ប្រទេស​ចិន ​និង​វៀតណាម ​ត្រូវ​បានកំណត់​យល់ព្រម​ក្នុង​សប្តាហ៍​នេះ​ លើ​គម្រោងការ​អភិវឌ្ឍន៍​ផ្លូវដែក​ឱ្យ​កាន់តែ​ប្រសើរឡើង​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ​ដែល​អាចធ្វើ​ទៅបាន​រួមទាំង​គម្រោង​ឌីជីថល​ផងដែរ​ ក្នុង​គោលដៅ​ធ្វើឱ្យ​ទីក្រុង​ហាណូយ​ខិត​ទៅជិត​ក្រុង​ប៉េកាំង​ស្រប​ពេលដែល​មហាអំណាច​គូប្រជែង​​​កំពុង​ចោមរោម​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​វៀតណាម។

សេចក្តីប្រកាស​នេះ​ ត្រូវបាន​រំពឹងថា​ នឹង​បញ្ចេញ​ជា​សាធារណៈ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី​ ជីនភីង ( Xi Jinping) ទៅកាន់​ទីក្រុង​ហាណូយ​ចាប់​ពីថ្ងៃ​អង្គារ​នេះ ដែល​នេះ​ជា​លើក​ទី១ ក្នុង​រយៈពេល ៦ ឆ្នាំ​ដែល​លោក​ទៅកាន់​ប្រទេស​ជិត​របស់ខ្លួន​ខាងក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​ដំណើរ​ទស្សនកិច្ច​ក៏​ធ្វើឡើងភ្លាមៗ បន្ទាប់ពប្រធានា​ធិបតី​អាមេរិក ចូ បៃដិន (Joe Biden០ បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វៀតណាម​ក្នុង​ខែកញ្ញា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ។

បើតាម​កាសែត​រដ្ឋ​វៀតណាម ​Tuoi Tre បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​វៀតណាម លោក​Xiong Bo បាន​និយាយថា​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់ជំនួយ​ដល់​ប្រទេស​វៀតណាម​ដើម្បី​ជំរុញ​ផ្លូវ​រថភ្លើង​រវាង​ទីក្រុង​គុន​មីង​និង​ទីក្រុង​កំពង់ផែ Haiphong របស់​វៀតណាម​រួមទាំង​បណ្តាញ​ដឹកជញ្ជូន​ផ្សេងទៀត​ពី​ភាគខាងត្បូង​ប្រទេស​ចិន​ទៅកាន់​ទីក្រុង​ហាណូយ។


លោក ​Xiong Bo បាន​បន្ថែមថា​ប្រទេស​ចិន​នឹង​ផ្តល់ «ជំនួយឥតសំណង» សម្រាប់​គម្រោង​ទាំងនេះ​ខណៈ​កាសែត Tuoi Tre បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា​ប្រសិនបើ​វា​ជា​ជំនួយឥតសំណង​ពិតប្រាកដ​នោះ​វា​នឹង​ក្លាយជា​សម្បទាន​ដ៏​សំខាន់​មួយ​ដល់​ប្រទេស​វៀតណាម​ដែលជា​ប្រទេស​មាន​ទម្លាប់​ស្អប់ខ្ពើម​ក្នុងការ​ខ្ចីប្រាក់​ពី​ប្រទេស​ដទៃ។

ការផ្តល់​ជំនួយ​ក្នុង​ទំហំធំធេង​បែបនេះ​របស់​ចិន​ក៏​អាច​ត្រូវបាន​គេ​យល់ថា​ជាការ​វាយប្រហារ​ដល់​ស​ហ​រដ្ឋ​អាមេរិក និង​ប្រទេស​គាំទ្រ​លោកខាងលិច​ផ្សេងទៀត​ដែល​ព្យាយាម​ជួយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​វៀតណាម​តាមរយៈ​ផែនការ​អាកាសធាតុ​ដែល​អាច​នឹង​ផ្តល់​ប្រាក់កម្ចី ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ជួយ​វៀតណាម​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។


ផែនការ​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវដែក Kunming-Haiphong ដែល Reuters បាន​រាយការណ៍​ជា​លើកដំបូង​នៅ​ដើមខែ​ធ្នូ​គឺជា​គម្រោង​មួយ​ដែល​ឆ្លងកាត់​តំបន់​អណ្តូងរ៉ែ​កម្រ​ដ៏​ធំ​បំផុត​ដែល​វៀតណាម​ខ្លួនឯង​មិនទាន់មាន​លទ្ធភាព​ទាញយក​ប្រយោជន៍​ពី​វា​នៅឡើយ​ពោលគឺ​ដោយសារតែ​ខ្វះ​បច្ចេកវិទ្យា​កែច្នៃ។

រហូតមកដល់​ពេលនេះ​ ប្រទេស​ចិន ​គឺជា​ប្រទេស​ផលិត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​និង​ជា​ប្រទេស​ចម្រាញ់​រ៉ែ​កម្រ​ប៉ុន្តែ​សម្រាប់​ចិន​ និង​វៀតណាម ​គេ​មិន​ច្បាស់​ថា​តើ​កិច្ចព្រមព្រៀង​អ្វី ដែល​អាច​សម្រេចបាន​នោះទេ​នៅ​ថ្ងៃ​ទស្សនកិច្ច​របស់លោក Xi ដ្បិតអី​ទីក្រុង​ប៉េកាំង​តែងតែ​ស្ទាក់ស្ទើរ​ក្នុងការ​ចែករំលែក​បច្ចេក​វិជ្ជា​ចម្រាញ់​រ៉ែ​របស់ខ្លួន​ហើយ​ទីក្រុង​ហាណូយ​ភាគច្រើន​រារាំង​ការនាំចេញ​របស់​កម្រ​ដែល​មិនទាន់​កែច្នៃ។

ក្រសួងការបរទេស​វៀ​ត​ណា​ម​មកទល់ពេលនេះ​មិនបាន​ឆ្លើយតប​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​របស់​អ្នកសារព័ត៌មាន​ឡើយ​ពី​ជំនួយ​ចិន​ដែល​អាចធ្វើ​ទៅបាន​នោះទេ​ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រី Pham Minh Chinh កាលពី​ខែវិច្ឆិកា​បានប្រកាស​គាំទ្រ​ការអភិវឌ្ឍន៍​ផ្លូវដែក Kunming-Haiphong៕