​ការ​អប់រំ​ស្នេហាជាតិ​នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​តែ​កម្មវិធី​សិក្សា​នៅ​ទីក្រុង ហុងកុង ខុសគ្នា​ពី​ប្រទេស​ចិន​ដីគោក។ 


កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ការិយាល័យ​អប់រំ​បាន​លើក​ឡើង​ថា ពួកគេ​នឹង​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ក្នុង​មុខ​វិជ្ជា​សិក្សា​សង្គម ដោយ​ផ្ដោតលើ​ប្រធានបទ​ទូទៅ​ដូចជា សុខភាព សញ្ជាតិ សហគមន៍ ការស្នេហាជាតិ អត្តសញ្ញាណជាតិ ប្រវត្តិសាស្រ្ត និងសន្តិសុខសង្គម។ 

គួរដឹងដែរថា ទន្ទឹម​នឹង​កម្មវិធី​សិក្សា​ថ្មី​របស់ ហុងកុង ដែល​តម្រូវ​ឱ្យ​សិស្ស​សិក្សា​អំពី​សមិទ្ធផល​របស់​ប្រទេស​ចិន និង​ច្បាប់​សន្តិសុខជាតិ ចិនក៏​នឹង​លុបចោល​ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​បាតុកម្ម​កាល​ពី​ឆ្នាំ ២០១៩ ដែល​ជា​កត្តា​នាំ​ឱ្យ​មាន​ការ​វិវត្ត​ដល់​ការ​ដាក់​ចេញ​ច្បាប់​នេះ​ឡើង​ទៀតផង។ 


គ្រូ​បង្រៀន​ចាស់​វស្សា​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​យល់​ឃើញ​ថា កម្មវិធី​សិក្សា​ថ្មី​នេះ​ហាក់​ដូចជា ចង់​ផ្តោត​សំខាន់​លើ​ការ​អប់រំអំពី​ប្រទេស​ជាតិ ច្រើន​ជាង​ទិដ្ឋភាព​ជាក់​ស្ដែង​ផ្សេងៗ​ទៀត។ 

គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​និយាយ​ថា «នៅ​ក្នុង​វ័យ​របស់​ពួកគេ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​ពួកគេ​ពី​របៀប​រស់នៅ និង​ទម្លាប់​ល្អ ក៏ដូចជា ការ​លើក​កម្ពស់​ការ​ចង់ចេះ ចង់ដឹង និង​ចង់​ឃើញ​អំពី​បរិស្ថាន​ជុំវិញ​របស់​ពួកគ»។ 

នៅពេល​ដែល​លើក​ឡើង​អំពី​កម្មវិធី​សិក្សា​ដែល​ចង់​បង្ហាញ​ពី​សមិទ្ធផល​របស់​ប្រទេស ចិន គ្រូបង្រៀន​ម្នាក់​នេះ​បាន​លើក​ជា​សំណួរថា រដ្ឋាភិបាល​គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ថាតើ​ប្រធានបទ​រសើបៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ដូចជា បញ្ហា​សង្គម​ជាដើម អាច​លើក​ឡើង​យក​មក​ជជែកនៅ​ក្នុង​ថ្នាក់​ដែរ​ឬ​ក៏​យ៉ាងណា។ 

គ្រូ​បង្រៀន​រូបនេះ​បាន​បន្ថែម​ថា «ចិន មាន​បញ្ហា​ប្រវត្តិសាស្ត្រ​ជាច្រើន និង បញ្ហា​ដែល​កំពុង​មាន​ស្រាប់​សព្វថ្ងៃនេះផងដែរ។ យើងត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងអស់​នេះ ដើម្បី​ប្រទេសជាតិ​អាច​មាន​ការ​រីកចម្រើន»។ 

គួររំឭកថា អស់​រយៈពេល​ជាង ១០ ឆ្នាំមកនេះ រដ្ឋាភិបាល​ហុងកុង បាន​ព្យាយាម​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ឱ្យ​មាន​ការ​បណ្ដុះ​ផ្នត់​គំនិត​ស្នេហាជាតិ​ទៅ​ក្នុង​កម្មវិធី​សាលារៀន​ជាច្រើន ប៉ុន្តែ​ហាក់​មិន​អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន​នោះទេ។ ជាក់ស្ដែង កាល​ពី​ឆ្នាំ ២០១២ សំណើ​ឱ្យ​មានកម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​ស្នើឡើង​ឱ្យ​ដាក់​បញ្ចូល​នៅ​តាម​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប៉ុន្តែ​សិស្សានុសិស្ស​បាន​ធ្វើ​ពហិការ​មិន​ទៅសាលា និង​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង​នៅក្នុង​ថ្នាក់រៀន ក្រោយ​មក​អាជ្ញាធរ​ក៏​បង្ខំចិត្ត​ផ្អាក​ផែនការ​នេះ​បណ្តោះ​អាសន្ន​សិន។ 

បន្ទាប់ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខជាតិ​នៅ​ឆ្នាំ ២០២០ ដែល​បង្ក​ឡើង​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ចិន បានព្យាយាម​ធ្វើ​ការ​ផ្លាស់ប្តូរ​កម្មវិធី​អប់រំ​ទ្រង់ទ្រាយ​ធំ​ម្ដង​ទៀត ពោល​គឺ​បាន​លុប​ចេញ​នូវ​កម្មវិធី​សិក្សា​បែបសេរី​និយម​ចេញ​ពី​សាលាមធ្យម​សិក្សា ហើយ​បាន​បង្កើត​លក្ខខណ្ឌ​ឱ្យ​គ្រូ​បង្រៀន ត្រូវ​តែ​ទទួល​បាន​ការ​បណ្តុះបណ្តាល​នៅ​ចិន​ដី​គោក​ជាកំហិត៕