ហ្វីលីពីន​ និង​ចិន​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នា​​ថ្ងៃ​អាទិត្យ​ទី១០ ខែធ្នូនេះ​ ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នាវា​របស់​ប្រទេស​ទាំង​២​ ​​ក្នុង​ដែន​ទឹក​​មាន​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ខណៈ​​ភាព​តាន​តឹងក្នុង​តំបន់​​​កើន​ឡើង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ឆ្មាំ​ឆ្នេរ​សមុទ្រ​ហ្វីលីពីន​បាន​ចោទ​ប្រកាន់​ចិន​ថា​បាន​បាញ់​ទឹក​ដោយ​ប្រើ​កាណុង​បាញ់​ទឹក​​ និង​​រារាំង​ដោយ​កម្លាំង​លើ​នាវា​​ដឹក​គ្រឿង​ផ្គត់​ផ្គង់​ និង​​​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​​ ដែលជា​សកម្ម​ភាព​គ្រោះ​ថ្នាក់​ ​បណ្តាល​ឱ្យ​​មាន​ការ​ខូច​ខាត​ម៉ាស៊ីន​យ៉ាង​ធ្ងន់​ធ្ងរ​​។

 ប៉ុន្តែ​​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិនឯនោះ​​វិញ​ បាន​និយាយ​ថា​ នាវា​ហ្វីលីពីន​មាន​ចេតនារារាំង​​កប៉ាល់​របស់​ខ្លួន​មុន​។ ចិ​ន​និយាយ​ថា​ នាវា​ហ្វីលីពីន​ចំនួន​២​ ចូល​​​​ក្នុង​​ដែន​ទឹក​​​ដែល​​នៅ​​ជាប់​​នឹង​​​ឆ្នេរ​ប៉ប្រះ​ទឹក​ Ren'ai (គេ​ស្គាល់​ជា​ទូទៅ​ Second Thomas Shoal)​ក្នុង​​ប្រជុំ​​កោះ​ Nansha​(ស្ព្រាតលី​) ដោយ​ខុស​ច្បាប់​ ​​គ្មាន​​ការ​​យល់​ព្រម​​ពី​​រដ្ឋាភិបាល​​ចិន​​។


ប្រទេស​ចិន​​ទាមទារ​ដែន​​ទឹក​​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ខ្លួន​ស្ទើរ​ទាំង​ស្រុង​ ដែល​បង្ក​​ជា​ជម្លោះ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ រួម​មាន​​ហ្វីលីពីន​ វៀតណាម ​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​និង​ប្រ៊ុយណេ​។​​តុលាការ​អន្តរជាតិ​ ចាត់​ទុក​ការ​ទាម​ទារ​របស់​ចិន​​ថា​គ្មាន​បាន​ការ​ ប៉ុន្តែ​ចិន​ច្រាន​ចោល​ ហើយ​បង្កើន​សកម្ម​ភាព​លើ​ដែន​ទឹក​របស់​ខ្លួន​។

ចិន​ និង​ហ្វីលីពីន​ ប៉ះ​ទង្គិច​គ្នា​ជា​រឿយៗ​ជុំ​វិញ​តំបន់​ឆ្នេរ​ប៉ប្រះ​ទឹក​ ​Second Thomas Shoal ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​​ហ្វីលីពីន​រាល់​​ពេលឆ្មាំ​សមុទ្រ​​ហ្វីលីពីន​​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់​ផ្គង់រួម​មាន​ទាំង​ស្បៀង​ ​​ឱ្យ​ទាហាន​ហ្វីលីពីន​​លើ​នាវា​ចម្បាំងចាស់​មួយ​ ដែ​ល​ឈរ​ជើង​ក្នុង​តំបន់​ ដើម្បី​​ការពារ​ការ​ទាម​ទារ​ដែន​ទឹក​រប​ស់​ខ្លួន​។ ឆ្នេរ​ប៉ប្រះ​ទឹក Second Thomas Shoal ស្ថិត​នៅ​ក្នុង​ប្រជុំ​កោះ​ជម្លោះ​ស្ព្រាតលី​។


ការ​ចោទ​​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ នា​ថ្ងៃ​អាទិត្យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ ហ្វីលីពីន​បាន​ចោទ​ប្រកាន់​ចិន​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ បាន​ធ្វើ​​ «​សកម្មភាព​ខុស​ច្បាប់​ និង​គឃ្លើន​» ​ដោយ​ប្រើ​កាណុង​បាញ់​ទឹក​ទៅ​​លើ​កប៉ាល់​នេ​សាទ​របស់​រដ្ឋាភិបាល​ ដែល​ជន​ស៊ីវិល​​កំពុង​​ប្រើ​ការ​។ ​ប៉ុន្តែ​ចិន​អះ​អាង​ថា​ ខ្លួន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ហើយ​សកម្មភាព​របស់​ខ្លួន​គឺ​ស្រប​តាម​ច្បាប់​»៕