តួ​ក​គី​ដែល​ជំទាស់​ការចង់បាន​រប​ស់​សមាជិក​អង្គការ​ណា​តូ​ក្នុង​ការនាំ​ស៊ុយអែត​ចូលរួម​ជាមួយ​អង្គការ​ប្រដាប់អាវុធ​មួយ​នេះ​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២២ បាន​ជូនដំណឹង​ដល់​ប្រទេស​ស៊ុយអែត​ថា ខ្លួន​នឹង​ផ្ដល់​សច្ចាប័ន​ព្រមឱ្យ​ស៊ុយអែត​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​អង្គការ​ណា​តូ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត​កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​កាលពី​ឆ្នាំមុន​បន្ទាប់ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំ​ង​ឡង់​បាន​ខិត​ខំ​ស្វះ​ស្វែងរក​ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​ភ្លាមៗ ប៉ុន្តែ​បាន​ជោគជ័យ​តែ​ប្រទេស​ហ្វាំ​ង​ឡង់​ប៉ុណ្ណោះ ដោយបាន​ចូល​ជា​សមាជិកា​លពី​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ ​២០២៣​។​

​ដំបូង​ឡើយ ប្រទេស​តួ​ក​គី​ដែលជា​សមាជិក​អង្គការ​ណា​តូ និង​ដែលមាន លោក តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន (Tayyip Erdogan) ជា​ប្រធានាធិបតី​បាន​ជំទាស់​នឹង​សមាជិកភាព​របស់​ប្រទេស​ទាំង​ ២ ដោយសារតែ​ការព្រួយបារម្ភ​ថា​ស៊ុយអែត​និង​ហ្វាំ​ង​ឡង់​កំពុង​គាំទ្រ​ក្រុមមនុស្ស​ដែល​ត្រូវបាន​តួ​ក​គី​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ​។ យ៉ាងណា​ក៏​ដោយ តួ​ក​គី​បានអនុម័ត​យល់ព្រម​ឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​នៅ​ដើមខែ​មេសា ហើយ​ពន្យារ​ពេល​សម្រេចចិត្ត​លើ​សមាជិក​​ភាព​របស់​ប្រទេស​ស៊ុយអែត​។​


​រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត​លោក ថូ​ប៊ា បៀ​ល​ស្ត្រ​ម (Tobias Billstrom)​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​ក្រោយមក​លោក​បានលើកឡើង​ថា​៖«​រដ្ឋមន្ត្រី​តួ​ក​គី​បាន​និយាយប្រាប់​ខ្ញុំ​ថា​តួ​ក​គី​នឹងធ្វើ​ការអនុម័ត​យល់ព្រម​ចំពោះ​សមាជិកភាព​ស៊ុយអែត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​»​។​

​យ៉ាងណាមិញ ភាគី​ខាង​តួ​ក​គី​នៅ​មិនទាន់បាន​បញ្ជាក់​ឬ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នោះទេ ប៉ុន្តែ​តួ​ក​គី​បាន​ជំរុញ​ប្រទេស​ស៊ុយអែត​ឱ្យ​ចាត់វិធានការ​ប្រឆាំង​បន្ថែមទៀត ទៅនឹង​សមាជិក​ក្នុងស្រុក​នៃ​គណបក្ស​ពលករ​​ឃឺ​ដ ​(PKK)​ ដែល​ត្រូវបាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​ផងដែរ​។​


​ជាការ​ឆ្លើយតប ស៊ុយអែត​បានដាក់​ចេញ​នូវ​ច្បាប់​ប្រឆាំង​ភេរវកម្ម​និង​បាន​យល់ព្រម​កាត់​បន្ថយ​ការ​រឹតបន្តឹង​ការនាំចេញ​អាវុធ​ទៅកាន់​ប្រទេស​តួ​ក​គី​ដែលជា​ការបំពេញ​តាម​ការសន្យា​របស់ខ្លួន​ដើម្បី​អាច​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​បាន​។​សមាជិក​ណា​តូ​ខ្លះ​បាន​សង្ឃឹមថា​សមាជិកភាព​របស់​ប្រទេស​ស៊ុយអែត​នឹង​ទទួលបាន​ជោគ​​ជ័យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ទោះយ៉ាងណា លោក​បៀ​ល​ស្ត្រ​ម បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​នោះទេ​។​

​កាលពី​ខែកក្កដា ប្រ​ធានា​ធិ​ប​​តី​តួ​ក​គី លោក អេ​រ​ដូ​ហ្គែ​ន ធ្លាប់បាន​ភ្ជាប់​សមាជិកភាព​ណា​តូ​របស់​ប្រទេស​ស៊ុយអែត​ទៅនឹង​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​តួ​ក​គី​ដែល​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក ចូសេប បូ​រ៉េ​ល (Josep Borrell)​ បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា​៖«​វា​នៅមាន​បញ្ហា​មិនទាន់​ដោះស្រាយ​ជាច្រើន​មុនពេល​ដែល​តួ​ក​គី​អាច​ចូល​ជា​សមាជិក​អឺរ៉ុប​បាន​»​។​

​សហភាព​អឺរ៉ុប​បានប្រកាសថា​ខ្លួន​អាច​នឹង​ចាប់ផ្តើម​ការពិភាក្សា​ឡើងវិញ​ជាមួយ​ប្រទេស​តួ​ក​គី​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សហជីព​គ​យ​ឱ្យបាន​យ៉ាង​ឆាប់រហ័ស​និង​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​កម្មវិធី​ទិដ្ឋាការ​កាន់តែ​ងាយស្រួល​។ ដោយឡែក សមាជិកភាព​អង្គការ​ណា​តូ​របស់​ស៊ុយ​​អែ​ត ក៏ត្រូវ​រង់ចាំ​ផ្ដល់​សច្ចាប័ន​ពី​ប្រទេស​សមាជិក​ណា​តូ​មួយទៀត គឺ​ប្រទេស​ហុង​គ្រី​។​

​ប៉ុន្តែ លោក​បៀ​ល​ស្ត្រ​ម បាន​និយាយថា នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក វី​កកូ អូ​បាន ​(Viktor Orban)​ ធ្លាប់បាន​បញ្ជាក់ថា ហុង​គ្រី​នឹង​មិនមែនជា​ប្រទេស​ចុងក្រោយ​យល់ព្រម​លើ​សមាជិក​ភាព​របស់​ស៊ុយអែត​ទេ​៕