សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​ចំនួន ៣នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អំឡុងពេល​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ស្រុក​កំពុង​ប្រព្រឹត្តទៅ ប៉ុន្តែ​មិនមាន​វត្តមាន​របស់​ឥស្សរជន​មកពី​គណបក្សប្រឆាំង​ឈរឈ្មោះ​ទេ។ ការបោះឆ្នោត​ថ្នាក់ស្រុក​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ផ្នែក​មួយ​នៃ​ការគាបសង្កត់​ដោយ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ។


រដ្ឋាភិបាល​ហុងកុង​ដែលមាន​និន្នាការ​គាំទ្រ​ចិន​បាននិងកំពុង​ធ្វើយ៉ាងណា​ដើម្បី​បង្កើន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ឱ្យបាន​ច្រើន​ប៉ុន្តែ​មនុស្ស​ជាច្រើន​ហាក់​មិន​ចង់ទៅ​ចូលរួម​បោះឆ្នោត​ទេ។

ទិដ្ឋភាព​នេះ​គឺ​ខុសពី​ឆ្នាំ ២០១៩ នៅពេល​ដែលមាន​អ្នកចេញ​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងច្រើន ហើយ​ក៏មាន​ប្រជាជន​បោះឆ្នោត​ដ៏​ច្រើន​ដូចគ្នា។ កាលនោះ គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​តែម្ដង។


សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ៣នាក់​មកពី​គណបក្ស​សម្ព័ន្ធ​សង្គម​ប្រជាធិបតេយ្យ ត្រូវបាន​ចាប់ខ្លួន​នៅ​កណ្តាល​ទីក្រុង​ហុងកុង​ខណៈពេលដែល​ពួកគេ​កំពុងធ្វើដំណើរ​ចេញទៅ​តវ៉ា​ប្រឆាំង​ការបោះឆ្នោត។ ពួកគេ​បាន​រិះគន់​ការបោះឆ្នោត​ថា​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ដោយសារ​ច្បាប់បោះឆ្នោត​មិនបាន​ទទួលយក​បេក្ខជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត។


បន្ថែម​លើ​នេះ បាតុករ១ក្រុម​ទៀត​នៅក្នុង​ទីក្រុង​ហុងកុង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​អវត្តមាន​នៃ​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ហើយ​ថា​ក្រុម​របស់​ពួកគេ​ត្រូវបាន​អាជ្ញាធរ​តាមដាន​ចាប់តាំងពី​ពេលដែល​ពួកគេ​ធ្វើដំណើរ​ចេញពីផ្ទះ​មកម្ល៉េះ។ យ៉ាងណាមិញ មន្ត្រីប៉ូលិស​បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ៣នាក់​ដែល​សង្ស័យថា​បាន​ព្យាយាម​រំខាន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក ដោយបាន​ធ្វើការ​ឃុំខ្លួន​ពួកគេ​ដើម្បី​ស៊ើបអង្កេត​បន្ថែម។


កាលពី​ខែកក្កដា​កន្លងទៅ បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត ដោយបាន​កាត់បន្ថយ​អាសនៈ​ក្រុមប្រឹក្សា​ស្រុក​ដែល​ជាប់ឆ្នោត​ដោយផ្ទាល់​ជិត ៨០% ធៀប​នឹង​កាលពី ៤ ឆ្នាំ មុន។ ឥឡូវនេះ បេក្ខជន​ឈរឈ្មោះ​ត្រូវការ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្នែក​សន្តិសុខ​ជាតិ និង​ត្រូវការ​តែងតាំង​ពី​គណៈកម្មាធិការ​គាំទ្រ​រដ្ឋា​ភិ​បាល។ ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន និង​សូម្បីតែ​ឥស្សរជន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មួយចំនួន​ក៏​មិន​មានឱកាស​ទទួលបាន​ការតែងតាំង​នោះដែរ។

