វៀតណាម​កំពុង​ប្តេជ្ញាចិត្ត​បញ្ចប់​កំណែទម្រង់​ផែនការ​អាកាសធាតុ​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​អភិឌ្ឍន៍​ឧស្សាហកម្ម ហៅ​កាត់​ថា «G7» និង​អ្នកផ្តល់​ប្រាក់កម្ចី​ពហុភាគី​ដែល​អាច​ផ្តល់ប្រាក់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​នៅក្នុង​ប្រទេស​។ នេះ​បើ​យោងតាម​មន្ត្រី​បរទេស​ដែល​ដឹង​អំពី​កិច្ចពិភាក្សា​នេះ​។​

​ឯកសារ​ដែល​គេ​ស្គាល់​ថា​ជា​ផែនការ​កៀរគរ​ធនធាន​ត្រូវតែ​ព្រមព្រៀង​ជាមួយ​អ្នកវិនិយោគ​ឱ្យ​រួចរាល់​មុន​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ (COP28) ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​​ ៣០ ខែវិច្ឆិកា​នាទី​ក្រុង​ឌូ​បៃ ដើម្បី​អាច​ទទួល​កម្ចី​ខ្នាត​ធំ​យកមក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។​


​គេហទំព័រ​រដ្ឋាភិបាល​វៀតណាម​បាន​ផ្សាយ​ឱ្យដឹងថា នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក Pham Minh Chinh នឹងចូលរួម​កិច្ចប្រជុំ COP28 ចាប់ពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ៣ ខែធ្នូ ខណៈ​គេ​រំពឹងថា​ផែនការ​ថ្មី​ដែល​កំពុង​កំណែទម្រង់​អាច​ត្រូវបាន​ប្រកាស​នៅ​ទីនោះ​។​

​បើតាម​មន្ត្រី​បរទេស ​១ ​រូប​ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ការងារ​មួយចំនួន​នៅតែ​ដំណើរការ​ជា​ចម្បង​សម្រាប់​វៀតណាម​ពិសេស​លើ​ការផ្លាស់​​ប្តូរ​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ និង​ឧ​ប​​សគ្គ​សម្រាប់​ការវិនិយោគ​។​


​ចំណែក​មន្ត្រី​មួយរូប​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច គ្នា​បានឱ្យដឹងថា មកទល់​ពេល នេះ​កំណែទម្រង់ គឺ​មិនមាន​បញ្ហា​អ្វី​ធំដុំ​នោះទេ ពោលគឺ​រង់ចាំតែ​ការអនុម័ត​កំណែ​ចុង​ក្រោយ​ប៉ុណ្ណោះ​។​

​ស្របពេល​ជាមួយគ្នានេះ​ក្រ​សួង​បរិស្ថាន និង​ការិយាល័យ​នាយករដ្ឋមន្ត្រី​វៀតណាម​មិន បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំ​​ណើ​សុំ​ការអត្ថាធិប្បាយ​របស់​ក្រុម​អ្នកសារព័ត៌មាន​ទេ​។​

​បើតាម​កំណែទម្រង់​ព្រាង​កាលពី​ចុងខែ​តុលា ព័ត៌មាន​​រ៉​យ​ទ័​របា​នរាយ​បញ្ជី​ការប្តេជ្ញា​ចិត្ត​របស់​វៀតណាម​ចំពោះ​គម្រោង​ជាង​ ៤០០ ​ដែល​អាចនឹងទទួល​បាន​ប្រាក់​យ៉ាងច្រើន​ពី​សមាជិក​ប្រទេស G7 ​រួមទាំង​គម្រោង​ចំនួន ២៧២ ​ផ្សេងទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដូចជា​ការធ្វើឱ្យ​ប្រសើរ​បណ្តាញ​អគ្គិសនី​ខ្យល់ និង​កសិដ្ឋាន​ពន្លឺព្រះអាទិត្យ​ឬ solar farms​។​

​ដោយឡែក​ក្រោម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​តាំងពី​ឆ្នាំមុន​ជាមួយ​អ្នកវិនិយោគ​បរទេស​ដែល​ភាគច្រើន​មកពី​ប្រទេស​សមាជិក G7 វៀតណាម​អាចនឹងទទួល​បាន​ប្រាក់​ប្រមាណ ១៥,៥​ ពាន់​លាន​ដុល្លារ​ ដែល​ភាគច្រើន​ជា​កម្ចី​ពាណិជ្ជកម្ម​តាម​អត្រា​ទីផ្សារ​ក្នុង​រយៈពេល​ ៣-៥ ​ឆ្នាំ​ដើម្បី​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​កាត់​បន្ថយ​ការពឹង​ផ្អែកលើ​ធ្យូងថ្ម​។​

​យ៉ាងណាក៏ដោយ បើទោះបី​​ជា វៀតណាម​អាច​ទទួលបាន​កម្ចី​ក្នុង​ទំហំ​ធំ​ពី​អ្នកវិនិយោគ ក៏​គេ​មិន​ប្រាកដថា​វៀតណាម​ពិតជា​នឹង​យកប្រាក់​កម្ចី​តាម​ការ​​ផ្តល់ជូន​នោះទេ ខណៈ​កន្លងមក​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម មានការ​ស្ទាក់ស្ទើរ​ក្នុង​ការទទួល​យកប្រាក់​កម្ចី​ពី​បរទេស​មួយចំនួន​នាពេល​កន្លងមក​៕