ប្រទេសកាតា ​ដែល​ជា​ភាគី​សម្របសម្រួល​​ឱ្យ​មាន​បទឈប់បាញ់ ​​រវាង​​ភាគី​អ៊ីស្រាអែល និង​​ក្រុម​ហា​ម៉ាស​ប៉ាឡេស្ទីន​​កំពុងតែ​ចរចា​គ្នា​បន្ថែម​ទៀត​ ដើម្បី​ពន្យារ​បទ​ឈប់​បាញ់ ​​ដែលបានបន្ថែម ​​​២ ថ្ងៃ​ លើ​បទ​ឈប់​បាញ់​ចាស់​ ដែល​មាន​សុពលភាព​​ត្រឹមតែ​​ ៤​ ថ្ងៃ​ ដើម្បី​ដោះដូរ​ចំណាប់ខ្មាំង​និង​អ្នក​ទោស​​ និង​ការ​​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅកាន់​តំបន់​ហ្គាហ្សា។ 

គិត​មកដល់​ពេល​នេះ ​នៅ​សល់​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ ដែល​កិច្ច​ព្រមព្រៀង​នឹងត្រូវ​ផុត​កំណត់ ហើយ​ប្រសិនបើ​មិនមាន​ការសម្រេច​ក្នុងការ​បន្ត​បទ​ឈប់​បាញ់​នោះទេ ភ្លើងសង្គ្រាម​នឹងត្រូវ ឆាប់ឆេះ​ជាថ្មី បន្ទាប់ពី​ផ្អាក​អស់​រយៈពេល៦​ថ្ងៃ។

នា​ថ្ងៃទី​២៩​វិច្ឆិកា ​ផងដែរ គ្រួសារ​នៃ​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល ត្រូវបាន​គេ​ជូនដំណឹង​អំពី​បញ្ជី​ឈ្មោះ អ្នក​ដែល​នឹងត្រូវ​ដោះលែង​បន្ទាប់​ទៀត ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុម​ចំណាប់ខ្មាំង​ចុងក្រោយ​នេះ​នឹង​មិនទាន់​អាចមាន​សេរីភាព​នោះទេ ប្រសិនបើ​មិនមាន​ការបន្ត​បទ​ឈប់​បាញ់។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​អ៊ីស្រាអែល។


ប៉ុន្តែ​យ៉ាងណា​បន្ទាប់ពី​ការដោះលែង​ជា​បន្តបន្ទាប់​កន្លងទៅ​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ដែល​នៅ​មិនទាន់មាន​សេរីភាព​គឺ​នៅសល់​ស្ត្រី​និង​កុមារ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​នេះ​ក៏​បានសេចក្ដីថា ប្រសិនបើ​បទ​ឈប់​បាញ់​នៅ​បន្ត​អូសបន្លាយ​ថែមទៀត​ចំណាប់ខ្មាំង​ជា​បុរស​អាច​នឹង​ត្រូវបាន​ដោះលែង​ជា​លើកដំបូង។

ដោយឡែក​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ម្នា​ក់ បាន​និយាយថា​ទោះបីជា​ភាគី​ទាំង២​​មាន​ឆន្ទៈ​ក្នុងការ​អូសបន្លាយ​បទ​ឈប់​បាញ់​ក៏ដោយ​ក៏​មិនទាន់មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បានសម្រេច​នៅឡើយ​ទេ។ មន្ត្រី​រូបនេះ​បាន​និយាយទៀតថា​ការពិភាក្សា​នៅតែ​កំពុងដំណើរការ​ជាមួយ​អ្នក​សម្របសម្រួល​គឺ អេ​ហ្ស៊ី​ប​និង​កាតា។


ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ឯណោះ​វិញ ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​នៃ​កិច្ចពិភាក្សា​ណាមួយ​ឡើយ​ប៉ុន្តែ​បានធ្វើការ​កត់សម្គាល់ថា​ចំណាប់ខ្មាំង​ ដែលជា​ស្ត្រី​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៥០ នាក់​ទៀត​ត្រូវបាន​អ៊ីស្រាអែល​កត់ចូល​ក្នុង​បញ្ជី​រួចរាល់​ត្រៀម​សម្រាប់​ដោះលែង​ប្រសិនបើ​មានការ​ព្រមព្រៀង​ថ្មី​មួយទៀត។

រហូតមកដល់​ពេលនេះ​ក្រុម​ហា​ម៉ាស​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ ដែល​គ្រប់គ្រង​តំបន់​កា​ហ្សា​បាន​ដោះលែង​ស្ត្រី​និង​កុមារ​ជនជាតិ​អ៊ីស្រាអែល​ចំនួន ៦០ នាក់ ក្នុងចំណោម​ចំណាប់ខ្មាំង ២៤០ នាក់ ដែល​ពួកគេ​បាន​ចាប់ខ្លួន​នៅក្នុង​ការវាយលុក​កាលពី​ថ្ងៃទី ៧ ខែតុលា។

ជាមួយគ្នា​នោះ​ជនបរទេស​ចំនួន២១ នាក់ ដែល​ភាគច្រើន​ជា​កសិករ​ថៃ​ក៏ត្រូវ​បាន​ដោះលែង​ក្រោម​កិច្ចព្រមព្រៀង​មួយ​ផ្សេងទៀត​ដែល​ស្រដៀង​គ្នា​នឹង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែរ។ ជា​ថ្នូរ​នឹង​ការដោះលែង​នេះ​អ៊ីស្រាអែល​ ក៏បាន​ដោះលែង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ១៨០ នាក់ ចេញពី​កន្លែង​ឃុំឃាំង ​ដែល​ពួកគេ​ភាគច្រើន​ជា​ស្ត្រី​និង​ក្មេង​ជំទង់។

​បទ​ឈប់​បាញ់​ត្រូវបាន​ព្រមព្រៀង​ឡើង​ដំបូង​ដោយ​កំណត់​ត្រឹម​រយៈពេល ៤ ថ្ងៃ ​ប៉ុន្តែ​ក៏​ថ្ងៃ​ត្រូវបាន​ពន្យារពេល ៤៨ ម៉ោង​បន្ថែមទៀត​រហូតមកដល់​ថ្ងៃទី ២៩ វិច្ឆិកា។ 

ដោយឡែក​អ៊ីស្រាអែល ​បាន​និយាយថា​ខ្លួន​មាន​ឆន្ទៈ​ក្នុងការ​អូសបន្លាយ​កិច្ចព្រមព្រៀង​បន្ថែមទៀត​ដរាបណា​ក្រុម​ហា​ម៉ាស​ព្រម​ដោះលែង​ចំណាប់ខ្មាំង ១០ នាក់ ​ក្នុង​មួយថ្ងៃ។ 

យ៉ាងណាមិញ ការដោះលែង​ចុងក្រោយ​បំផុត​កាលពី​ថ្ងៃទី២៨កន្លងទៅនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ដោះលែង​ចំណាប់ខ្មាំង​លើកដំបូង​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជី​ហាត​អ៊ីស្លាម​ដែលជា​ក្រុម​សម្ព័ន្ធមិត្ត​នឹង​ក្រុម​ហា​ម៉ាស៕