នាវាចម្បាំង​បារាំង​មួយ​ ឈ្មោះថា ឡាង​ហ្គោ​ដុក (Lauedngoc) បាន​បាញ់​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា ដ្រូ​ន ចំនួន ២ គ្រឿង​ នៅលើ​សមុទ្រ​ក្រហម។ យោងតាម​សម្ដី​របស់​ក្រុម​យោធា​បារាំង​បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំង ២នេះ​បាន​ហោះ​មកពី​ឆ្នេរសមុទ្រ​ប្រទេស​យេ​ម៉ែន ហើយ​យោធា​បារាំង​ក៏បាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃ​សៅរ៍។

ការបាញ់​ស្ទាក់​ដ្រូ​ន​ទាំងពីរ​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង ២ កន្លះ​យប់​មួយគ្រឿង និង​ម៉ោង ១០ កន្លះ​យប់​មួយគ្រឿង​ទៀត ដែលមាន​ចម្ងាយ​ប្រហែល ១១០ គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​យេ​ម៉ែន។ គួរ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រុម​ឧទ្ទាម​ហ៊ូ​ទី (Houthi) នៅ​ប្រទេស​យេ​ម៉ែន​បាន​គំរាមថា ពួកគេ​នឹង​វាយប្រហារ​កប៉ាល់​ណា​ដែល​ចង់​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​អ៊ីស្រាអែល លើកលែងតែ​ជា​កប៉ាល់​ផ្គត់ផ្គង់​ស្បៀងអាហារ និង​ថ្នាំ​ពេ​ទ្រ​ទៅកាន់​តំបន់​ហ្កា​ហ្សា។

តំបន់​ហ្កា​ហ្សា​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ជាង​ពីរ​ខែ​កន្លងមកនេះ។


ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បានប្រកាសថា កប៉ាល់​ទាំងឡាយណា​ដែលមាន​ទាក់ទង​ជាមួយ​អ៊ីស្រាអែល ឬ​ដឹកទំនិញ​ទៅកាន់​កំពង់ផែ​អ៊ីស្រាអែល គឺ​មិន​ស្វាគមន៍​នោះទេ​នៅក្នុង​សមុទ្រ​ក្រហម ដែលជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​ទៅកាន់​ព្រែកជីក​ស៊ុយ​អេ (Suez Canal)។ ពួកគេ​បាន​ព្រមាន​នាវា​ទាំងអស់ និង​ជាពិសេស​នាវា​ក្រុមហ៊ុន​ឯកជន កុំ​ឲ្យ​ចូល​កំពង់ផែ​អ៊ីស្រាអែល។

ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃទី៧ ខែតុលា​មក ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បានធ្វើការ​វាយប្រហារ​នា​វា​នៅលើ​សមុទ្រ​ក្រហម​ជាច្រើន​គ្រឿង។ ជាក់ស្ដែង កាលពី​សប្តាហ៍​មុន ពួកគេ​បាន​វាយប្រហារ​លើ​នាវា​ចំនួន ២ គ្រឿង រួមទាំង​កប៉ាល់​ដែលមាន​ទង់ជាតិ​បា​ហា​ម៉ាស (Bahamas) ផងដែរ។


មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ខែ​មុន ពួកគេ​បាន​ថែមទាំង​បាន​រឹបអូស​យក​កប៉ាល់​ដឹកទំនិញ​ដែលជា​ប់​ពាក់ព័ន្ធ​ជាមួយ​អ៊ីស្រាអែល​ទៀតផង។ ការធ្វើ​បែបនេះ បាន​បង្កឱ្យមាន​ភាព​តានតឹង​ក្នុង​តំបន់​កាន់តែខ្លាំង។

មនុស្ស​ជាច្រើន​នៅ​តំបន់​ហ្កា​ហ្សា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​តស៊ូ​ជាមួយ​ភាពអត់ឃ្លាន​យ៉ាងធ្ងន់ធ្ងរ ហើយ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នាពេលថ្មីៗនេះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់​យ៉ាងច្រើន ជាពិសេស​ស្ត្រី និង​កុមារ ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​ជាប់​ក្នុង​អគារ​បាក់​រលំ។

កន្លងមក ក្រុម​ឧទ្ទាម​ហ៊ូ​ទី មិន​ត្រឹមតែ​វាយប្រហារ​នៅ​តំបន់​សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​គ្រាប់​មី​ស៊ី​ល តម្រង់​គោលដៅ​ទៅកាន់​អ៊ីស្រាអែល បន្ទាប់ពី​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កា​ហ្សា។

ថ្មីៗនេះ នាវា​ពិឃាត​របស់​អាមេរិក​បាន​ស្ទាក់ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៣ គ្រឿង​ផងដែរ ដែលជា​របស់​ប្រទេស​យេ​ម៉ែន​ក្នុង​សមុទ្រ​ក្រហម ខណៈពេលដែល​កំពុង​កំពុងផ្ដល់​ជំនួយ​ដល់​នាវា​ពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក​បាន​អះអាងថា ទង្វើ​របស់​យេ​ម៉ែន​នេះ​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​សុវត្ថិភាព​ដែនសមុទ្រ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ីស្រាអែល លោក តា​ឈី ហេ​នេ​ក​ប៊ី (TzachiHanegbi) បាន​បញ្ជាក់ថា អ៊ីស្រាអែល​បដិសេធ​មិន​ទទួលយក​ទង្វើ​ឡោមព័ទ្ធ​ផ្លូវទឹក​បែបនេះ​ដាច់ខាត ហើយ​ថា​លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) និង​មេដឹកនាំ​អឺរ៉ុប​ជួយ​ចូលធ្វើ​អន្តរាគមន៍។

លោក ហេ​នេ​ក​ប៊ី បាន​ព្រមាន​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​មិន​ចាត់វិធានការ​ទេ អ៊ីស្រាអែល​អាច​នឹង​ចាត់វិធានការ​ដោយ​ខ្លួនឯង ដើម្បី​បញ្ចប់​បញ្ហា​មួយ​នេះ។

នៅ​តំបន់​មជ្ឈិមបូព៌ា ក្រុម​ដែល​ពាក់ព័ន្ធ​ជាមួយ​អ៊ីរ៉ង់ ដូចជា​ក្រុម​ហេស​បូ​ឡា​នៅ​លី​បង់ និង​ក្រុម​ប្រដាប់អាវុធ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ បាននិងកំពុង​វាយប្រហារ​ទីតាំង​របស់​អាមេរិក ចាប់តាំងពី​អ៊ីស្រាអែល​បានចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនោះ អ៊ីស្រាអែល​នៅតែ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កា​ហ្សា បើទោះបីជា​សហរដ្ឋអាមេរិក​បានចេញ​ជំហរ​រារាំង​ក៏ដោយ៕