ទីក្រុង​វែលីងតុន៖ ទូរស័ព្ទ (Smart Phone) នឹងត្រូវ​ហាមឃាត់​នៅក្នុង​សាលារៀន ទូទាំង​ប្រទេស​នូវែលសេឡង់​តែម្ដង។ នេះបើតាម ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​អភិរក្សនិយម Christopher Luxon ថ្លែង​នាថ្ងៃទី១ ធ្នូ ក្រោយកត់សម្គាល់​ឃើញ​អត្រា​អក្ខរកម្ម​មានការ​ធ្លាក់ចុះ។ 

សាលារៀន​របស់​ប្រទេស​នូវែលសេឡង់​ដែលធ្លាប់តែ​ឈរនៅ​លំដាប់​ថ្នាក់​ល្អ ជាសាលារៀន​ដែលមាន​អត្រាអក្ខរកម្ម​ខ្ពស់មួយ​របស់​ពិភពលោក បានធ្លាក់​ដល់ចំណុច​គួរឱ្យ​ព្រួយ​បារម្ភមួយ។

កម្រិត​នៃការអាន និងសរសេរ​របស់​សិស្ស​បាន​ធ្លាក់ចុះ ដែលនាំ​ឱ្យ​ក្រុមអ្នកស្រាវជ្រាវ​ភ័យខ្លាច​ថា នេះអាច​ជាវិបត្តិ​សម្រាប់​វិស័យ​អប់រំ​ទាំងមូល។ 


ក្រោមហេតុផល​នេះ លោកនាយក​រដ្ឋមន្ត្រី Christopher Luxon បានប្រកាស​អំពី​វិធានការ​ហាមប្រាម ទូរស័ព្ទ​ចេញពី​សាលារៀន ដោយចាប់​អនុវត្ត​ក្នុងរយៈពេល ១០០ ថ្ងៃដំបូង ដោយលោក​សង្ឃឹម​ថា វិធានការនេះ​នឹងបញ្ឈប់​នូវការរំខានមួយ​ចំនួន និងអាច​ជួយ​ឱ្យសិស្ស​មានការផ្ដោត​អារម្មណ៍​ជាងមុន។ 

លោក Christopher Luxon បានមានប្រសាសន៍​ថា៖«យើងនឹង​ហាមប្រាម​ទូរស័ព្ទ​ចេញពី​សាលារៀន​នៅទូទាំង​ប្រទេស ព្រោះយើង​ចង់​ឱ្យ​សិស្ស​ផ្ដោត​លើការសិក្សា និងចង់ឱ្យ​គ្រូផ្ដោត​លើការ​បង្រៀន»។ 


ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវ​មកពីមជ្ឈមណ្ឌល​អប់រំ​សប្បុរសធម៌​នូវែលសេឡង់ ក៏បានព្រមាន​អំពី​វិបត្តិអក្ខរកម្ម​កាលពី​ឆ្នាំ ២០២២ ដោយរបាយការណ៍​បានរកឃើញ​ថា ក្មេងអាយុ ១៥ ឆ្នាំ​ច្រើនជាង ១ ភាគ ៣ មិនអាចអាន ឬសរសេរ​បាន។ 

ក្រុមអ្នកស្រាវជ្រាវ​បានបន្ថែម​ដែរថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​នៃអត្រា​អក្ខរកម្ម​នេះ អ្នកពាក់ព័ន្ធ​ត្រូវតែមាន​ការចាត់វិធានការ​ជាបន្ទាន់។ 

យ៉ាងណាមិញ បញ្ហានេះ​អាចជាបន្ទុក​ដ៏ធ្ងន់មួយ​សម្រាប់​រដ្ឋាភិបាល​ដែលទើបនឹង​ស្បថ​ចូលកាន់តំណែង​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ពោលគឺ​លោក Christopher Luxon ទើបកាន់តំណែង​បានមួយ​សប្ដាហ៍​ប៉ុណ្ណោះ។ 

ក្រៅតែពី​បញ្ហា​ក្នុងវិស័យ​អប់រំ​នេះ រដ្ឋាភិបាល​ទើបចូលកាន់តំណែង​នេះ​ក៏កំពុងតែ​ដោះស្រាយ​នូវបញ្ហាចម្រូងចម្រាស​ជាមួយ​សាធារណជន ចំពោះ​ការសម្រេច​ដកចេញ​នូវច្បាប់​ហាមឃាត់​ការជក់បារី​របស់​លោក​ផងដែរ។ 

ការហាមឃាត់​ការជក់បារី​នេះ គឺជាគោលនយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​ចាស់ សំដៅ​លើកស្ទួយ​សុខភាព​សាធារណៈ។ ក្រោមគោលនយោបាយ​នេះ អត្រា​នៃការជក់បារី​របស់​ប្រជាជន​បានធ្លាក់ចុះ​យ៉ាងគំហុក ដែលនាំ​ឱ្យមាន​ការកោតសរសើរ​ពីសាធារណជន ក៏ដូចជា​អន្តរជាតិ៕