សហរដ្ឋអាមេរិក និង​ចិន​ នៅ​មិនទាន់​បាន​បើក​ឱ្យមាន​កិច្ចសន្ទនា​ផ្នែក​យោធា ដែល​មេដឹកនាំ​របស់​ពួកគេ​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែ​មុន​នោះទេ​។ នេះ​បើ​យោងតាម​សេត​វិមាន​អាមេរិក​។​

​ការលើកឡើង​នេះ ហាក់ដូចជា​សហរដ្ឋអាមេរិក​កំពុងមាន​បំណង​ចង់​ចាប់ផ្តើម​ពិភាក្សា​ផ្នែក​យោធា​ជាមួយ​ចិន​ឡើងវិញ ដើម្បី​កាត់បន្ថយ​ភាព​​តានតឹង​ដែល​កំពុង​កើតមាន​។​

​លោក ច​ន ឃើ​ប៊ី (John Kirby)​ អ្នកនាំពាក្យ​របស់​សេត​វិមាន​អាមេរិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅលើ​យន្តហោះ​ប្រភេទ Air Force One ថា ការបើក​កិច្ចពិភាក្សា​យោធា​ឡើងវិញ​នឹង​អាច​កាត់បន្ថយ​កំហុសឆ្គង និង​ការយល់ច្រឡំ​រវាង​គ្នា​បាន​ច្រើន​។​


​ប៉ុន្តែ​លោក​បាន​បន្ថែមថា កិច្ចចរចា​នេះ​ប្រហែលជា​មិនទាន់​អាច​ធ្វើទៅ​បានទេ ដោយសារតែ​ប្រទេស​ចិន​មិនទាន់​បានតែងតាំង​អ្នក​ជំនួស​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍ លី សាង​​ហ្វ៊ូ (Li Shangfu)​ ដែលជា​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិចិន ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ខែតុលា និង​ដែលជា​សម​ភាគី​របស់រ​ដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក ឡយ​ដ៍ អូ​ស្ទី​ន (Lloyd Austin)​។​

​លោក ឃើ​ប៊ី និយាយថា​៖ «​ខ្ញុំ​យល់ថា ទំនាក់ទំនង​ផ្នែក​យោធា​មិនទាន់​ត្រូវបាន​ស្ដារឡើងវិញ​ទេ នេះ​គឺ​ប្រហែលជា​ដោយសារតែ​អវត្តមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​»​។ លោក​បាន​បន្តថា​៖«​យើង​សូម​ជំរុញឱ្យមាន​ការតែងតាំង​អ្នកណាម្នាក់​ក្នុងពេល​ឆាប់ៗ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​កិច្ចចរចា​»​។​


​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​​ដិ​ន (Joe Biden) និង​ប្រធានាធិបតី​​ចិន លោក ស៊ី ជីន​ភីង (Xi Jinping)​ ធ្លាប់បាន​សម្រេច​ថា ពួកគេ​នឹង​ចាប់ផ្តើម​ស្ដារ​ទំនាក់ទំនង​យោធា​ឡើងវិញ​អំឡុង​ពេលដែល​មេដឹកនាំ​ទាំង​ ២​ មាន​ជំនួប​ក្នុង​កិច្ចប្រជុំ​កំពូល APEC នៅ​រដ្ឋ​ California កាលពី​ខែ​មុន​។​

​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​ផ្អាក បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ស្រី ណាន​ស៊ី ប៉េ​ឡូ​ស៊ី (Nancy Pelosi)​ ទៅកាន់​កោះ​តៃវ៉ាន់​ក្នុង​ខែសីហា ឆ្នាំ ​២០២២ ដែល​បានធ្វើឱ្យ​ប្រទេស​ចិន​ដែល​តែងតែ​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​មួយ​នេះ មានការ​ខឹងសម្បា​យ៉ាងខ្លាំង​។​

​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ តៃវ៉ាន់​បាន​រាយ​ការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ចិន​ចំនួន​ ១២ ​គ្រឿង និង​បា​ឡុង​អាកាសធាតុ​មួយ បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។ សកម្មភាព​នេះ​បាន​បង្កឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង ខណៈដែល​តៃវ៉ាន់ បាននិងកំពុង​រៀបចំ​ការបោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​ក្រោយនេះ​។​

​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ១៣ ខែមករា ខាងមុខ​របស់​តៃវ៉ាន់ ក៏​ជំរុញ​ពួកគេ​ឱ្យ​បង្កើត​ទំនាក់ទំនង​យោធា​ដោយផ្ទាល់​រវាង​ភាគី​ទាំង​នៅក្នុង​តំបន់​មួយចំនួន ដែល​ជម្លោះ​អាច​កើតមាន​។​

​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ សហរដ្ឋអាមេរិក និង​ចិន​បាន​ជួបប្រទះ​នឹង​បញ្ហា​ចម្រូង​​ចម្រាស​ជាច្រើន ជាពិសេស​ជុំវិញ​ការ​​ធ្វើ​សមយុទ្ធ​យោធា​រៀងៗ​ខ្លួន​ក្នុង​តំបន់ រួមមាន​ដូចជា​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ជាដើម​៕