ទីភ្នាក់ងារ​អវកាស​នៃ​ប្រទេស​ជប៉ុន បាន​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត​ដោយ​ពួកចោរ​បច្ចេកវិទ្យា​ហ៊ែ​ក​ឃើ​រ (Hackers) ប៉ុន្តែ​ពួកគេ​មិនអាច​ចូល​ប្រើ​ទិន្នន័យ​សំខាន់ៗ​ដែល​រួម​បញ្ចូល​ទាំង​ព័ត៌មាន​ស្ដីពី​ប្រតិ​​ប​ត្តិ​ការ​រ៉ុក្កែត និង​ផ្កាយរណប​នោះទេ​។ នេះ​បើតាម​មន្ត្រី​នាំ​ពាក្យ​របស់​ភ្នាក់ងារ​នា​ថ្ងៃ​ពុធ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ទី​ភ្នា​ក់​​ងារ​រុករក​អវកាស​ជប៉ុន (JAXA) ដែល​និយាយថា​៖ «​មានលទ្ធភាព​នៃ​ការចូល​ប្រើ​ទិន្នន័យ​ដោយ​គ្មាន​ការអនុញ្ញាត ដោយ​ការ​ឆ្លៀតឱកាស​លើ​ភាព​ងាយ​រងគ្រោះ​នៃ​ឧបករណ៍​បណ្តាញ​»​។​

​មន្ត្រី​នាំពាក្យ​ដដែល​និយាយទៀតថា ទីភ្នាក់ងារ​អវកាស​បានដឹង​ពី​លទ្ធភាព​នៃ​ការចូល​ប្រើ​ទិន្នន័យ​ដោយ​គ្មាន​ការអនុញ្ញាត បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អង្គការ​ខាងក្រៅ ហើយ​ធ្វើការ​ស៊ើបអង្កេត​ផ្ទៃក្នុង​។  


​តាម​រ៉​យ​ទ័​រ​អ្នកនាំពាក្យ​ដដែល​បដិសេធ​សុំ​មិន​បញ្ជាក់​ព័ត៌មាន​លម្អិត​ផ្សេងៗ រួមមាន​ថា​តើ​ការ​​វាយប្រហារ​កើតឡើង​ពិតប្រាកដ ពេលណា ក្រុម​ហ៊ែ​ក​ឃើ​រណា​មួយ​ជាប់​ការសង្ស័យថា​នៅ​ពីក្រោយ​សកម្មភាព​បែបនេះ​ឬថា​តើ​អង្គការ​ខាងក្រៅ​ណា​ដែល​ផ្ដល់ព័ត៌មាន​ឱ្យ​ភ្នាក់ងារ​អវកាស​ស្ដីពី​ការ​​វាយប្រហារ​នោះទេ​។

​អ្នកនាំពាក្យ​បាន​បន្ថែមថា រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ ហើយ​ស្វែងរក​ការកំណត់​អត្តសញ្ញាណ​ប្រភព​នៃ​ការវាយប្រហារ វិសាល​ភាព​នៃ​ការខូចខាត និង​ភាព​ងាយ​រងគ្រោះ​ណាមួយ​នៅក្នុង​ប្រព័ន្ធ​សន្តិសុខ​នៃ​ទីភ្នាក់ងារ​នេះ​។​


JAXA​ ​ស្ថិតក្នុង​ចំណោម​ក្រុម​ហ៊ុន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រហែល ២០០ ដែល​រងគ្រោះ​ដោយ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​ ២០១៦ និង​ឆ្នាំ ​២០១៧ ដែល​គេ​ជឿថា​ធ្វើឡើង​ដោយ​ក្រុម​ចារកម្ម​ចិន​ក្រោម​ការដឹកនាំ​របស់​កង​ទ័ព​រំដោះប្រជាជន​៕ ​