ការវិវឌ្ឍ​ចុងក្រោយ​នេះ បាន​ឈានដល់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង ដែលជា​ទីក្រុង​ពាណិជ្ជកម្ម​មួយ​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​អង់គ្លេស ក្រោយមក​អង់គ្លេស​បានប្រគល់​ការគ្រប់គ្រង​ឱ្យទៅ​ចិន​វិញ​ក្នុង​ឆ្នាំ១៩៩។ជាក់ស្ដែង ការបង្ក្រាប​សំឡេង​ក្រុមប្រឆាំង​ដោយ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​ឆ្នាំ២០២០ របស់​ប្រទេស​ចិន បណ្ដាលឱ្យមាន​ការចាប់​ខ្លួន​អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ថែមទាំង​បាន​រំលាយ​គណបក្សប្រឆាំងសំខាន់ៗទៀតផង។

មេដឹកនាំ​ទីក្រុង​ហុងកុង លោក ច​ន លី (John Lee) បាន​និយាយថា៖ «ការបោះឆ្នោត​នេះ​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្កើត​អភិបាលកិច្ច​ដឹកនាំ​ដោយ​អ្នកស្នេហាជាតិ​នៅក្នុង​ទីក្រុង​ហុងកុង»។ លោក​បាន​យល់ឃើញថា ការបោះឆ្នោត​នៅ​ឆ្នាំ២០១៩ ជាការ​រំខាន​ដល់​អភិបាលកិច្ច​សង្គម និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។

ស​ន្តិ​សុខ​ត្រូវបាន​ដាក់ពង្រាយ​យ៉ាង​តឹងរ៉ឹង ដោយមាន​ប៉ូលិស​ចំនួន ១ម៉ឺន​នាក់​ជាង ដើម្បី​ធានា​សណ្តាប់ធ្នាប់​ក្នុងអំឡុងពេល​បោះឆ្នោត។ ដោយឡែក បណ្ដា​ប្រទេស​លោកខាងលិច​បាន​រិះគន់​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន ដែល​បាន​រារាំង​មិនឱ្យ​មាន​សំឡេង​បក្សប្រឆាំង​ចូលរួម ប៉ុន្តែ​ចិន​បាន​អះអាងថា​ខ្លួន​កំពុង​រក្សា​ស្ថិរភាព​សង្គម​នៅ​ហុងកុង។

ទន្ទឹមនឹងនេះ បណ្ដា​គណបក្ស​ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ធ្វើ​យុទ្ធនាការ​ដើម្បី​ជំរុញ​ពលរដ្ឋ​ហុងកុង​ឱ្យទៅ​បោះឆ្នោត។

លោក តាំង (Tang) វ័យ ២៧ឆ្នាំ​បាន​កត់សម្គាល់ថា សំឡេង​ចម្រុះ​មាន​ចំនួន​តិច​ខ្លាំងណាស់ បើ​ធៀប​នឹង ៤ឆ្នាំមុន។ គិត​ត្រឹម​ម៉ោង ២កន្លះ​រសៀល​ថ្ងៃអាទិត្យ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ត្រឹមតែ ១៥,៤៧% ទាប​ជាង ៤ឆ្នាំមុន​ចំនួន ៤២% គិត​ក្នុង​រយៈពេល​ដូចគ្នា។

លោក កេ​ន​ណេ​ត ឆាន (Kenneth Chan) អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ហុងកុង និង​ជា​អតីត​សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​និយាយថា៖ «នៅ​ហុងកុង​សព្វថ្ងៃ វា​ពិបាក​ខ្លាំងណាស់​ក្នុងការ​ជជែក​ពី​លទ្ធិប្រជាធិបតេយ្យ។ ពួកគេ​កំពុង​រៀបចំ​ប្រព័ន្ធ​សង្គមមនុស្ស​មួយបែប​ដែល​ពួកគេ​ហៅថា​ជា​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ​ទើប​អាច​ឡើងកាន់​មុខតំណែង​ក្នុង​ជួរ​រាជការ​បាន»៕