នាវា​កងទ័ពជើងទឹក​ចិន​ចំនួន ៣គ្រឿង​បានធ្វើ​ដំណើរ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ កាលពី​ថ្ងៃ​ចន្ទ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​មិត្តភាព​មួយ ហើយក៏​ជាការ​បង្ហាញ​ពី​ការចូលរួម​ក្នុង​វិស័យ​ពារ​ជាតិ​របស់​ចិន ជាពិសេស​អំឡុងពេល​ដែល​ភាព​តានតឹង​កំពុង​បន្ត​កើតមាន​រវាង​កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​បះបោរ​នៅ​ជិត​ព្រំដែន​ចិន។

កង​នាវាចរ​រំដោះប្រជាជន​ចិន ឬ​ហៅ​កាត់​ថា (People's Liberation Navy) បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​បាញ់​មី​ស៊ី​ល​ពិឃាត​ឈ្មោះថា ជឺ​ប៉ូ(Zibo) និង​នាវាចម្បាំង​ប្រភេទ ជិ​ង​ចូ​វ(Jingzhou)ត្រូវបាន​នាវាចម្បាំង​មី​យ៉ាន់​ម៉ា​នាំ​ផ្លូវ​ដើម្បី​ចូល​ចត​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន (Yangon) ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឧ​ត្ត​មនា​វី​ឯក ស៊ុន បូ (Sun Bo) កំពុង​ដឹកនាំ​កងកម្លាំង​ចំនួន ៧០០ នាក់ ក្នុងការ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​រយៈពេល ៤ថ្ងៃ ក្នុងនោះ​ក៏មាន​នាវា​ផ្គត់ផ្គង់​របស់​ចិន​ឈ្មោះថា ឈាន​តាវ​ហ៊ូ (Qiandaohu) ផងដែរ​ហើយ​ពួកគេ​មាន​គម្រោង​ធ្វើ​សមយុទ្ធ​សន្តិសុខ​ជើង​ទឹក​ជាមួយ​មី​យ៉ាន់​ម៉ា នេះ​បើ​យោងតាម​ការរាយការណ៍​របស់​កាសែត​មី​យ៉ាន់​ម៉ា​ឈ្មោះថា ​Global New Light of Myanmar។


កង​នាវា​ចិន​ដែល​បាន​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា​លើក​នេះ គឺជា​ផ្នែក​មួយ​នៃ​កង​នាវា​ទី៤៤របស់​កងទ័ពជើងទឹក​ចិន ដែល​បានធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ចោរកម្ម​សមុទ្រ​នៅ​ឈូង​សមុទ្រ​អាដេ​ន (Aden) និង​នៅ​ឆ្នេរសមុទ្រ​ប្រទេស​សូ​ម៉ាលី​ចាប់តាំងពី​ឆ្នាំ២០០៨កន្លងមក។ កង​នា​វាទី៤៤នេះ ​ក៏​ត្រូវបាន​គេ​ឃើញថា​ធ្លាប់បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​កាលពី​ដើមខែ​នេះ​ផងដែរ។

ចាប់តាំងពី​ចុងឆ្នាំ២០២២ យោធា​របស់​ចិន​បាន​បង្កើន​សកម្មភាពរ​បស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គួរឱ្យកត់សម្គាល់ ពោលគឺ​បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ បាន​ធូរស្រាល។ ថ្មីៗនេះ កងទ័ពជើងទឹក​ចិន និង​វៀតណាម​បានធ្វើការ​ល្បាត​រួមគ្នា​លើក​ទី៣៥របស់​ពួកគេ​នៅ​ឈូង​សមុទ្រ ប៉ី​ប៊ូ (Beibu) ដែលជា​សកម្មភាព​ដែល​ពួកគេ​តែងតែ​រួមគ្នាជារឿយៗចាប់តាំងពី​ឆ្នាំ២០០៥ មក។ លើសពីនេះ កងទ័ព​ចិន​ក៏បាន​រៀបចំ​កម្មវិធី​ផ្លាស់ប្ដូរ​វិស័យ​ការពារជាតិ​ទ្វេភាគី​នៅ​ព្រំដែន​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​របស់​ឡាវ​ទៀតផង។


នាវា​កងទ័ពជើងទឹក​ចិន​បាន​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា ចំពេល​ជម្លោះ​កំពុង​បន្ត​កើតមាន​រវាង​កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​បះបោរ​ជនជាតិភាគតិច​នៅ​ជិត​ព្រំដែន​ចិន។

ប្រទេស​ចិន​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ជុំវិញ​ស្ថានភាព​នេះ ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី។ម្យ៉ាងទៀត ទាហាន​ចិន​ក៏​បាននិងកំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅតាម​ព្រំដែន​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់​ពួកគេ ក្នុងករណី​អាសន្ន​ដែល​អាច​កើតមានឡើង​ណាមួយ។

សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ចិន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​បណ្តុះបណ្តាល​ប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ យោងតាម​កាសែត PLA Daily បាន​លើកឡើងថា ជម្លោះ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​យ៉ាងច្រើន ហើយ​កត្តា​នេះ​បាននិងកំពុង​ធ្វើឱ្យ​ស្ថានភាព​សន្តិសុខ​កាន់តែ​ស្មុគស្មាញ៕