អាជ្ញាធរមូលដ្ឋាន​ប៉ាគីស្ថាន​ បាន​ឱ្យ​ដឹង​ថា​ ភេរវករ​ម្នាក់​បាន​បើក​ឡាន​​ដឹកអីវ៉ាន់​ ដែលមាន​​ផ្ទុក​គ្រាប់​បែក ​ចូ​ល​ទៅ​ក្នុង​ប៉ុស្តិ​ប៉ូលិស​មួយ​កន្លែង​នា​​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ហើយបាន​​បំផ្ទុះ​ធ្វើ​អត្តឃាត​ ដោយ​ឆក់​យក​ជីវិត​មន្រ្តីសន្ដិសុខ​​យ៉ាង​ហោច​ណាស់​ ២២ នាក់​។ នេះ​បើ​តា​មការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ប៉ុស្តិ​ប៉ូលិស​ក្រុង ​Daraban ក្នុង​តំបន់​ជាប់​ព្រំដែន​អាហ្វហ្គានីស្ថាន ​ស្រុ​ក​​ Dera Ismail Khan ​នៃ​ខេត្ត​ Khyber Pakhtunkhwa​​ ដែល​​​ធ្លាប់​ជា​តំបន់​ដ៏​​​រឹង​មាំ​​របស់​​ក្រុម​​សកម្ម​ប្រយុ​ទ្ធ​​តាលីបង់​​ប៉ាគីស្ថាន​ ឬ​​ TTP​​។ នេះ​បើ​តាម​លោក​​ Kamal Khan​ ដែល​ជា​មន្រ្តី​ប៉ូលិស​មូលដ្ឋាន​ប្រចាំ​តំបន់​រង​គ្រោះ​។

អាជ្ញាធរ​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​នេះ​ ទំនង​ជា​​នឹង​កើន​ឡើង​ ដោយ​សារ​មន្រ្តីសន្តិសុខ​​មួយ​ចំនួន​ក្នុង​ចំណោម​​អ្នក​រង​គ្រោះ​ទាំង​ ៣២ នាក់​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។ ​


ក្រុម​សកម្ម​ប្រយុទ្ធ​​បង្កើត​ថ្មី​​ Tehreek-e-Jihad Pakistan ​ឬ​ TJP ​ដែល​គេ​ជឿ​ថា​ ជា​ពន្លក​ថ្មី​នៃ​ក្រុម​ TTP ​​​បាន​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ចុង​ក្រោយ​នេះ​ ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយា​យ​ថា​ ខ្លួន​បាន​កំណត់​គោលដៅ​ទៅ​លើ​មន្ត្រី​ដែល​ឈរ​ជើង​នៅ​ស្ថានីយ៍​ប៉ូលិស​រង​គ្រោះ​នោះ​​។

លោក​ Khan ​បាន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ធំ​មក​ពី​ទូទាំង​ប្រទេស​ មាន​វត្តមាន​​​ក្នុង​​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ Daraban​ដោយ​​​ពួក​គេ​កំពុង​ធ្វើ​ប្រតិបត្តិការ​ស៊ើបការណ៍​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ក្នុង​តំប​ន់​ ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​ក្នុង​តំបន់​។​


ខេត្ត​ Khyber Pakhtunkhwa​ ជួប​ប្រទះ​នឹង​ការ​កើន​ឡើង​នៃ​​ការ​វាយ​ប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​។ ​​កាល​ពី​ខែ​មករា​ដើម​​ឆ្នាំ​នេះ​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១០១​ នាក់​ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ប៉ូលីស ត្រូវ​បាន​សម្លាប់​ ​ ​នៅ​ពេល​ភេរវករ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតម្នាក់​ ​ដែល​បន្លំ​ខ្លួន​ជា​ប៉ូលិស​ បាន​វាយ​ប្រហារ​វិហារ​អ៊ិស្លាម​មួយ​កន្លែង​នា​ភាគពាយព្យ​នៃ​ទី​ក្រុង​ Peshawar​៕