ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១ ខែធ្នូបានចាត់ទុកសកម្មភាពនាវាចិន ប្រឆាំងនឹងទូករបស់ខ្លួន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់អាហារជូនកងទ័ពនៅសមុទ្រចិនខាងត្បូងថា ជាការបំពានដ៏ធ្ងន់ធ្ងរ។ នេះក៏ដោយសារតែ ក្នុងចំណោមទូកដែលកប៉ាល់ចិន បានបាញ់នោះ មានវត្តមានរបស់ប្រមុខយោធាជាន់ខ្ពស់របស់ហ្វីលីពីន១ រូប ផងដែរ។
យ៉ាងណាមិញនេះ មិនមែនជាលើកទី១ទេ ដែលកប៉ាល់ឆ្មាំសមុទ្ររបស់ចិន ធ្វើសកម្មភាពបាញ់កាំភ្លើងទឹកទៅលើទូកហ្វីលីពីនប៉ុន្តែឧបទ្ទវហេតុចុងក្រោយនេះបានបណ្តាលឱ្យខូចខាតម៉ាស៊ីនទូករបស់ហ្វីលីពីនយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវអូសត្រឡប់ទៅកាន់កំពង់ផែវិញដោយខកខានបំពេញបេសកកម្មផ្គត់ផ្គង់អាហារដល់កងទ័ព។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងម៉ានីល និងទីក្រុងប៉េកាំង តែងប្រឈមមុខដាក់គ្នានៅតំបន់ Thomas Shoal ខណៈដែលចិនដាក់សម្ពាធកាន់តែខ្លាំងលើការទាមទារដែនសមុទ្ររបស់ខ្លួន។
ប្រទេសចិនបានទាមទារអធិបតេយ្យភាពសឹងតែលើសមុទ្រចិនខាងត្បូងទាំងមូលតែម្ដងដោយផ្អែកលើផែនទីរបស់ខ្លួនដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមហ្វីលីពីនម៉ាឡេស៊ីប្រ៊ុយណេនិងឥណ្ឌូនេស៊ីនិងកោះតៃវ៉ាន់ទាំងមូល។
ការប៉ុនប៉ងម្តងហើយម្តងទៀតរបស់ប្រទេសចិនក្នុងការបិទផ្លូវទឹកតំបន់ Thomas Shoal ដែលមានចម្ងាយតិចជាង ២០០ ម៉ាយល៍ ពីខេត្ត Palawan របស់ប្រទេសហ្វីលីពីនបានធ្វើឱ្យតំបន់នេះក្លាយជាចំណុចក្ដៅសម្រាប់ជម្លោះរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង។
ដោយភ័យខ្លាចថាទីក្រុងប៉េកាំងកំពុងរៀបចំផែនការដើម្បីកាន់កាប់តំបន់នេះហ្វីលីពីនបានដាក់កងទ័ពនៅយាមហើយដែលជារឿយៗតែងមានទូកដឹកអាហារនិងសម្ភារផ្សេងៗយកទៅផ្គត់ផ្គង់ដល់កងទ័ពទាំងនោះ។
លោក Jonathan Malaya មន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបាននិយាយថា៖ «តំបន់ Thomas Shoal គឺជាទីតាំងដ៏ល្អសម្រាប់តាំងមូលដ្ឋានយោធាដូច្នេះហើយទើបមិនចម្លែកទេដែលប្រទេសចិនចង់បានវា»។
ការប្រឈមមុខដាក់គ្នាចុងក្រោយនេះទំនងជាធ្វើឱ្យទំនាក់ទំនង រវាងហ្វីលីពីនក្រោមការដឹកនាំរបស់លោក Marcos និងទីក្រុងប៉េកាំង កាន់តែតានតឹងជាងមុនមួយកម្រិតទៀត។លោក Marcos បានចោទប្រកាន់ចិនពីអាកប្បកិរិយាដ៏គឃ្លើនខណៈដែលលោកបាននិងកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ប៉ុន្តែយ៉ាងណាក្ដី មន្ត្រីហ្វីលីពីនក៏បាននិយាយដែរថាជម្លោះនៅសមុទ្រចិនខាងត្បូងមិនឆ្លុះបញ្ចាំងពីទំនាក់ទំនងរបស់ខ្លួនជាមួយចិនដែលជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់ហ្វីលីពីននោះទេ។
មិនឆ្លុះបញ្ចាំងព្រោះលោក Marcos នៅតែរក្សាការសន្ទនាជាមួយសមភាគីចិននៅក្រៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនៅទីក្រុង San Francisco កាលពីខែមុនដើម្បីចរចារកដំណោះស្រាយរួមនៅសមុទ្រចិនខាងត្បូង៕