អ្នកគាំទ្រ​លោក អា​ឡេ​ក​ស៊ី ណា​ល់​វ៉ា​នី (Alexei Navalny) ដែលជា​មេដឹកនាំ​បក្សប្រឆាំង​នៅ​រុស្ស៊ី បាន​រាយការណ៍​ថា ពួកគេ​មិនបាន​ឃើញ​វត្តមាន​របស់លោក ណា​ល់​វ៉ា​នី​ និង​មិនដឹងថា​លោក​នៅ​ទីកន្លែង​ណា​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​មកហើយ។ 

លោក ណា​ល់​វ៉ា​នី ត្រូវបាន​តុលាការ​រុស្ស៊ី​ចោទប្រកាន់​ពីបទ​ចោទ​ជាច្រើន និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់​ទៅ ៣០ ឆ្នាំ។

អ្នកនាំពាក្យ​របស់លោក លោកស្រី គី​រ៉ា យ៉ា​មី​ស (Kira Yarmysh) បានលើកឡើង​ថា​លោក ណា​ល់​វ៉ា​នី មិនមាន​វត្តមាន​នៅក្នុង​ពន្ធនាគារ IK-6ដែលជា​ពន្ធនាគារ​មាន​ចម្ងាយ​ប្រហែលជា ២២៥ គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ូស្គូ និង​ជា​កន្លែង​ដែល​លោក​ត្រូវបាន​គេ​ឃុំឃាំង​នាពេលថ្មីៗនេះ។


លោក ណា​ល់​វ៉ា​នី ត្រូវបាន​កាត់ទោស​ពីបទ​ជ្រុលនិយម ហើយ​ត្រូវបាន​គេ​សន្មត​ថា​លោក​ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ដែលមាន​សុវត្ថិភាព​ខ្ពស់ ប៉ុន្តែ​អាជ្ញាធរ​រុស្ស៊ី​មិនបាន​ប្រាប់​មេធាវី ឬ​ក្រុមគ្រួសារ​របស់លោក​អំពី​ទីតាំង​ដែល​ពួកគេ​បញ្ជូនទៅ​នោះទេ។ ទន្ទឹមនឹងនេះ សេត​វិមាន​អាមេរិក​ក៏បាន​ស្នើឱ្យ​មានការ​ដោះលែង​លោក ណា​ល់​វ៉ា​នី ហើយក៏​បានបង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ការ​របាយការណ៍​ដែលថា​មានការ​បាត់​ខ្លួន​របស់លោក។

លោក ច​ន ខឺ​ប៊ី (John Kirby) អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​បានលើកឡើង​ថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ម៉ូស្គូ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​មូលហេតុ​ជុំវិញ​បញ្ហា​បាត់​ខ្លួន​នេះ។


មេធាវី​របស់លោក ណា​ល់​វ៉ា​នី​ក៏បាន​ព្យាយាម​ទៅសួរសុខទុក្ខ​គាត់​នៅក្នុង​ពន្ធនាគារ​ពីរ​ផ្សេងគ្នា​កាលពីពេលថ្មីៗនេះ ប៉ុន្តែ​មិនបាន​ឃើញ​គាត់​នៅ​កន្លែង​ទាំងពីរ​នោះទេ។

លោកស្រី យ៉ា​មី​ស បាន​និយាយថា ទាំង​ពន្ធនាគារ IK-6 និង IK-7 មិនបាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការសាកសួរ​អំពី​វត្តមាន​របស់លោក​នោះទេ កាលពី​ថ្ងៃ​សុក្រ ពោលគឺ​បាន​បាត់​ខ្លួន​អស់​រយៈពេល ៦ ថ្ងៃ​មកហើយ។បើតាម​កាលវិភាគ លោក​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​តាមរយៈ​វីដេអូ​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​មិនបាន​បង្ហាញខ្លួន​នោះទេ។ អាជ្ញាធរ​ពន្ធនាគារ​បា​ន​លើក​ហេតុផល​ថា ពន្ធនាគារ​បាន​ជួបនឹង​បញ្ហា​អគ្គិសនី​ខាងក្នុង​អគារ។

លោកស្រី យ៉ា​មី​សបាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម ​X ថា​ស្ថានភាព​សុខភាព​មិនល្អ​របស់ លោក ណា​ល់​វ៉ា​នី នាពេលថ្មីៗនេះ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​កន្លែង​ដែល​គាត់​កំពុងស្នាក់នៅ។ លោកស្រី​ បាន​រៀបរាប់ថា គាត់​បាន​មាន​អារម្មណ៍​មិន​ស្រួល​នៅក្នុង​បន្ទប់​របស់គាត់​កាលពី​សប្តាហ៍​មុន ដោយមាន​អារម្មណ៍​វិលមុខ ហើយ​ដេក​នៅលើ​ឥដ្ឋ។

លោក ណា​វ៉ាល់​នី​ដែល​មនុស្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់លោក ពូ​ទីន​បាន​បាត់​ខ្លួន​បន្ទាប់ពី​ពូ​ទីន​បានប្រកាសថា​គាត់​នឹង​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ។

លោក ណា​ល់​វ៉ា​នី បាន​រួច​រស់​មានជីវិត​ពី​ការពុល និង​បានរៀបចំ​ការបោះឆ្នោត​ដើម្បី​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​របស់លោក ពូ​ទីន។ គិត​មកទល់ពេលនេះ ក្រុម​នយោបាយ​របស់លោក ណា​ល់​វ៉ា​នី ត្រូវបាន​រំសាយ​ចោល​ដោយ​រដ្ឋាភិបាល​ក្រឹម​ឡាំង ហើយ​បច្ចុប្បន្ន ភាគច្រើន​ពួកគេ​កំពុង​រស់នៅ​ក្រៅប្រទេស​រុស្ស៊ី។

លោក ណា​ល់​វ៉ា​នី ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ២០២១ បន្ទាប់ពី​ត្រលប់​មកពី​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់។ លោក​ធ្លាប់បាន​ដឹកនាំ​ការតវ៉ា​ដ៏​ធំ​មួយ​ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង និង​លាតត្រដាង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល រួមទាំង​ទ្រព្យសម្បត្តិ​របស់​លោកពូ​ទីន​ទៀតផង។ ក្នុងពេល​ជាប់ពន្ធនាគារ លោក​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​របស់​លោកពូ​ទីន ដោយ​ទាមទារ​ឲ្យ​ដកទ័ព​រុស្ស៊ី​ចេញ៕