ប្រទេសម្ចាស់បំណុលបានជូនដំណឹងទៅកាន់ប្រទេសស្រីលង្កា ថា ពួកគេយល់ព្រមលើកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ប៉ុន្តែស្រីលង្កា នៅមិនទាន់ទទួលបានលិខិតបញ្ជាក់ជាផ្លូវការពីគណៈកម្មាធិការម្ចាស់បំណុលនៅឡើយទេ។ នេះបើយោងតាមប្រភពរដ្ឋាភិបាលស្រីលង្កា ដែលបានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី២៩ ខែវិច្ឆិកា។
ប្រទេសស្រីលង្កា បានជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះហើយបាននិងកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលជាមួយម្ចាស់បំណុលឡើងវិញ ពោលគឺចាប់តាំងពីឆ្នាំមុន ដោយត្រូវបានប្រទេសម្ចាស់បំណុលបង្ខំឱ្យសងបំណុលបរទេសរបស់ខ្លួនកាលពីខែឧសភាឆ្នាំ២០២២បន្ទាប់ពីទុនបំរុងប្តូរប្រាក់បរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។
យោងតាមមន្ត្រីរដ្ឋាភិបាលស្រីលង្កា ដែលសុំមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយថា «ប្រទេសស្រីលង្កាត្រូវបានគេជូនដំណឹងអំពីកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគី ថាពួកគេបានយល់ព្រមហើយ ប៉ុន្តែយើងនៅរង់ចាំលិខិតផ្លូវការសិន។ យើងរំពឹងថានឹងទទួលបានលិខិតក្នុងពេលឆាប់ៗនេះ"»។ យ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីស្រីលង្កានិងក្រសួងហិរញ្ញវត្ថុ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
ប្រទេសជប៉ុន បារាំង និងឥណ្ឌា ជាអ្នកដឹកនាំគណៈកម្មាធិការម្ចាស់បំណុល រីឯប្រទេសចិន ដែលជាប្រទេសផ្តល់កម្ចីធំបំផុតដល់ប្រទេសស្រីលង្កា គឺជាអ្នកសង្កេតការណ៍ពោលគឺមិនមែនជាសមាជិកផ្លូវការទេ។ដោយឡែក ម្ចាស់បំណុលទ្វេភាគីក៏មិនបានឆ្លើយតបភ្លាមៗទេជុំវិញបញ្ហានេះ។
ថ្មីៗនេះប្រទេសស្រីលង្កា ចុះកិច្ចព្រមព្រៀងជាមួយធនាគារនាំចេញនាំចូល (Export-Import Bank) របស់ប្រទេសចិន ដើម្បីគ្រប់គ្រងបំណុលរបស់ខ្លួនចំនួន ៤,២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះគឺមានសារៈសំខាន់សម្រាប់ស្រីលង្កាក្នុងការឆ្លងកាត់ការត្រួតពិនិត្យដំបូងនៃកញ្ចប់ជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិឬហៅកាត់ថា IMF។ហើយវាក៏ចាំបាច់ផងដែរក្នុងការទទួលកម្ចីជាលើកទីពីរប្រហែល៣៣៤លានដុល្លារសហរដ្ឋអាមេរិកពីIMFនេះបើយោងតាមក្រសួងហិរញ្ញវត្ថុ។
ក្រោយពីការអនុម័តយល់ព្រមដោយ IMF ប្រទេសស្រីលង្កា អាចនឹងទទួលបានមូលនិធិបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ដែលសរុបជាទឹកប្រាក់ប្រហែល៩០០លានដុល្លារនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទេសាភិបាលធនាគារកណ្តាល លោកណានដាឡាល់ វៀរ៉ាស៊ីងហេ (Nandalal Weerasinghe) កាលពីសប្តាហ៍មុន។
យោងតាមអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅស្រីលង្កា បានឱ្យដឹងថា ADB ក៏កំពុងពិចារណាផ្តល់ប្រាក់ចំនួន ២០០ លានដុល្លារដល់ស្រីលង្កា នៅខែក្រោយផងដែរ។ ចំនួនទឹកប្រាក់នេះ គឺជាផ្នែកមួយនៃប្រាក់កម្ចីពិសេសចំនួន ៣៥០ លានដុល្លារដែលត្រូវបានអនុម័តនៅក្នុងខែឧសភាដើម្បីត្រៀមទុកជួយដល់ប្រទេសស្រីលង្កា។
យោងតាមក្រសួងហិរញ្ញវត្ថុស្រីលង្កា បំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កា មានចំនួន ៣៦,៦ ប៊ីលានដុល្លារសហរដ្ឋ អាមេរិក ដោយរាប់បញ្ចូលទាំងបំណុលទ្វេភាគីចំនួន ១០,៩៤ ពាន់លានដុល្លារ។ ប្រទេសនេះ ក៏ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយម្ចាស់មូលបត្របំណុលអន្តរជាតិរហូតដល់ទៅ ១២,៥ ប៊ីលានដុល្លារ។ម្យ៉ាងវិញទៀត មូលបត្របំណុលប្រាក់ដុល្លារដែលត្រូវសងម្ចាស់បំណុលវិញនៅខែកក្កដាឆ្នាំ២០២៦ បានកើនឡើងដល់ ៥០,៥០ ដុល្លារ ដោយកើនចំនួន ០,៤៤ សេននេះបើយោងតាមទិន្នន័យរបស់ Tradeweb ៕