នាពេលថ្មីៗនេះ ​ក្រុម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​គណបក្ស​ ដែលមាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ Shinzo Abe ត្រូវបាន​គេ​សង្ស័យថា​បាន​ខកខាន​ ក្នុងការ​រាយការណ៍​អំពី​មូលនិធិ​ច្រើនជាង ១០០ លាន​យ៉េន (៦៩០០០០ ដុល្លារ) ដែល​បាន​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​និង​ច្បាប់បោះឆ្នោត។

រឿងអាស្រូវ​នេះ​បាន​បង្កឱ្យមាន​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ​ដ៏​ធំ​បំផុត​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ២០១២ និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋបាល​បច្ចុប្បន្ន។

ដោយឡែក​ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយ​នា​ថ្ងៃទី១១ ខែធ្នូ​ថា​លោក​នឹង​ចាត់វិធានការ​ដើម្បី​ស្ដារ​ទំនុកចិត្ត​នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក​ចំពេល​មានរឿង​អាស្រូវ​រៃអង្គាសប្រាក់ ​ប៉ុន្តែ​យ៉ាងណា​លោក​បដិសេធ​មិន​បញ្ជាក់​ពី​ព័ត៌មាន​ដែលថា​លោក​បាន​ជំនួស​តំណែង​រដ្ឋមន្ត្រី​ចំនួន៤រូប​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ទេ។


លោក ​Kishida បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​ពិចារណា​រក​វិធានការ​សមស្រប​ដើម្បី​ស្តារ​ទំនុកចិត្ត​សាធារណៈ​ឡើងវិញ​និង​ការពារ​ការពន្យារពេល​ក្នុង​នយោបាយ​ជាតិ»។

យ៉ាងណាមិញ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ចន្ទ​នេះ​លោក​Matsunoដែលជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កំ​ពូ​ល​ក៏​មិនបាន​បញ្ជាក់​លម្អិត​ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា​ការស៊ើបអង្កេត​កំពុងដំណើរការ​ហើយរ​ដ្ឋា​ភិ​បាល​នឹង​ចាត់វិធានការ​សមស្រប​ឱ្យបាន​យ៉ាង​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។


ដោយឡែក​កាសែត Asahi បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃទី១០ ធ្នូ​ ថា​លោក ​Kishida បានសម្រេច​ចិត្ត​ជំនួស​រដ្ឋមន្ត្រី​ចំនួន ៤ និង​តំណែង​រដ្ឋមន្ត្រី​ចំនួន ១១ រូប​ ផ្សេងទៀត​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ដោយសារ​រឿងអាស្រូវ​លុយកាក់​ដែល​បង្កឱ្យមាន​ការមិន​ពេញ​ចិត្តជា​សាធារណៈ។

កាសែត Asahi បាន​រាយការណ៍​ទៀតថា​ប្រធាន​ខុទ្ទកាល័យ​លោក​ HirokazuMatsuno, រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Yasutoshi Nishimura រដ្ឋមន្ត្រី​កិច្ចការ​ផ្ទៃក្នុង ​Junji Suzuki និង​រដ្ឋមន្ត្រី​កសិកម្ម Ichiro Miyashita រួមមាន​ទាំង​សមាជិកសភា​និង​លេខាធិការ​សភា​ដែរនោះ​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​នឹងត្រូវ​ជំនួស​តំណែង។

​គណបក្ស​ LDP ដែល​កាន់អំណាច​ស្ទើរតែ​ទាំង​អស់នៃ​យុគសម័យ​ក្រោយ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​ នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ខែកញ្ញា​និង​ការបោះឆ្នោត​សកល​ដែល​កំណត់​ត្រឹម​ខែតុលា​ឆ្នាំ២០២​៥។

យ៉ាងណាមិញ​សម្ទុះ​អ្នកគាំទ្រ​លោក ​Kishida បាន​ធ្លាក់ចុះ​តាំងតែ​ពីមុន​ផ្ទុះ​រឿងអាស្រូវ​មក​ម្លេះ​ហើយ​ដែល​ការធ្លាក់​នោះបាន​ទៅដល់​កម្រិត​ទាប​បំផុត​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។ទាំងអស់នេះ​ឆ្លុះ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត​ចំពោះ​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​និង​ការកើនឡើង​នៃ​ពន្ធ​ជាដើម៕