ទីប្រឹក្សាមូលនិធិកុមារ យុវជន និងគ្រួសារថៃ លោកស្រី ធីឆា ណាណាខន (ThichaNanakorn) បានឱ្យដឹងថា គ្រូបង្រៀង ៤ នាក់ និងសិស្ស ២ នាក់ផ្សេងទៀត រងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទប្រកាន់រំលោភបំពានផ្លូវភេទលើសិស្សស្រីៗចំនួន៣នាក់ក្នុងខេត្តមុក្ដាហារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអាទិត្យ ទី១០ធ្នូនេះ។
លោកស្រី ធីឆា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វ៊េសប៊ុកថា ក្នុងឆ្នាំ ២០២០ មូលនិធិ និងដៃគូក្នុងស្រុកផ្សេងទៀត បានចាប់ផ្តើមជួយជនរងគ្រោះដើម្បីចោទប្រកាន់ពីបទឧក្រិដ្ឋនិងរដ្ឋប្បវេណីប្រឆាំងនឹងគ្រូបង្រៀន ៦ នាក់ និងសិស្ស ២នាក់ រហូតដល់តុលាការខេត្តមុក្ដាហារ យល់ព្រមបើកសវនាការលើករណីនេះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០។
លោកស្រីបានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការខេត្តមុក្ដាហារ ដែលចេញកាលពីថ្ងៃសុក្រថា កុមារីជនរងគ្រោះទាំងអស់ មានអាយុក្រោម ១៥ ឆ្នាំ នៅពេលការរំលោភបំពានផ្លូវភេទលើពួកគេបានកើតឡើង។ ការរំលោភបំពានលើជនរងគ្រោះដដែល បានកើតឡើងម្តងហើយម្តងទៀត ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្នុងផ្ទះគ្រូជាប់ចោទម្នាក់។
គេមិនបានបញ្ចេញព័ត៌មានលម្អិតពីសិស្ស២នាក់ ដែលរងការចោទប្រកាន់ និងការកាត់ទោសនោះទេ ខណៈគ្រូបង្រៀន២នាក់ទៀតត្រូវបានរួចខ្លួន ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកថា ពួកគេបានជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពាននោះ។
លោកស្រី ធីឆា បានបន្តផងដែរថា តាមបញ្ជារបស់តុលាការ ជនជាប់ទោសទាំង ៦ រូប ត្រូវផ្ដល់សំណងជាប្រាក់ចំនួន ៣ លានបាតរួមគ្នា ជាមួយនឹងអត្រាការប្រាក់ ៧,៥ ភាគរយក្នុងមួយឆ្នាំ ទៅជនរងគ្រោះ។
ជុំវិញបញ្ហានេះ លោកស្រី ធីឆា បាននិយាយថា លោកស្រីមានគម្រោងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon Chidchob អំពីវិធីទប់ស្កាត់ការរំលោភផ្លូវភេទស្រដៀងគ្នានេះ កុំឱ្យកើតឡើងម្តងទៀត។