សមាជិក​ចំនួន ​១៩៣ ​រូប តំណាងឱ្យ​ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ទំនងជា​នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​ ១២ ខែធ្នូ​នេះ​លើ​សេចក្តីព្រាង​នៃ​សេចក្តី សម្រេចចិត្ត​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់ និង​បង្កើន​ការផ្តល់​ជំនួយ​មនុស្សធម៌​បន្ទាន់​ក្នុង​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ នេះ​បើតាម​អ្នកការ​ទូត​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​ចំណាត់​ការដែល​ដាក់ចេញ​ថ្មី​នេះ ​កើតមានឡើង​ក្នុង​ក្រប​​ខ័​ណ្ឌ​អង្គការសហប្រជាជាតិ ​ដែល​ទើប​បរាជ័យ​ក្នុងការ​ដាក់ចេញ​សេចក្តីសម្រេច ​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​ដោយសារ​ការជំទាស់ ​(​វេតូ​)​ របស់​សហរដ្ឋ​​អាមេរិក​ កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​ លើ​ការទាមទារ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ សម្រាប់​បទ​ឈប់​បាញ់​មនុស្សធម៌​ ជាបន្ទាន់​នៅក្នុង​តំបន់​ហ្គា​ហ្សា​។​

​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែតុលា​បានអនុម័ត​ដំណោះស្រាយ​មួយ  ​ដោយមាន ​១២១​ សំឡេងគាំទ្រ​ ១៤ ​សំឡេង​ប្រឆាំង និង ​៤៤​ សំឡេង​អនុប្បវាទ ដែលជា​ការ​​អំពាវនាវ​លើកដំបូង​ក្នុង​ស្ថាប័ន​កំពូល ឱ្យមាន​ «​បទ​ឈប់​បាញ់​មនុស្សធម៌​ភ្លាមៗ យូរអង្វែង និង​និរន្តរភាព​ដែល​នាំទៅដល់​ការបញ្ឈប់​អរិភាព​» ប៉ុន្តែ​ការ​​សម្រេច​នាពេលនោះ​គ្មាន​បានការ​ឡើយ​ដោយសារ​សង្គ្រាម​ទើប​ឆាបឆេះ ហើយ​អ៊ី​ស្រា​អែល​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស​យ៉ាងខ្លាំង​ដើម្បី​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុម​ហា​ម៉ាស់​ដែល​បាន​វាយឆ្មក់​យ៉ាង​ឃោរឃៅ​ចូល​ទឹកដី​របស់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ខែតុលា ដោយ​សម្លាប់​មនុស្ស​អស់​ជាង ១ ២០០​ នាក់ ចាប់​ចំណាប់ខ្មាំង​ប្រមាណ​ ២៤០ ​នាក់​ពី​អ៊ីស្រា​អែល​។​


​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង មានតែ​កិច្ចព្រមព្រៀង​បទ​​ឈប់​បាញ់​លើ​ការដោះដូរ​រវាង​ចំណាប់ខ្មាំង​អ៊ីស្រា​អែល និង​អ្នកទោស​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​មួយ​ប៉ុណ្ណោះ​ក្រោម​ការ​សម្រប​​សម្រួល​របស់​ប្រទេស​កាតា ត្រូវបាន​អនុវត្ត​រយៈពេល​ ៦ ​ថ្ងៃ​ហើយ​សង្គ្រាម​បាន​ផ្ទុះឡើង​ជាថ្មី​ដោយ​អ៊ី​ស្រា​អែល​បាន​ពង្រីក​សង្គ្រាម​ពី​ភាគ​ខាងជើង​ចូលទៅ​ភាគខាងត្បូង​តំបន់​ហ្គា​ហ្សា​។​

​យោងសេចក្តី​រាយការណ៍​រ៉​យ​ទ័​រ អ៊ី​ស្រា​អែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​សំខាន់​របស់​ហ្គា​ហ្សា​ភាគខាងត្បូង​កាលពី​ថ្ងៃទី​ ១១ ​ខែធ្នូ បន្ទាប់ពី​ក្រុម​ហា​ម៉ាស់​បាន​ព្រមាន​ថា គ្មាន​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែល​ណា​ម្នាក់​នឹង​ចាក​ចេញពី​ទឹកដី​នេះឡើយ លុះ​ត្រាតែ​មានការ​ទាមទារ​ឱ្យមាន​ការដោះលែង​អ្នកទោស​។​


​ក្នុង​សង្គ្រាម​រយៈពេល ៩ សប្តាហ៍​មកនេះអ៊ីស្រា​អែល​ បាន​ឆ្លើយ​​តប​ជាមួយនឹង​ការវាយលុក​សងសឹក​ដោយ​មិន​អើពើ​ទាល់​​តែ​សោះ​ជាមួយ​ការអំពាវនាវ​នានា​រួមទាំង​ស្ថាប័ន​តំបន់ និង​ស្ថាប័ន​កំពូល គឺ​អង្គការ​សហ​ប្រជាជាតិ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៧ ៩៩៧ ​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់​។​

​អ៊ី​ស្រា​អែល​វាយប្រហារ​នៅ​ថ្ងៃទី​ ១១ ខែធ្នូ លើ​ទីក្រុង Khan Yunis ដោយ​អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP បាន​រាយការណ៍​ថា ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន មកពី​ក្រុម​ជី​ហាត​អ៊ិ​ស្លាម​ដែលជា​ក្រុម​ដាច់ដោយឡែក​បាន​និយាយថា ពួកគេ​បាន​បំផ្ទុះ​ផ្ទះមួយ​ដែល​ទាហានអ៊ី​ស្រា​អែល​កំពុង​ស្វែងរក​ផ្លូវ​រូង​ក្រោម​ដី​។​

​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី​ ១០ ​ខែធ្នូ​បាន​ព្រមាន​ថា អ៊ី​ស្រា​អែល​នឹងមិន​ទទួលបាន «​អ្នកទោស​នៅរស់​ដោយ​គ្មាន​ការផ្លាស់ប្តូរ​និង​ការចរចា និង​បំពេញ​តាម​ការទាមទារ​របស់​ពួកគេ​» ។​

អ៊ីស្រា​អែល​ និយាយថា នៅតែមាន​ចំណាប់ខ្មាំង ​១៣៧ នាក់​ទៀត​ នៅ​តំបន់​ហ្គា​ហ្សា ខណៈដែល​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​ ៧ ០០០​ នាក់​កំពុង​ស្ថិតនៅក្នុង​គុក​អ៊ី​ស្រា​អែល​។​

​អង្គការសហប្រជាជាតិ​ប៉ាន់​​ប្រមាណ​ថា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ ១,៩​ លាន​នាក់​នៃ​ប្រជាជន​ ២,៤​ លាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​ប្រហែល​ពាក់​កណ្តាល​នៃ​ពួកគេ​គឺជា​កុមារ​។​

​ប្រទេស​តំបន់​អារ៉ាប់​ក៏​បង្កើន​សកម្មភាព​ចោទ​អ៊ី​ស្រា​អែល​ជុំវិញ​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