នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី បានព្រមព្រៀងពង្រឹងទំនាក់ទំនងរបស់ពួកគេ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្មនិងទេសចរណ៍ផងដែរ។ ការឈានដល់កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (SretthaThavisin) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់គយថ្មីឈ្មោះថា សាដាវ (Sadao) ក្នុងខេត្តសុងក្លា (Songkhla)។
ជំនួបនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍនៅតំបន់ព្រំដែនរួមគ្នា។ ក្នុងជំនួបនេះ ក៏មានមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ រួមមានរដ្ឋមន្ត្រីទេសចរណ៍និងកីឡារបស់ថៃ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃរដ្ឋមន្ត្រីក្រសួងការងាររបស់ម៉ាឡេស៊ី និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ី។
ប្រទេសទាំង២ បានបង្ហាញពីភាពខ្នះខ្នែងក្នុងការជំរុញការអភិវឌ្ឍព្រំដែនរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់។ លោក សេតថា បានស្នើឱ្យមានផែនការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងបានស្នើឱ្យម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។
លោកបានជំរុញឱ្យម៉ាឡេស៊ី ពន្លឿនកិច្ចព្រមព្រៀងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងស្នើឱ្យមានការសហការកាន់តែជិតស្និទ្ធរវាងធុរជនក្នុងស្រុកដើម្បីបង្កើនពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍតាមព្រំដែន។
កិច្ចព្រមព្រៀងស្ដីពីការជំរុញទេសចរណ៍រវាងប្រទេសថៃ និងម៉ាឡេស៊ី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរម៉ាឡេស៊ីមិនចាំបាច់បំពេញទម្រង់បែបបទមួយចំនួននៅច្រក សាដាវរហូតដល់ខែមេសា ឆ្នាំ២០២៤។ លើសពីនេះ ប្រទេសថៃមានបំណងបង្កើតនាយកដ្ឋានមួយនៅក្នុងក្រសួងឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយផលិតផលអាហារហាឡាល់ របស់ខ្លួនទៀតផង។
ប្រទេសទាំង២ ក៏បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហារត់ពន្ធសត្វព្រៃ ដោយពួកគេនឹងពិនិត្យមើលសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃនៅខែកុម្ភៈឆ្នាំក្រោយ។
បន្ថែមលើនេះ ពួកគេក៏បានព្រមព្រៀងគ្នាពន្លឿនការកសាងគម្រោងផ្លូវតភ្ជាប់ច្រកសាដាវ និងប៊ូគិតកាយូហ៊ីតាំ (Bukit KayuHitam) និងគម្រោងស្ពានតភ្ជាប់តំបន់ស៊ុនហ្កាយ កូឡុក (Sungai Kolok) ក្នុងខេត្តណារ៉ាធីវ៉ាត (Narathiwat) ទៅតំបន់រ៉ាន់តាវប៉ាន់ចាង (RantauPanjang) ក្នុងខេត្តកេឡាតាន់(Kelantan) ដើម្បីបង្កើនពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែងាយស្រួល។
បន្ទាប់ពីកិច្ចប្រជុំ លោក សេតថា បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ប្រទេសទាំង២ មានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ៣០ លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ខាងមុខ។ លោកបានបន្ថែមថា ការបញ្ចប់គម្រោងផ្លូវ និងស្ពាននឹងអាចបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍បន្ថែមទៀត។
ក្នុងឆ្នាំ២០២៣ ប៉ុស្តិ៍ត្រួតពិនិត្យថៃ បានប្រមូលប្រាក់ចំណូលបានចំនួនប្រមាណ ២២០ លានដុល្លារ សហរដ្ឋអាមេរិក និងទំហំពាណិជ្ជកម្មមានតម្លៃប្រមាណជាង ១២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ក្នុងរយៈពេល ១ ឆ្នាំ កន្លងមក មនុស្សជាង ៥ លាននាក់ និងរថយន្តដឹកទំនិញចំនួនជាង ៦៥ ម៉ឺនគ្រឿង បានឆ្លងកាត់ រាប់ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា។
បន្ថែមលើនេះ លោក សេដ្ឋា ក៏បានបង្កើត «ក្រុមសន្ទនាសន្តិភាព» ដឹកនាំដោយលោក ឆាតឆៃ បាងឆួត (Chatchai Bangchuad) អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីត្រួតពិនិត្យដំណើរទាំងនេះ។ ក្នុងនោះ ក៏មានគណៈកម្មការដែលមានសមាជិកមកពីស្ថាប័នផ្សេងៗដូចជា មជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនភាគខាងត្បូង ក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាសន្តិសុខជាតិ និងទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤៕