ក្រសួងសុខាភិបាលកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យប្រជាជនចាស់ៗកូនក្មេងតូចៗ និងអ្នកងាយរងគ្រោះផ្សេងៗ ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយសារតែជំងឺផ្លូវដង្ហើមនៅទីនោះកើនឡើង ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ក្រសួងសុខាភិបាលតៃវ៉ាន់ បាននិយាយថា ដោយសារតែការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន មនុស្សចាស់ កុមារតូចៗ និងក្រុមមនុស្សផ្សេងទៀតដែលមានហានិភ័យសុខភាព មិនគួរធ្វើដំណើរទៅកាន់ប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ នោះទេ លើកលែងតែករណីចាំបាច់។
ក្រសួងបន្ថែមថាប្រសិនបើការធ្វើដំណើរគឺជាការចាំបាច់ ប្រជាជនគួរតែចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ និងកូវីដ១៩ជាមុនសិន មុនទៅចិន។
កាលពីសប្ដាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើមក្នុងប្រទេសរបស់ខ្លួនខណៈមន្ត្រី WHO និយាយថាការកើនឡើងនេះមិនមានកម្រិតខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ១៩ឡើយ ហើយក៏មិនឃើញមេរោគចម្លែក ឬថ្មីណាមួយដែរ។
យ៉ាងណាមិញ កន្លងមក កោះតៃវ៉ាន់មានការប្រុងប្រយ័ត្នចំពោះការផ្ទុះជំងឺនៅចិន ចាប់តាំងពីការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ក្នុងប្រទេសនេះ ហើយរាលដាលលើពិភពលោកដោយសម្លាប់មនុស្សជិត ៨០០ នាក់ចន្លោះឆ្នាំ ២០០២-២០០៣។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងស្ថានភាពចុងក្រោយនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន គឺជាបញ្ហាទូទៅដែលប្រទេសទាំងអស់ប្រឈមមុខ ហើយអាជ្ញាធរចិនមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៕