​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​​​ឥណ្ឌូនេស៊ី ​បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​​​​​ថា​​​ លោក​ ប្រធានាធិបតី​ ចូកូ​ វីដូដូ​ បាន​អនុម័ត​​លើ​ផែន​ការ​​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​រហូត​ដល់​ ២០ ភាគរយ​​​នៅ​​ឆ្នាំ​ក្រោយ​ ដើម្បី​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​វិស័យ​យោធា​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​​ភូមិសាស្ត្រ​នយោបាយ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ស្រី​រដ្ឋ​មន្ត្រី Sri Mulyani Indrawati បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ថា​ ការ​អនុម័ត​នេះ​សម្រេច​​ឡើង​​ក្នុង​កិច្ច​ប្រជុំ​មួយ​​​ដែល​លោក​ស្រី​បាន​ចូល​រួម​ជាមួយ​​លោក​​​ប្រធានាធិបតី​ វីដូដូ​ និង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​ Prabowo Subianto។ លោកស្រី​​ Sri Mulyani ​បាន​និយាយ​ថា​ ថវិកា​ការពារ​ជាតិ​នឹង​ត្រូវ​បង្កើន​ពី​​ ២០,៧៥ ​ពាន់​លាន​ដុល្លារ​ ដល់​ ២៥ ពាន់​លាន​ដុល្លារ​។

​លោក​ស្រី​​បន្ត​ថា​​៖​«​តម្រូវ​ការ​​ថវិកា​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ក្រសួង​ការពារ​ជាតិ​។ ​វា​ចាត់​ទុក​ថា​ជា​ភាព​ចាំ​បាច់​ដោយ​​ផ្អែក​លើ​ស្ថានភាព​​ផ្នែក​រឹង​យោធា​របស់​យើង​ ក៏​ដូច​ជា​ការ​កើន​ឡើង​ការ​គំរាម​កំហែង​ចំ​ពេល​​ភាព​តាន​តឹង​​នៃ​ភូមិ​សាស្ត្រ​នយោបាយ​ និង​សន្តិសុខ​ភូមិ​សាស្ត្រ​​កើន​ឡើង​»​។


យ៉ាង​ណា​មិញ​ រដ្ឋ​មន្រ្តី​ដដែល​គូស​បញ្ជាក់​ថា​ ទោះ​បី​ជា​ចំនួន​​នៃ​ការ​ចំណាយ​នេះ​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​​ក៏​ដោយ​ ​ក៏​ថវិកា​ការពារ​ជាតិ​សម្រាប់​រយៈ​​​ពេល​៥​ឆ្នាំ​ៗ​​​ ​ចន្លោះ​​ឆ្នាំ​ ២០២០-​២០៣៤​ នឹង​នៅ​តែ​មាន​ចំនួន​ ៥៥ ពាន់លាន​ដុល្លារ​ ​​ដែល​នេះ​​ស្រប​តាម​ផែនការ​សារពើពន្ធ​រយៈ​ពេល​មធ្យម​ទៅ​វែង​។លោក​ស្រី​បន្ថែម​ថា​  ​ប្រភព​​ថវិ​កា​​នឹង​ផ្អែក​លើ​​​​កម្ចី​ពី​​បរទេស​។​

ឥណ្ឌូនេស៊ី​​​ចង់​​ធ្វើ​​ទំនើបកម្ម​កង​នាវា​ចាស់​ៗ​របស់​ខ្លួន​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​​​ឆ្នាំ​ថ្មី​ៗ​នេះ​ ដែល​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​​ Prabowo ដែល​​ជា​បេក្ខជន​​នាំ​មុខ​គេ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​​ខែ​កុម្ភៈ​ខាង​មុខ​​​​ឈរ​ឈ្មោះ​ជាមួយ​កូន​ប្រុស​របស់​លោក​ វីដូដូ​។


 ​ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​ Stockholm (SIPRI) ​​សម្រាប់​រយៈ​ពេល​១​ទសវត្សរ៍​កន្លង​មក​នេះ​ ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​​​ឥណ្ឌូនេស៊ី​សម្រាប់​មនុស្ស​ម្នាក់​ៗ​ និង​គិត​​ជា​ភាគ​រយ​​ធៀប​នឹង​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ​មាន​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​ប្រាំ​​៦​ ដែល​មាន​​សេដ្ឋកិច្ច​ទីផ្សារ​​កំពុង​រីក​ចម្រើន​ក្នុង​តំបន់​។​

កិច្ច​ព្រម​ព្រៀងផ្សេងៗ​ដែល​​​​លោក ​Prabowo ​​បាន​ចុះ​ហត្ថលេខា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ រួម​មាន​ការ​ទិញ​យន្តហោះ​ចម្បាំង​ Dassault Rafale ​ចំនួន​៤២​ គ្រឿង​ក្នុង​តម្លៃ​ ៨,១ ពាន់​លាន​ដុល្លារ​ ដ្រូន​ថ្មី​ ១២ គ្រឿង​ពី​​ក្រុមហ៊ុន​អាកាសចរណ៍​តួកគី​​តម្លៃ​ ៣០០ លាន​ដុល្លារ​ និង​​យន្តហោះ​ចម្បាំង​Mirage 2000-5 ​ចំនួន​ ១២​ គ្រឿង​​តម្លៃ​ ៨០០ លាន​ដុល្លារ​។

​លោករដ្ឋ​មន្រ្តី​ដដែល​ ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ និង​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ពី​ក្រុម​ហ៊ុន​អាមេរិក​ Boeing ​​និង​ក្រុមហ៊ុន ​​Lockheed Martin ​កាល​ពី​​ខែ​សីហា ​ឆ្នាំ​នេះ​ផង​ដែរ​។

 ​ក្រៅ​ពី​នេះ​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​នាវា​សង្គ្រោះ​នាវា​មុជ​ទឹក​តម្លៃ​១០០​ លាន​ដុល្លារ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ខែ​កញ្ញា​ បន្ទាប់​ពី​នាវា​មុជ​ទឹក​របស់​ប្រទេស​មួយ​នេះ​បាន​លិច​នៅ​ឆ្នាំ​​ ២០២១​​អំឡុង​​ពេល​ធ្វើ​សមយុទ្ធ​មួយ​៕