អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​ម្នាក់ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី២៩​ ខែ​វិច្ឆិកា​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​រំពឹង​ថា​នឹង​ឈ្នះ​ការប្រណាំង​សព្វាវុធ​នៅ​ដំណាក់​កាល​បន្ទាប់​នេះ​នោះ​ទីក្រុង​វ៉ាស៊ីនតោន​យល់​ខុសហើយ​។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ លើ​កិច្ច​«ការមិន​រីកសាយ​ភាយ និង​ការគ្រប់គ្រង​អាវុធ» បាន​ប្រាប់​កាសែត Izvestia ប្រចាំថ្ងៃ​របស់​រុស្ស៊ី​​ថា កាលៈទេសៈ​បច្ចុប្បន្ន​មិន​អំណោយផល​ដល់​កិច្ចពិភាក្សា​អាវុធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ទេ។

សារព័ត៌មាន Izvestia បាន​ដកស្រង់​សម្តី​លោក Ryabkov ដែល​និយាយថា៖«​ប្រសិនបើ​សហរដ្ឋអាមេរិក​រំពឹង​ថា​នឹង​ឈ្នះ​ការប្រកួត​សព្វាវុធ​​នៅ​ជំហាន​បន្ទាប់ ដោយនិយាយ​ឡើងវិញ​ពីកម្រិត​ខ្លះ​នៃ​បទពិសោធន៍​នៃ​តំណែង​ប្រធានាធិបតី​របស់ Ronald Reagan ... នោះ​ជន​ជាតិ​​អាមេរិក​មាន​កំហុស»។


«យើង​នឹងមិន​ចុះចាញ់​នឹង​ការបង្ក​ហេតុ​ទេ... ប៉ុន្តែ​យើង​អាច​ធានាថា​យើង​នឹង​ធានា​សុវត្ថិភាព​របស់​យើង»។

ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច​ជាច្រើន​បាន​ធ្លាក់ចុះ​បន្ទាប់ពី​ការ​លុកលុយ​ពេញលេញ​របស់ប្រទេសមួយនេះលើ​​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២​ ដោយ​ទីក្រុង​ម៉ូស្គូ​ឥឡូវនេះ​និយាយថា​ខ្លួន​កំពុង​ប្រយុទ្ធ​នឹង​អ្វីដែល​ខ្លួន​​ហៅថា«សមូហភាពពួក​បស្ចិម​ប្រទេស» នៅ​អ៊ុយ​ក្រែ​ន។


ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​ពួក​បស្ចិមលោក​ថា លោក​មិន​«និយាយ​បំផ្លើស​ទេ» នៅពេលដែល​លោក​បាន​និយាយថា លោក​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​​បូរណភាព​ទឹកដី​របស់​រុស្ស៊ី​ត្រូវបាន​គំរាមកំហែង ហើយ​បាន​អះអាង​ពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ។

លោក Ryabkov បាន​រំឭក​ឡើងវិញ​នូវ​ជំហរ​របស់​រុស្ស៊ី​ ថា ទីក្រុង​ម៉ូស្គូ​​ មិន​គំរាមកំហែង​ដល់​ជម្លោះ​យោធា​ជាមួយ​ណា​តូ​ទេ ប៉ុន្តែ​បាន​និយាយថា ការកើនឡើង​ដែល​អាច​កើតមាន​គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​សម្ព័ន្ធ​មិត្ត។

លោក​​ និយាយថា៖​«ភាពទទួល​ខុសត្រូវ​​ទាំងស្រុង​​គឺ​​នៅ​ខាង​​ណា​តូ»។

លោក​បាន​បន្ថែមថា ទំនាក់ទំនង​របស់​ទីក្រុង​ម៉ូស្គូ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​គឺ​អាក្រក់​ខ្លាំង​ណាស់ ដែល«ការ​ប្រេះឆា» អាចធ្វើ​ទៅបាន ប៉ុន្តែ​ប្រទេស​រុស្ស៊ី​នឹងមិន«ចាប់ផ្តើម​ជំហាន​បែប​នេះ​ទេ»។

លោក Ryabkovបាន​និយាយថា៖«ស្ថាន​ភាពមិន​អំណោយផល​ដល់​ការផ្លាស់ប្តូ​រសញ្ញា (នៅលើ​ការគ្រប់គ្រង​អាវុធ)​ទេ​​ សូម្បីតែ​លើបញ្ហាសំខាន់ៗបែបនេះ»៕