ប្រទេស​ជិត ២០០ ដែល​ជួបជុំគ្នា​នៅ​ទីក្រុង​ឌូ​បៃនៃ​ប្រទេសអារ៉ាប់រួម​​សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP28 របស់​អង្គការសហប្រជាជាតិ​ នាពេលនេះ​កំពុង​ពិភាក្សា​ថា​តើ​គួរ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​សំដៅ​បញ្ចប់​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ជា​លើកដំបូង​របស់​ពិភពលោក​ដែរឬទេ។ ដោយ​កិច្ចព្រមព្រៀង​នេះ​ជា​ដំណោះស្រាយ​ដ៏​សំខាន់​មួយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ។

ក្នុងនោះ​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន៨០រួមទាំង​សហភាព​អឺរ៉ុប​សហរដ្ឋអាមេរិក​និង​ដែន​កោះ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កត្តា​អាកាសធាតុ​មួយចំនួន​កំពុង​ទាមទារ​ឱ្យមាន​កិច្ចព្រមព្រៀង COP28 ដើម្បី​លុបបំបាត់​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល។

ប៉ុន្តែ​យ៉ាងណា ​អគ្គលេខាធិការ​អង្គការ OPEC គឺ​ លោក​ Haitham Al Ghais បាន​ជំរុញ​ឱ្យ​ប្រទេស​ផ្សេងទៀត​ដែលជា​សមាជិក​ក្រុម OPEC+ បដិសេធ​កិច្ចព្រមព្រៀង​ចេញពី​កិច្ចប្រជុំ COP28 ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ឥន្ធនៈ​ហ្វូ​ស៊ី​ល។


ក្រោយ​ការជំរុញ​បែបនេះ​ពី​សំណាក់​លោក ​Haitham Al Ghais អង្គការ​អាកាសធាតុ​បាន​រិះគន់​យ៉ាងខ្លាំង​និង​ចាត់ទុកថា​នេះ​ជាការ​ប៉ុនប៉ង​របស់​អង្គការ OPECលើ​ការបង្អាក់​កិច្ចព្រមព្រៀង COP28 ស្តីពី​ការបញ្ឈប់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទៅកាន់​ប្រទេស​ជា​សមាជិក​ផ្សេងទៀត។

លោក ​Wopke Hoekstra ដែលជា​ប្រធាន​អង្គការ​អាកាសធាតុ​សហ​ភាព​អឺរ៉ុប​បាន​មានប្រសាសន៍ថា៖«នៅទីនេះ​យើង​មិន​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ប្រយោជន៍​ជាតិ​រៀងខ្លួន​ឬ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​នោះទេ​ពួកយើង​នៅទីនេះ​ដើម្បី​ធ្វើ​អ្វីដែល​ល្អ​សម្រាប់​អនាគត​ពិភពលោក​របស់​យើង»។


លោក​ Wopke Hoekstra បាន​បន្តថា៖ «នេះ​គួរតែ​ជាការ​ចាប់ផ្ដើម​នៃ​សកម្មភាព​បញ្ឈប់​ឥ​ន្ធៈ​ហ្វូ​ស៊ី​ល​បើទោះជា​យើង​ជា​ប្រទេស​ផលិត​ប្រេង​ឬ​ជា​អ្នកប្រើប្រាស់​ប្រេង​ក៏ដោយ»។

លោក​បន្តថា​នេះ​អាចជា​បរាជ័យ​ដ៏​ធំធេង​មួយ​ប្រសិនបើ​កិច្ចប្រជុំ COP28 មិនអាច​បង្កើត​កិច្ចព្រមព្រៀង​សំដៅ​កាត់បន្ថយ​ការឡើង​កម្ដៅ​ផែនដី​នៅក្នុង​កម្រិត​មួយ​ដែល​អាច​បញ្ចៀស​នូវ​មហន្ដរាយ​នា​ថ្ងៃ​ខាងមុខ។

យ៉ាងណាមិញ​ក្រុម​អ្នកសង្កេតការណ៍​និង​អ្នកចរចា​នៅក្នុង​កិច្ចប្រជុំ COP28 បាន​និយាយថា​បណ្តា​ប្រទេស​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត​និង​រុស្ស៊ី​ដែលជា​សមាជិក​នៃ​អង្គការ OPEC និង OPEC+ គឺជា​អ្នកប្រឆាំង​ដ៏​ធំ​បំផុត​សម្រាប់​កិច្ចព្រមព្រៀង​បញ្ឈប់​ឥន្ធនៈ។

​ធ្យូងថ្ម​ប្រេង​និង​ឧស្ម័ន​មាន​ច្រើនជាង៧៥% នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាស​កល​ដែល​កំពុង​ជំរុញឱ្យមាន​ផលប៉ះពាល់​អាកាសធាតុ​កាន់តែ​អាក្រក់​រួមមាន​ការឡើង​កម្ដៅ​គ្រោះរាំងស្ងួត​និង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​ជាដើម។

ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដូចជា​ធ្យូងថ្ម ប្រេង​និង​ហ្គាស​ជាដើម​បាន​ក្លាយជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​ក្នុងសង្គម​បច្ចុប្បន្ន។រីឯ​ប្រទេស​កំពុងអភិវឌ្ឍន៍​វិញ​ក៏​កំពុង​ទាមទារ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដើម្បី​ជួយ​ពួកគេ​វិនិយោគ​លើ​ថាមពល​ស្អាត។

ទោះបីជា​មានការ​កើនឡើង​នៃ​ថាមពល​កកើត​ឡើងវិញ​ក៏ដោយ​ប៉ុន្តែ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​បាន​គ្របដណ្ដប់​ប្រហែល៨០% នៃ​ថាមពល​របស់​ពិភពលោក​ទៅហើយ​ដូច្នេះ​វា​ជា​រឿង​មួយ​ដ៏​លំបាក​ដែល​ពិភពលោក​ត្រូវដាក់​គោលដៅ​ឈានទៅ​បញ្ឈប់​ការប្រើប្រាស់​ទាំងស្រុង៕