ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា បាន​ជជែក​ដេញដោល​គ្នា​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជុំវិញ​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​លើកដំបូង​របស់​ទីក្រុង​ព្យុងយ៉ាង និង​មូលហេតុ​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់។ ការជជែក​នេះ​បានធ្វើ​ឡើងជា​សាធារណៈ​ដោយផ្ទាល់​មុខ​គ្នា ដែលជា​រឿង​ដ៏​កម្រ​កើតមាន​ណាស់​រវាង​ប្រទេស​បច្ចាមិត្ត​ទាំង២។

បន្ទាប់ពី​អវត្តមាន​ជិត៦ឆ្នាំ​មក ប្រទេស​កូរ៉េខាងជើង​បានសម្រេច​ចាប់ផ្តើម​បញ្ជូន​បេសកជន​របស់ខ្លួន​ទៅកាន់​អង្គការសហប្រជាជាតិ​ម្តងទៀត ដើម្បី​ចូលរួម​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​កាលពី​ខែកក្កដា ហើយ​កាលពី​ថ្ងៃ​ចន្ទ​ក្រុមប្រឹក្សា​ដែលមាន​សមាជិក ១៥ប្រទេស​នេះ​បាន​ជួបប្រជុំគ្នា​ដើម្បី​ជជែក​អំពី​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅ។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោកស្រី លីដា ថូ​ម៉ាស​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) និង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង លោក គីម សុង (Kim Song) បានធ្វើការ​ថ្លែង​ដោយ​មិនបាន​គ្រោងទុកជាមុន​ឡើយ ពោលគឺ​អ្នក​ទាំង២ បាន​ចូលរួម​ក្នុង​ការជជែក​ដេញដោល​គ្នា​អំពី​សិទ្ធិ​នៃ​ការឆ្លើយតប ដោយម្នាក់ៗប្រកែក​ថា​ប្រទេស​របស់​ពួកគេ​សុទ្ធតែ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ដើម្បី​ការពារ​ខ្លួន និង​សន្តិសុខ​តំបន់​តែប៉ុណ្ណោះ។


លោក គីម បាន​ថ្លែង​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ថា សហរដ្ឋអាមេរិក​កំពុង​គំរាមកំហែង​ដោយ​អាង​ខ្លួន​ថា​មាន​អាវុធ​នុយក្លេអ៊ែរ។ លោក​បាន​បញ្ជាក់ថា វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​កូរ៉េខាងជើង ក្នុងនាម​ជា​ភាគី​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ក្នុង​ការដែល​អាច​ផលិត​បាញ់​សាកល្បង និង​សមត្ថភាព​អាវុធ​ស្រដៀង​នឹង​សហរដ្ឋអាមេរិក។

កន្លងមក កូរ៉េខាងជើង​បាន​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ២០០៦ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល រួមទាំង​ការហាម​មិនឱ្យ​ផលិត​មី​ស៊ី​ល​ផ្លោង​ទៀតផង។


យ៉ាងណាមិញ ថ្មីៗនេះ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​ផ្កាយរណប ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហាមឃាត់​ទាំងនេះ ហើយ​កូរ៉េខាងជើង​ក៏​តែងតែបាន​ធ្វើតេស្ត​បាញ់​មី​ស៊ី​ល​ផ្លោង​ជាច្រើនលើក​ក្នុង​រយៈពេល ២០ខែ​ចុង​ក្រោយនេះ។ សហរដ្ឋអាមេរិក​ក៏បាន​ព្យាយាម​ព្យាករ​ថា​កូរ៉េខាងជើង​អាច​នឹងធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ជា​លើក​ទី៧ នៅ​ថ្ងៃ​ខាងមុខនេះ។

ដោយឡែក លោកស្រី ថូ​ម៉ាស​ហ្គ្រី​ន​ហ្វៀ​ល បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការអះអាង​របស់​កូរ៉េខាងជើង​ដែលថា​ការបាញ់​មី​ស៊ី​ល​របស់​ពួកគេ​គឺជា​ការឆ្លើយតប​ក្នុង​គោលបំណង​ការពារ​ខ្លួន​ចំពោះ​សមយុទ្ធ​យោធា​ទ្វេភាគី​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត។

លោកស្រី​បាន​បញ្ជាក់ថា សមយុទ្ធ​របស់​អាមេរិក​គឺជា​សកម្មភាព​ដែល​កើត​ឡើងជា​ទម្លាប់ ក្នុងន័យ​ពង្រឹង​ការការពារ និង​ជា​សមយុទ្ធ​ដែល​តែងតែបាន​ប្រកាសប្រាប់​ជាមុន។

ការពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ពាក់​ព័ន្ធ​នឹង​កូរ៉េខាងជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក រុស្ស៊ី និង​ជប៉ុន​បាន​ជាប់គាំង​នៅក្នុង​ឆ្នាំ២០០។ សូម្បីតែ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម​ជុង​អ៊ុន (Kim Jong Un)​ និង​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump)ក្នុង​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ក៏ត្រូវ​បាន​បរាជ័យ​ដែរ។

លោក គីម បាន​និយាយថា ដរាបណា​នៅមាន​ការគំរាមកំហែង​ផ្នែក​យោធា​ជា​បន្តបន្ទាប់ កូរ៉េខាងជើង​នឹង​បន្តសកម្មភាព​ដូច​សព្វថ្ងៃ​កាន់តែខ្លាំង​ឡើង។ ដោយឡែក លោកស្រី ថូ​ម៉ាស​ហ្គ្រី​ន​ហ្វៀ​ល​បាន​និយាយថា សកម្មភាព​របស់​កូរ៉េខាងជើង​គឺ​កើតចេញពី​ការ​ស្រមើ​ស្រ​ម៉ៃ​ថា​មានការ​វាយប្រហារ​រប​ស់​សហរដ្ឋអាមេរិក។ លោកស្រី​ក៏បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​ចង់​ផ្តល់ជំនួយ​មនុស្សធម៌​ទៅឱ្យ​កូរ៉េខាងជើង មិនមែន​អាវុធ​ដើម្បី​ធ្វើបាប​ប្រជាជន​ខ្លួន​នោះទេ។

អស់​ជាច្រើន​ឆ្នាំ​មកនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជួបនឹង​ភាពចម្រូងចម្រាស​ជុំវិញ​ដំណោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង ដោយ​រុស្ស៊ី និង​ចិន​បាន​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​បន្ថែម និង​ចង់​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដែលមាន​ស្រាប់។

ពួកគេ​បាន​ស្តីបន្ទោស​សមយុទ្ធ​យោធា​អាមេរិក និង​កូរ៉េខាងត្បូង ថា​ចង់​បង្ករឿង​ជាមួយ​កូរ៉េខាងជើង ខណៈដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ចិន និង​រុស្ស៊ី​ថា​បាន​ការពារ​កូរ៉េខាងជើង​ពី​ការដាក់ទណ្ឌកម្ម៕