ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​ស៊ី​ប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន (Recep Tayyip Erdogan) កាលពី​ថ្ងៃ​សៅរ៍​ទី​ ៩ ខែធ្នូ បាន​ចោទប្រកាន់​លោកខាងលិច​ថា គាំទ្រ​អំពើ​ព្រៃផ្សៃ​នៅ​តំបន់​ហ្គា​ហ្សា តាមរយៈ​ជំហរ​របស់​ពួកគេ​លើ​ជម្លោះ​អ៊ី​ស្រា​អែល​-​ហា​ម៉ាស់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP​។​

​ក្នុង​កិច្ចប្រជុំ​ ១ ដែល​ធ្វើឡើង ​១ ​ថ្ងៃមុន​ខួប​លើក​ទី ៧៥ ​នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស នាទី​ក្រុង​អ៊ីស្តង់​ប៊ុល លោក  អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែងថា​៖«​អ៊ី​ស្រា​អែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​ការសម្លាប់​រង្គាល​ដែល​ធ្វើឱ្យ​មនុស្សជាតិ​ទាំងមូល​អាម៉ាស់​»​។​

​លោក​បន្តថា​៖ «​តម្លៃ​ទាំងអស់​ទាក់ទង​នឹង មនុស្សជាតិ ត្រូវបាន​កប់​ចោល​នៅ​ហ្គា​ហ្សា​។ នៅ​ចំពោះមុខ​ភាពឃោរឃៅ​បែបនេះ ស្ថាប័ន​អន្តរជាតិ និង​អង្គការ សិទ្ធិមនុស្ស មិន​ចាត់​វិធានការ​ជាក់ស្តែង​ណាមួយ ដើម្បី​ទប់​ស្កាត់​ការរំលោភបំពាន​បែបនេះ​ឡើយ​»​។​ 


​សេចក្តីប្រកាស​សិទ្ធិមនុស្ស ដែល​ប្រកាស​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ១៩៤៨ កំណត់​ស្តង់ដា​សិទ្ធិមនុស្ស និង​សេរីភាព​សម្រាប់​មនុស្ស​គ្រប់រូប​។​

​មេដឹកនាំ​តួ​ក​គី​ដដែល​បាន​បន្ថែមថា តម្លៃ​តែ ១ ​គត់​ដែល​លោកខាងលិច​ប្រកាន់ខ្ជាប់ គឺ​ភាពព្រៃផ្សៃ​របស់​ពួកគេ​។ គេ​អាច​បានឃើញ​ឧទាហរណ៍​នៃ​ភាពព្រៃផ្សៃ​របស់​បស្ចិម​ប្រទេស​ទាំងនោះ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អកុសល​ទាំងអស់​ដែល​ពួកគេ​បាន​គាំទ្រ ឬ​ប្រព្រឹត្ត​»​។​


​លោក អេ​រ​ដូ​ហ្គែ​ន បាន​លើកយក​អំ​ណះអំ​ណា​ង​ពី​ការវាយប្រហារ​លើ​វិហារ​អ៊ិ​ស្លាម​នៅ​ក្រុង Christchurch នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក្នុង​ឆ្នាំ ​២០១៩ ដែល​ខ្មាន់​កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស​ចំនួន​ ៥១ នាក់​។ លោក​និយាយថា លោកខាងលិច​ចាត់ទុក​ការវាយប្រហារ «​ប្រឆាំងនឹង​សាសនា​អ៊ិ​ស្លាម​»​ នោះ​ថា ស្របច្បាប់ ហើយ​ថែមទាំង​បាន​លើកទឹកចិត្ត​លើ​ការវាយប្រហារ​នោះ​ទៀតផង​។

​លោក អេ​រ​ដូ​ហ្គែ​ន ថ្លែងថា យោងតាម​ការយល់ដឹង​របស់លោក​ខាងលិច ពួក​ដែល​មិនមែនជា​លោកខាងលិច គ្មាន​សិទ្ធិ​នឹង​ប្រើ​សិទ្ធិមនុស្ស​ជាស​កល​នោះទេ​។​

​ភ្ជាប់​នឹង​បញ្ហា​នេះ លោក​អេ​រ​ដូ​ហ្គែ​ន បាន​និយាយថា ពិភពលោក​ដែល​ប្រកបដោយ​យុត្តិធម៌​ជាង​នេះ អាច​កើតមាន ប៉ុន្តែ វា​មិនអាច​កើតមាន​ជាមួយ​អាមេរិក​ទេ ដោយសារ​ប្រទេស​នេះ​គាំទ្រ​អ៊ី​ស្រា​អែល​។ លោក​បន្តថា​៖ «​ចាប់ពីពេលនេះ​តទៅ មនុស្ស​ជាតិ​នឹងមិន​គិតថា អាមេរិក​គាំទ្រ​សេចក្តី​ប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​ទេ​»​។​

​ការ​ថ្លែង​យ៉ាង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ បាន​វេតូ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ ដែល​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌​នៅ​តំបន់​ហ្គា​ហ្សា​។ អាមេរិក​ដែលជា​សម្ព័ន្ធ​អ៊ី​ស្រា​អែល ជឿថា បទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សា នឹង​ផ្ដល់​ប្រយោជន៍​ឱ្យតែ​ក្រុម​ហា​ម៉ាស់ ដែល​ខ្លួន​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ​ប៉ុណ្ណោះ​។​

​កាលពី​ខែតុលា លោក អេ​រ​ដូ​ហ្គែ​ន បាន​ប្រាប់​ហ្វូង​បាតុករ​ដ៏​ធំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា រដ្ឋាភិបាល​របស់លោក​កំពុង​រៀបចំ ដើម្បី​ប្រកា​សអ៊ី​ស្រា​អែល​ជា «​រដ្ឋ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​» ដោយសារតែ​សកម្មភាព​របស់​ប្រទេស​នេះ​នៅ​តំបន់​ហ្គា​ហ្សា​។ ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​អ៊ី​ស្រា​អែល​បាន​និយាយ​ជា ខ្លួន​នឹង​វាយតម្លៃ​ឡើងវិញ​ពី​ទំនាក់ទំនង​ការទូត​របស់ខ្លួន ជាមួយ​តួ​ក​គី​។​

​ការរិះគន់​របស់លោក អេ​រ​ដូ​ហ្គែ​ន ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​របស់លោក​ខាងលិច ធ្វើឡើង​ខណៈ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​តួ​ក​គី ក្នុងអំឡុងពេល​កាន់អំណាច​រយៈពេល​ ២​ ទសវត្សរ៍​របស់លោក ស្ថិតនៅក្រោម​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​បស្ចិម​លោក ជាពិសេស​សហភាព​អឺរ៉ុប​៕