ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​ និង​មេដឹកនាំ​អ៊ុយក្រែន​ លោក​ វ៉ូឡូឌីមៀរ​ ហ្សេឡេនស្គី​ នឹង​ជួ​ប​ប្រជុំ​គ្នា​នៅ​សេតវិមាន​នា​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ពិភាក្សា​គ្នា​លើ​ការ​​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​សម្រាប់​អ៊ុយក្រែន​ ​ចំ​ពេល​ដែលកង​ទ័ព​ឈ្លាន​ពាន​​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​​ក្នុង​រដូវ​រងា​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

 ​ជំនួប​នេះ​ ធ្វើ​ឡើង​ខណៈ​រដ្ឋ​បាល​របស់​លោក​ បៃដិន​ បង្កើន​សម្ពាធ​​ឱ្យ​សភា​អនុម័ត​​ការ​ផ្តល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​បន្ថែមដល់​អ៊ុយក្រែន​​ ទោះ​បី​មាន​ការ​ប្រឆាំង​ពី​​សមាជិក​សភា​​ និង​ព្រឹទ្ធសភា​នៃ​គណបក្ស​សា​ធា​រណ​រដ្ឋ​​​មួយ​ចំនួន​។

សេតវិមាន​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ ហ្សេឡេនស្គី​ ទៅ​អាមេរិក​លើក​នេះ​ មាន​បំណង​​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដែល​មិន​អាច​រង្គោះ​រង្គើ​បានរបស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​គាំទ្រ​ប្រជាជន​អ៊ុយក្រែន ដែល​កំពុង​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដ៏​ឃោរ​ឃៅ​របស់​រុស្ស៊ី​​។


 សេតវិមាន​បន្ត​ថា​៖ «​​ពេល​ដែល​រុស្ស៊ី​បង្កើន​​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ និង​ដ្រូន​ប្រឆាំង​នឹង​អ៊ុយក្រែន​ ​ មេ​ដឹក​នាំ​២​នឹង​ពិភាក្សា​គ្នា​អំពី​តម្រូវការ​បន្ទាន់​របស់​អ៊ុយក្រែន​ និង​សារៈ​សំខាន់​ដ៏​សំខាន់​នៃ​ការ​បន្ត​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ពេល​បែប​នេះ​»​។

ការិយាល័យ​របស់​លោក​ ហ្សេឡេនស្គី​ ឯណោះ​វិញ​ បាន​បញ្ជាក់​ថា​ លោក​ ហ្សេឡេនស្គី​​ បាន​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​ បៃដិន​ ខណៈ​មេដឹកនាំ​អ៊ុយក្រែន​ដដែល​ ក៏​នឹង​ត្រូវ​និយាយ​ទៅ​កាន់​សមាជិក​ព្រឹទ្ធស​ភា​​អាមេរិក​ទាំង​អស់​ផង​ដែរ​។


កន្លង​មក​ លោក​ បៃដិន​ បាន​ស្នើ​​សុំ​​កញ្ចប់​ថវិកា​​ចំនួន​ ១១០ប៊ីលាន​ដុល្លារ​ពី​សភា​ ដើម្បី​ផ្ដល់​ជា​មូលនិធិ​​ក្នុង​សម័យ​​​សង្គ្រាម​ សម្រាប់​អ៊ុយក្រែន​ និង​អ៊ីស្រាអែល​រួម​ជាមួយ​នឹង​អាទិភាព​សន្តិសុខ​ជាតិ​ផ្សេ​ង​ៗ​ទៀត​​ ប៉ុន្តែ​​សំណើ​​នេះ​ ​ត្រូវ​​ជាប់​គាំង​ដោយ​​​​ការ​​ជជែក​​ដេញ​​ដោល​គ្នា​ ​​ជុំ​វិញ​​គោល​នយោបាយ​​អន្តោ​ប្រវេសន៍​​របស់​​សហរដ្ឋ​អាមេរិក ​និង​​សន្តិសុខ​តាម​​ព្រំដែន​។​

មក​ទល់​ពេល​នេះ​ សភា​អាមេរិក​បាន​អនុម័ត​ថវិកា​ចំនួន​ ១១១ប៊ីលាន​ដុល្លារ​ដើម្បី​ជួយ​អ៊ុយក្រែន​រួច​ទៅ​ហើយ​ ដោយ​ក្នុង​នោះ​​មាន​​ជំនួយ​ផ្នែក​យោធា​ចំនួន​ ៦៧ប៊ី​លាន​ដុល្លារ,​ ជំនួយ​សេដ្ឋកិច្ច​ និង​ស៊ីវិល​ ២៧ប៊ីលាន​ដុល្លារ​ និង​ជំនួយ​មនុស្ស​ធម៌​ ១០ពាន់​លាន​ដុល្លារ​។ ​

យ៉ាង​ណា​មិញ​ កាល​ពី​សប្ដាហ៍​មុន​ ប្រធាន​ផ្នែក​គ្រប់​គ្រង​ថវិកា​នៃ​រដ្ឋបាល​បៃដិន​ លោក​ស្រី​​ Shalanda Young ​បាន​និយាយ​​ក្នុង​លិខិត​មួយ​​ទៅ​កាន់​​មេ​ដឹក​នាំ​សភា ​និង​ព្រឹទ្ធ​សភា​ថា​ សហរដ្ឋ​អាមេរិក​នឹង​អស់​ថវិ​កា​ ដើម្បី​ផ្គត់​ផ្គង់​​អាវុធ​ និង​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​នៅ​ចុង​បញ្ចប់​នៃ​​ឆ្នាំ​នេះ​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​ចាញ់​​ក្នុង​សមរភូមិ​ប្រយុទ្ធឈ្លាន​ពាន​របស់​រុស្ស៊ី​​៕