​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​​ក្នុង​របាយការណ៍​មួយ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ ខែ​​ធ្នូ​​ថា​ ​មីយ៉ាន់ម៉ា​​បាន​ក្លាយ​ជាដាំ​អាភៀន​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​​ ដោយ​វ៉ា​ដាច់​ប្រទេស​អាហ្វហ្គានីស្ថាន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

​​របាយការណ៍ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​​​​ស្តី​ពី​​គ្រឿង​ញៀន ​និង​​ឧក្រិដ្ឋកម្ម​ (UNODC) បាន​និយាយ​ថា​ ការ​ដាំ​ដុះ​អាភៀន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ធ្លាក់​ចុះ​ប្រមាណ​ ៩៥ ភាគ​រយ​ បន្ទាប់​ពី​ពួក​តាលីបង់ចេញ​ការ​​ហាម​ឃាត់​​ក្នុង​ឆ្នាំ​ ២០២២​។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​អាភៀន​​ទូទាំង​ពិភព​លោ​ក​ ​មាន​ប្រភព​ពី​មីយ៉ាន់ម៉ាទៅ​វិញ​។

របាយការណ៍​បន្ត​​ថា​ ​​អស្ថិរភាព​នយោបាយ ​សង្គម ​និង​សេដ្ឋកិច្ច​ ដែល​កើត​ឡើង​​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​ ២០​២​១​ ​បាន​ជំរុញ​ឱ្យ​​ប្រជាជន​មីយ៉ាន់ម៉ា​ជា​ច្រើន​នាំ​គ្នា​​ដាំ​អាភៀន​។ ដោយ​សារ​តែ​តម្រូវ​ការ​ខ្ពស់​ ​តម្លៃ​អាភៀន​​​ជា​មធ្យម​​​បាន​កើន​ឡើង​ដល់​ ៣៥៥ ដុល្លារ​/​គីឡូក្រាម​ ដែល​ធ្វើ​​ឱ្យ​កសិករ​​​មីយ៉ាន់ម៉ា​​រក​បាន​ច្រើន​ជាង​មុន​ប្រហែល​​ ៧៥​ ភាគរយ​ពី​ការ​ធ្វើ​កសិកម្ម​អាភៀន​។


ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៣ ​​ផ្ទៃ​ដី​ដាំ​ដុះ​អាភៀន​នៅ​មីយ៉ាន់ម៉ា​ បាន​កើន​ឡើង​ ១៨​ ភាគ​រយ​បើ​ប្រៀប​ធៀន​នឹង​ឆ្នាំ​មុន​ ពី​ ៤០ ១០០ ហិកតា​ ដល់​ ៤៧ ០០០ ហិកតា។ ទោះ​បី​ជា​វា​មិន​ឡើង​ដល់​កម្រិត​ខ្ពស់​ដូច​នៅ​ឆ្នាំ​ ២០១៣ (៥៨ ០០០ ហិកតា​) ក៏​ដោយ​ ​ការ​ចំនួន​នេះ​បង្ហាញ​កើន​ឡើង​ខ្ពស់​​ដ៏​សកម្ម​មួយ​ផង​ដែរ​។

​អ្នក​តំណាង​ប្រចាំ​តំបន់​របស់ ​UNODC ​លោក Jeremy Douglas ​បាន​និយាយ​ថា​​៖ «​ការ​រំខាន​ផ្នែក​សេដ្ឋ​កិច្ច​ សន្តិសុខ ​និង​អភិបាលកិច្ច ​ដែល​កើត​មាន​បន្ទាប់​ពី​​ក្រុម​យោធា​ឡើង​កាន់​អំណាច​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០​២១​​ បន្ត​ជំរុញ​កសិករ​​នៅ​តំបន់​ដាច់​ស្រយាល​ ឱ្យ​ដាំ​អាភៀន​​ដើម្បី​ចិញ្ចឹម​ជីវិត​»​។


​បើ​តាម​របាយការណ៍​ដដែល​ ​តំបន់​ដាំ​ដុះ​អាភៀន​​មាន​ការ​រីក​រាល​ដាល​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ព្រំ​ដែនរួម​មាន​រដ្ឋ​​​​Shan ​បន្ទាប់​មក​​រដ្ឋ​ Chin ​និង​រដ្ឋ​ Kachin ខណៈ​​ទិន្នផល​កើន​ឡើង​​ដល់​ ២២,៩ គីឡូក្រាម​/ហិកតា​ ដោយ​សារ​តែភាព​​​ទំនើប​ក្នុង​​ការ​​​អនុវត្ត​កសិកម្ម​​។

លោក ​Douglas ​បាន​និ​យាយ​ថា​ ការ​កើន​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុម​​ប្រដាប់​អាវុ​ធ​ជន​ជាតិ​ភាគ​តិច​ ​​ទំន​ង​ជា​នឹង​ពន្លឿន​ការ​ពង្រីក​ការ​ដាំ​ដុះ​អាភៀន​ថែម​ទៀត​។​ជុំវិញ​របាយការណ៍​នេះ​ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ មិន​​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​ភ្លាម​ៗ​នោះ​ទេ​។ ​

ការ​ពង្រីក​ការ​ដាំ​ដុះ​អាភៀន​ គឺ​ជា​ផ្នែក​មួយ​នៃសកម្មភាព​​​សេដ្ឋកិច្ច​ខុស​ច្បាប់​​ដែល​កំពុង​រីក​រា​ល​ដាល​ក្នុង​​ប្រទេស​មីយ៉ាន់ម៉ាដែល​រួម​មាន​ទាំង​​ការ​ផលិត​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​សំយោគ​កម្រិត​ខ្ពស់៕