អស់​រយៈពេល​ជាង​ ៥០ ​ឆ្នាំ​បន្ទាប់ពី​បេសកកម្ម​របស់​យាន​​អវកាស​អា​ប៉ូ​ឡូ​ទៅកាន់​ឋាន​ព្រះ​ចន្ទ សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ម្តងទៀត តាមរយៈ​ក្រុមហ៊ុន​ឯកជន ដើម្បី​ចុះចត​យានអវកាស​នៅលើ​ឋាន​ព្រះ​​ចន្ទ​នៅ​ថ្ងៃទី​ ២៥ ខែមករា ដោយ​ការបាញ់​រ៉ុក្កែត​បញ្ជូន​យាន​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ​។​

​យានអវកាស​ដែល​ត្រូវគេ​ប្រសិទ្ធ​នាម​ថា Peregrine នឹងមិន​ដឹក​អាកាសយានិក​លើ​យន្តហោះ​នោះទេ​។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Astrobotic ដែល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ គឺ លោក John Thornton បាន​និយាយថា ខ្លួន​នឹង​យក​ឧបករណ៍​របស់​ណា​សា​ទៅ​សិក្សា​បរិយាកាស​តាម​ចន្ទ​គតិ ដើម្បី​ទន្ទឹងរង់ចាំ​បេសកកម្ម Artemis របស់​ណា​សា​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន អង្គការ​ណា​សាបាន​ជ្រើសរើស​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​បញ្ជូន​ការពិសោធ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទៅកាន់​ឋាន​ព្រះ​ចន្ទ ដែលជា​កម្ម​វិធី​មួយ​ហៅថា CLPS (Commercial Lunar Payload Services)​។​


​លោក Thornton បាន​និយាយ​កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​មូលដ្ឋាន​ក្រុមហ៊ុន​របស់លោក​នៅ​ទីក្រុង Pittsburgh ថា «​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៃ​អ្វីដែល​យើង​កំពុង​ព្យាយាម​នៅ ទីនេះ​គឺ​ការប៉ុនប៉ង​បាញ់​បង្ហោះ និង​ការ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​សម្រាប់​ប្រភាគ​នៃ​អ្វីដែល​វា​នឹងត្រូវ​ចំណាយ​»​។​

​លោក​និយាយថា​៖«​មានតែ​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​បេស​ក​​កម្ម​ដែល​បាន​ទៅដល់​ផ្ទៃ​ព្រះ​ចន្ទ​ដែល​ទទួលបាន​ជោគជ័យ​។ ដូច្នេះ វា​ពិតជា​បញ្ហា​ប្រឈម​ដ៏​គួរឱ្យ​តក់​ស្លុត​។ ខ្ញុំ​នឹងមាន​ការភ័យខ្លាច និង​រំភើបចិត្ត​ភ្លាមៗ​នៅ​គ្រប់​ដំណាក់​​កាល​នៃ​រឿងនេះ​»​។​


​ការហោះ​ឡើង​ត្រូវបាន​កំណត់ពេល​សម្រាប់​ថ្ងៃទី​ ២៤ ខែធ្នូ ពី​រដ្ឋ​ផ្លរីដា​លើ​ការហោះហើរ​លើក​ដំបូង​នៃ​គ្រាប់​រ៉ុក្កែត​ថ្មី​ពី​ក្រុម​ឧស្សាហកម្ម ULA៕​