ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសថា​នឹងធ្វើ​ការ​រឹតបន្តឹង​ច្បាប់​ទិដ្ឋាការ​សម្រាប់​និស្សិត​អន្តរជាតិ និង​កម្មករ​ដែលមាន​ជំនាញ​ទាប ដែល​អាច​នឹង​កាត់បន្ថយ​ចំនួន​ជន​ចំណាកស្រុក​របស់ខ្លួន​ពាក់កណ្តាល​ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រទេស​នេះ​កំពុងតែ​ស្វះស្វែង​កែលម្អ​ប្រព័ន្ធ​សម្រាប់​ជន​ចំណាកស្រុក។

ការសម្រេចចិត្ត​នេះ​កើតឡើង​បន្ទាប់ពី​ការធ្វើ​អន្តោប្រវេសន៍​ចូលទៅ​កាន់​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​អត្រា៥១០០០០នាក់​ក្នុង​ឆ្នាំ២០២២-២០២៣។

យ៉ាងណាក្ដី​សម្រាប់​ឆ្នាំ ២០២៤-២០២៥ និង២០២៥-២០២៦វិញ ស្របតាម​ការ​រឹតបន្តឹង​ថ្មី​នេះ ទិន្នន័យ​ផ្លូវការ​បាន​ព្យាករ​បង្ហាញឱ្យឃើញថា វា​នឹង​ធ្លាក់​ចុះមក​នៅត្រឹម ១ភាគ៤ នៃ​ចំនួន​មនុស្ស ១លាន​នាក់​ដែល​ប្រហាក់ប្រហែល​នឹង​កម្រិត​មុន​កូ​វីដ១៩។


រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូស្ត្រាលី លោក Clare O'Neil បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​បាន​ខិតខំ​ខ្លាំងណាស់​ធ្វើយ៉ាងណា​ដើម្បី​ឱ្យមាន​សមតុល្យ​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រព័ន្ធ​ចំណាកស្រុក​របស់​ប្រទេស​អូស្ត្រាលី»។

លោក O'Neil បាន​បន្ត​ឱ្យដឹងទៀតថា​ការកើនឡើង​នៃ​ចំនួន​ជន​ចំណាកស្រុក​ក្នុង​ឆ្នាំ ២០២២-២០២៣ នេះ​ភាគច្រើន​គឺជា​និស្សិត​អន្តរជាតិ។


លោកនាយក​រដ្ឋមន្ត្រី Anthony Albanese កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ក៏បាន​និយាយ​ឱ្យដឹង​ដែរ​ថា​ចំនួន​ជន​ចំណាកស្រុក​មកកាន់​ប្រទេស​អូស្ត្រាលី​ចាំបាច់​ត្រូវ​ពង្រឹង​ឱ្យ​ត្រឡប់​ទៅរក «កម្រិត​មួយ​ប្រកបដោយ​និរន្តរភាព» វិញ​ខណៈ​លោក​បន្ថែមថា​ប្រព័ន្ធ​នាពេល​បច្ចុប្បន្ននេះ​បាន​ខូច​ហើយ។

កន្លងមក​អូស្ត្រាលី​ពឹងផ្អែក​ខ្លាំង​លើ​ជន​ចំណាកស្រុក​ទូ​ទៅមក​បំពេញ​ទីផ្សារការងា​រ​ដ៏​ប្រកួតប្រជែង​បំផុត​មួយ​ក្នុង​ពិភពលោក​ក៏ប៉ុន្តែ​ក្រោយ​ការកែប្រែ​នេះ​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី​បាន​ងាក​ទៅ​ជំ​រុញឱ្យ​បង្កើនល្បឿន​ដោយ​ចម្រាញ់​យកតែ​បុគ្គលិក​ដែលមាន​ជំនាញ​ខ្ពស់​ប៉ុន្តែ​អាចធ្វើឱ្យ​ពួកគេ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដោយ​រលូន​វិញ។

នៅក្រោម​គោលនយោបាយ​ថ្មី​និស្សិត​អន្តរជាតិ​នឹង​ត្រូវការ​ការវាយតម្លៃ​កាន់តែ​ខ្ពស់​លើ​ការធ្វើ​តេស្ត​ភាសា​អង់គ្លេស​ហើយ​គោលនយោបាយ​ថ្មី​នេះ​ក៏​នឹង​បញ្ចប់​ការអនុញ្ញាតឱ្យ​និស្សិត​អន្តជាតិ​អូសបន្លាយ​ការ​ស្នាក់នៅ​ក្នុងប្រទេស​អូស្ត្រាលី​ក្រោយ​បញ្ចប់​ការសិក្សា​ផងដែរ។

ដោយឡែក​ទិដ្ឋាការ​ពិសេស​ថ្មី​សម្រាប់​បុគ្គលិក​ដែលមាន​ជំនាញ​ខ្ពស់​នឹង​ត្រូវបាន​បង្កើត​ឡើង​ជាមួយនឹង​ពេលវេលា​ដំណើរ​ការធ្វើ​ត្រឹម ១សប្តាហ៍​ដែល​វា​នឹង​ជួយ​ដល់​អាជីវកម្ម​មាន​ជម្រើស​ជ្រើសរើស​បុគ្គលិក​បរទេស​កំពូល បើទោះបីជា​មានការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ផ្សេងទៀត​ក្តី៕