​រុស្ស៊ី​ ដែល​ជា​​​​គូប្រជែង​​របស់​បស្ចឹម​លោក និង​​​ព្យាយាម​រក្សា​ឥទ្ធិពល​របស់ខ្លួន​​​​ ក្នុង​តំបន់​មជ្ឈិម​បូព៌ា បានចាប់​ដៃ​ជាមួយ​អ៊ីរ៉ង់ដែល​មាន​អរិភាពស្រាប់​ជា​មួយ​​​​សហរដ្ឋអាមេរិក​និង​ប្រទេស​អ្នក​មាន​នៅតំបន់អឺរ៉ុប​។ 

ក្រសួងការបរទេស​រុស្ស៊ី​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន ​និង​អ៊ីរ៉ង់​ នឹង​បង្កើនល្បឿន​ការងារ​លើ «កិច្ចព្រមព្រៀង​អន្តរ​រដ្ឋ​ថ្មី​ដ៏​សំខាន់​មួយ» ប៉ុន្តែ​ ​ភាគី​រុស្ស៊ី​ បាន​បញ្ជាក់​លម្អិត​​​ជុំវិញ​វិសាលភាព​នៃ​កិច្ចព្រមព្រៀង ​ដែល​កើតឡើង​ចំពេល​មានការ​កើនឡើង​នូវ​ទំនាក់ទំនង​នយោបាយ ពាណិជ្ជកម្ម និង​យោធា​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​តេ​អេ​រ៉ង់ ដែល​សហរដ្ឋអាមេរិក​ចាត់ទុក​ដោយ​ក្តីបារម្ភ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ រុស្ស៊ី​ បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នៅក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ព​ន្លឿ​ន​ការងារ​លើ​កិច្ចព្រមព្រៀង​នេះ ដែល​ស្ថិតក្នុង «ដំណាក់កាល​នៃ​ការត្រៀមខ្លួន​​សម្រាប់​កម្រិត​​ខ្ពស់»។


កាលពី​សប្តាហ៍​មុន ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបពិភាក្សា​រយៈពេល​ប្រាំ​ម៉ោង​នៅក្នុង​វិមាន​ក្រឹម​ឡាំង​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi ។

​ដូច​ទៅ​នឹង​​មេដឹក​នាំ​ប្រទេស​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​បាន​ជួប​ជាមួយ​លោក ពូ​ទីន នៅ​ភាគ​ខាងកើត​ឆ្ងាយ​របស់​រុស្ស៊ី​ក្នុង​ខែកញ្ញា អ៊ីរ៉ង់ ​​ដែល​ជា​សត្រូវ​របស់​សហរ​ដ្ឋ​អាមេរិកស្រាប់​ទៅហើយ​នោះ អាច​ផ្តល់ឱ្យ​ក្រុង​ម៉ូស្គូ​នូវ​ឧបករណ៍​យោធា​សម្រាប់​សង្គ្រាម​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ហើយ​ឧបករណ៍​សំខាន់​គឺ​​យន្តហោះ​គ្មាន​មនុស្ស​បើក​​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​យ៉ាង​ទូលំទូលាយ។


វិមាន​ក្រឹម​ឡាំង​កាលពី​ខែ​មុន​បាន​និយាយថា រុស្ស៊ី និង​អ៊ីរ៉ង់​ កំពុង​អភិវឌ្ឍ​ទំនាក់ទំនង​របស់​ពួកគេ «រួមទាំង​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា» ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការផ្តល់​យោបល់​របស់​សេត​វិមាន​ដែលថា​អ៊ីរ៉ង់​អាច​កំពុង​ពិចារណា​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​មី​ស៊ី​ល​ផ្លោង។

អ៊ីរ៉ង់​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​ក្រុម​ហា​ម៉ាស់ ​​ដែលជា​សត្រូវ​របស់​អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក ពូ​ទីន កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ «ដ៏​គ្រោះថ្នាក់»របស់​រុស្ស៊ី​ជាមួយ​អ៊ីរ៉ង់។

អាជ្ញាធរ​អ៊ីរ៉ង់​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​ កំពុង​ពង្រីក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​បានបញ្ចប់​ការរៀបចំ ​សម្រាប់​ប្រទេស​រុស្ស៊ី​ ក្នុងការ​ផ្តល់ឱ្យ​វា​នូវ​យន្តហោះ​ចម្បាំង Su-35 ឧទ្ធម្ភាគចក្រ​វាយប្រហារ Mi-28 និង​យន្តហោះ​ហ្វឹកហាត់​ពី​ឡុ​ត Yak-130៕​