​ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​នៃ​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោកស្រី គីម ​យូជុង នាថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ច្រានចោល​សំណើ​ចរចា​គ្នា​ឡើង​វិញ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោស​ចំពោះ​ការបាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ បន្ថែម​ពី​លើ​ការច្រាន​ចោល​នេះ ​ផ្ទុយ​ទៅ​វិញ មន្រ្តី​កំពូល​កូរ៉េខាងជើង​ដដែល​ បាន​ប្ដេជ្ញា​បាញ់​បង្ហោះ​ផ្កាយ​រណប​បន្ថែម​ទៀត​ ទោះបីជា​ទង្វើ​នេះ​រំលោភ​លើ​បម្រាម​អង្គការ​សហ​ប្រជាជាតិ​ក៏ដោយ។ នេះ​បើ​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

 លោក​ស្រី​ គីម​ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​​ចេញ​ផ្សាយដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ យ៉ាង​ដូច្នេះ​​ថា​៖ «គេ​មិន​អាច​យក​​​​អធិបតេយ្យ​ភាព​នៃ​រដ្ឋ​ឯករាជ្យ​ ​ធ្វើ​ជា​របៀប​វារៈ ​សម្រាប់​ការ​ចរចា​បាន​ទេ​ ដូច្នេះ​ហើយ​ (​កូរ៉េ​ខាង​ជើង​)​ នឹង​មិន​អង្គុយ​ទល់​មុខ​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ សម្រាប់​គោល​បំណង​នោះ​ឡើយ​»​។

លោក​ស្រី​បន្ត​ថា​​៖«​​កូរ៉េ​ខាង​ជើង​​​នឹង​​បន្ត​​ខិត​​ខំ​​ប្រឹង​ប្រែង​អភិវឌ្ឍន៍​អ្វី​ៗ​គ្រ​ប់​យ៉ាង​ដែល​ជា​កម្មសិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​ និង​បន្ត​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​ភាព​ ដែល​រដ្ឋ​ជា​សមាជិក​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បានដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ ដោយ​មិន​មាន​ការ​រឹត​ត្បិត​នា​ពេល​អនាគត​ផង​ដែរ​»។​


ការ​ច្រាន​ចោល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំអ.ស.ប.​លោក​ស្រី​ លីនដា​ ថូម៉ាស់-ហ្រ្គីនហ្វៀលដ៍​​បាន​ថ្លែង​​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​កាល​ពី​ពេល​ថ្មី​ៗ​របស់​កូរ៉េ​ខាង​ជើង​ គឺ​ជា​សកម្មភាព​«​មិន​ប្រុង​ប្រយ័ត្ន​ និង​ខុស​ច្បាប់​»​ ដែល​គំរាម​កំហែង​ដល់​​ប្រទេស​ជិត​ខាង​របស់​ខ្លួន​។​​

យ៉ាង​ណា​មិញ​ មន្រ្តី​ការទូត​អាមេរិក​ដដែល​​​​​​​​បាន​​បញ្ជាក់​​ជា​ថ្មី​នា​ពេល​នោះថា​​ ​អាមេរិក​នៅ​តែ​បន្ត​​​សំណើ​​​​លើ​ការ​ចរចា​គ្នា​​​ដោយ​​គ្មាន​​លក្ខខណ្ឌ​​​ជា​មុន ​ហើយ​​​​​​​កូរ៉េ​ខាង​ជើង​​ «​​អាច​​ជ្រើស​រើស​​ពេល​វេលា ​និង​​ប្រធាន​បទ​​បាន​»​។


​​សេចក្ដី​សម្រេច​ជា​ច្រើន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ​​បាន​ហាម​ឃាត់​ប្រទេស​កូរ៉េ​ខាង​ជើង​ ពី​ការ​បាញ់​បង្ហោះ​ណា​មួយ​ដោយ​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​ផ្លោង​ ដូច​ជា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ និង​ការ​សាក​ល្បង​មីស៊ីល​ជា​ដើម​។​

ប៉ុន្តែ​កូរ៉េ​ខាង​ជើង​បាន​អះ​អាង​ថា​ ខ្លួន​មាន​សិទ្ធិជា​​អធិបតេយ្យ​​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ និង​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ការ​​​គំរាម​កំហែង​ផ្នែក​យោធា​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​។​កូរ៉េខាង​ជើង​ចាត់​ទុក​សមយុទ្ធ​យោធា​អាមេរិ​ក​-​កូរ៉េ​ខាង​ត្បូង​ធំ​ៗ​ ថា​ជា​ការ​ហាត់​សម​ដើម្បី​ឈ្លាន​ពាន​ ហើយ​ជា​រឿយ​ៗ​​ធ្វើ​ការ​​ប្រតិកម្ម​ដោយ​ការ​បាញ់​សាក​ល្បង​អាវុធ​របស់​ខ្លួន​។ ​

