អ្នក​​គាំទ្រ​គណបក្ស​ជាតិ​និយម​បង់ក្លាដែស​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ខណៈ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ​ទាម​ទារ​ឱ្យ​មាន​​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ ដែល​មិន​លម្អៀង​ ​ជា​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត​​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

គណបក្ស​ប្រឆាំង​ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​អតីត​នាយក​រដ្ឋ​មន្ត្រី​ Khaleda Zia មួយ​នេះ​​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោយ​ទុក​ឱ្យ​អ្នក​បោះឆ្នោត​នៅ​​បង់ក្លេដែស​ ដែល​មាន​ប្រជាជន​ជាង​ ១៦៦ លាន​នាក់​ មាន​ជម្រើស​តិច​ក្នុង​ការ​សម្រេច​ចិត្ត​។ ​​លោក​ស្រី​នាយករដ្ឋ​មន្រ្តី​បច្ចុប្បន្ន​ Sheikh Hasinaមក​ពី​គ​ណ​បក្ស​​ Awami League ​រំពឹង​ថា​នឹង​ជាប់​អាណត្តិ​ទី​ ៤​ របស់​ខ្លួន​។

ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​​នៅ​កណ្តាល​​ក្រុង​ដាកា​ ​សកម្មជនបក្ស​​ប្រឆាំង​​បាន​និយាយ​ថា​ ពួក​គេ​មិន​គិត​ថា​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ នឹង​​ប្រព្រឹត្តទៅ​ដោយ​សេរី​ និង​យុត្តិធ​ម៌​ ​ក្រោម​ការ​រៀប​ចំ​របស់​រដ្ឋាភិបាល​របស់​លោក​ស្រី​ Hasina នោះ​ទេ​។


​​ការ​ប្រមូល​ផ្តុំ​ដដែល​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​​សប្តាហ៍ប៉ុណ្ណេះ​​ បន្ទាប់​ពី​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដដែល​កា​ល​ពី​ចុង​ខែ​តុលា​ បាន​ប្រែ​ក្លាយ​ជា​ហិង្សា ក្រោម​ការ​បង្រ្កាប​របស់​ប៉ូលិស​​។ ​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​អាទិត្យ​ បា​ន​កាន់​បដា​ផ្សេង​ៗ​ ដែល​​រួម​មាន​ទាំង​ការ​សរសេរ​ថាទាម​ទារ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​។

​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ជាតិ​និយម​បង់ក្លេដែស​ ​ក្នុងកា​រ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ កើត​ឡើង​ចំ​ពេល​​មាន​ការ​បង្រ្កាប​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​លើ​សម្លេង​ប្រឆាំង​ពីសំណាក់​​រដ្ឋាភិបាល​ ដែល​ចាប់​អ្នក​នយោបា​យ​​ជាច្រើន​នាក់​ដាក់​គុក​ ហើយ​​បំបិទ​មាត់​ពួក​គេ​តាម​មធ្យោបាយ​ផ្សេង​ៗ​​។


ក្នុង​របាយការណ៍​កាល​ពី​ខែ​មុន​ អង្គការ​​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ ​បាន​និយាយ​ថា​ ​​សកម្មជន​ប្រឆាំង​ប្រមាណ​ ១០ ០០០ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​ចាប់​តាំង​ពី​ថ្ងៃ​បាតុកម្ម​ចុង​ខែ​​តុលា​។ 

ខណៈ​ក្រុម​​អ្នក​រិះ​គន់​​និយាយ​ថា​ ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ការ​លួច​បន្លំ​ ​​រដ្ឋាភិបាល​លោក​ស្រី​ Hasina ​បាន​ច្រាន​ចោល​​ ដោយ​និយាយ​ថា​ ​វា​នឹង​ប្រព្រឹត្ត​ទៅ​តាម​បែប​ប្រជាធិបតេយ្យ​ និង​ការ​រួម​បញ្ចូល​ពី​​គ្រប់​ភាគី​៕​