ត្រឹម​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ផ្សព្វផ្សាយ ​«​ព័ត៌មាន​ប្រឌិត​»  នៅលើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ការ​បះ​បោរ​និង​ញុះញង់​ប្រឆាំងនឹង​យោធា អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​មី​យ៉ាន់​ម៉ា​លោក Ye Htut ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ​១០ ​ឆ្នាំ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដកស្រង់​សម្តី​សន្តិសុខ​ដែល​បានឱ្យដឹងថា តុលាការ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស លោក Ye Htut ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១០​ ឆ្នាំ ក្រោម​ច្បាប់​ចំនួន ​២ ​គឺ​ពីបទ​ឧក្រិដ្ឋកម្ម​ញុះញង់​ប្រ​ឆាំង​នឹង​យោធា និង​ការបះបោរ បន្ទាប់ពី​ការចោទប្រកាន់ និង​ដាក់ពន្ធនាគារ Insein ពី​ទីក្រុង Yangon​។​

​ក្រៅតែពី​ផ្តល់ព័ត៌មាន​នៃ​ការកាត់ទោស ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​នេះ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ ព្រោះ​មិនមាន​សិទ្ធិ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​។​


​លោក Ye Htut ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខែតុលា​ពោលគឺ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​របប​យោធា​បាន​ចោទប្រកាន់​លោក​ពីបទ​លាតត្រដាង​អាសយដ្ឋាន​របស់​មន្ត្រី​យោធា​ចូលនិវត្តន៍​។​

​លោក Ye Htut គឺជា​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី ក្រោម​រដ្ឋាភិបាលយោធារ​ប​ស់លោក ថេ​ន សេន ដែល​បានប្រគល់​អំណាច​ទៅឱ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុង​ឆ្នាំ​ ២០១៥ បន្ទាប់ពី​ការបោះឆ្នោត​។​


​រដ្ឋបាល​របស់លោក ថេ​ន សេន ដែល​កាន់អំណាច​ក្នុងអំឡុងពេល​រលក​នៃ​អំពើហិង្សា​សាសនា​បានប្រគល់​អំណាច​ទៅឱ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី នា​គ្រានោះ អនុញ្ញាតឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ផ្តើម​មាន​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​សង្គម រយៈពេល​ខ្លី​ក៏ដូចជា​ការផ្តល់​សិទ្ធិ​ឱ្យ​គណបក្សប្រឆាំង​របស់លោក​ស្រី ស៊ូ​ជី ចូលទៅ​កាន់​ចរន្ត​នយោបាយ​។ ក៏ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​ទៅវិញ​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ​២០២១​។​

​សម្រាប់​លោក Ye Htut បើទោះបីជា​ចូលនិវត្តន៍​តាំងតែ​ពី​រដ្ឋបាល​លោក ថេ​ន សេន ក្តី​តែ​លោក នៅតែ​សកម្ម​នៅលើ​បណ្តាញ​សង្គម និង​ទទួលបាន​រហ័សនាម moniker ឬ​នាយករដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក សម្រាប់​ការ​បង្ហោះ​ជា​ញឹកញាប់​របស់លោក​នៅលើ​បណ្តាញ​សង្គម ហើយក៏​ទទួលបាន​ការពេញនិយម​បំផុត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះដែរ របប​យោធា​ក៏បាន​ឃុំខ្លួន​មន្ត្រី​ពាណិជ្ជ​​កម្ម​មួយចំនួន ខណៈ​កាលពី​ខែតុលា​យោធា​ក៏បាន​កាត់ទោស​សម្ព័ន្ធមិត្ត​ ២ ​រូប​របស់​ប្រមុខ​របប​យោធា​លោក Min Aung Hlaing ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់​ ២០ ​ឆ្នាំ​ពីបទ​ពុករលួយ និង​ការរំលោភ​អំណាច​ផងដែរ​៕