បន្ថែម​ពី​លើ​បញ្ហា​នេះ ​​ លោក​ស្រី​ គីម​​ បាន​និយាយ​ថា​ ​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ កា​​ល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ​ធ្វើ​ឡើង​ស្រប​តាម​ «​ការ​ទាម​ទារ​ដូច​​ក្រុម​ជើង​កាង​របស់​​អាមេរិក​ និង​បក្ខ​ពួក»។ ​​

លោក​ស្រី​បន្ត​ថា​ ​លោក​ស្រី​ ថូម៉ាស់-ហ្រ្គីនហ្វៀលដ៍​ ត្រូវ​តែ​ពន្យល់​សិន​​អំពី​មូលហេតុ​ដែល​ធន​ធាន​យុទ្ធសាស្ត្រ​របស់​អាមេរិក ​មាន​នៅ​​​កំពង់ផែ​កូរ៉េ​ខាង​ត្បូង​ មុន​នឹង​​​និយាយ​កោក​ៗ​ថា​ ​​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​ជា​ទង្វើ​ខុស​ច្បាប់​​។

មន្រ្តី​កំពូល​កូរ៉េខាង​ជើង​ដដែល​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​សំដៅ​លើ​ការ​​​បង្កើន​ការ​ដាក់​ពង្រាយ​ជា​បណ្ដោះ​អាសន្ន​នូវ​​ធន​ធាន​​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​រួម​មាន​នាវា​ផ្ទុក​យន្តហោះ ​និង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​ ​ដើម្បី​បង្កើន​ការ​ការពារ​​​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​អាច​កើត​មាន​។

គេ​មើល​ឃើញ​ថា​ ភាព​តានតឹង​រវាង​កូរ៉េខាង​ជើង​ និង​សម្ព័ន្ធ​មិត្ត​របស់​កូរ៉េខាង​ត្បូង​ ពោល​គឺ​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​តាន​តឹង​ទៅ​ៗ​ ជុំ​វិញ​សកម្មភាព​យោធា​របស់​មហា​អំណាច​មួយ​នេះ​ក្នុង​តំបន់​ និង​សកម្មភាព​យោធា​របស់​កូរ៉េខាង​ជើង​ផ្ទាល់​ ខណៈ​កិច្ច​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​រួម​នៅ​ជាប់​គាំង​។

 ក្នុង​ឆ្នាំ​ ២០១៨ មេដឹកនាំ​កូរ៉េខាង​ លោក​ គីម​ ជុងអ៊ុន​ និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ ​បាន​ចាប់​ផ្តើម​ការ​ចរចា​ការ​ទូត​ ដែល​សង្កត់​ធ្ងន់​លើ​អនាគត​នៃ​​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ រួម​មាន​ទាំង​ការ​រំសាយ​អាវុធ​ប្រល័យ​លោក​នេះ​។ ​

ប៉ុន្តែ​​​កិច្ច​ប្រជុំ​កំពូល​ការ​ទូត​របស់​ប្រទេស​ទាំង​២​ ​​បាន​ធ្លាក់​ចុះ​ដាច់​ពី​គ្នា​​ក្នុង​ឆ្នាំ​ ២០១៩​ ​​ដោយ​សារ​តែ​ជម្លោះ​ជុំ​វិញ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​លើ​កូរ៉េ​ខាង​ជើង​។​​ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​​ គីម ​បាន​ផ្តោត​លើ​ការ​ពង្រីក​ និង​ធ្វើ​ទំនើបកម្ម​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ ​ហើយ​អ្នក​ជំនាញ​និយាយ​ថា​ សកម្មភាព​បែប​នេះ​​នឹង​ផ្តល់​ឱ្យ​​កូរ៉េខាង​ជើង​​នូវ​អានុភាព​កាន់​តែ​ច្រើន​ ដើម្បី​ឈ្នះ​​សម្បទាន​ពី​​​សហរដ្ឋ​អាមេរិក​​ក្នុង​ការ​ចរចា​នា​ពេល​អនាគត​៕